ម្ចាស់ហាង Carino ប្រាប់មូលហេតុរកស៊ីខាត២ឆ្នាំ​ សុំខ្ចីលុយម្ចាស់បំណុលដើម គេព្រមឲ្យខ្ចីថែមទៀត

0
584

(ភ្នំពេញ)៖ ម្ចាស់ហាងលក់សម្លៀកបំពាក់ ការីណូ (Carino) ចាប់ផ្តើមរកស៊ីតាមក្តីស្រមៃក្នុងនាមគាត់ជាអ្នកដែលចូលចិត្ត និងស្រឡាញ់ខ្លាំងបំផុតលើជំនាញឌីសាញ ធ្លាប់ខាតក្នុងអាជីវកម្មនេះជិត២ឆ្នាំ តស៊ូទើបឡើងវិញយ៉ាងលំបាក ជោគជ័យទាំងទឹកភ្នែក។

អ្នកនាង ទឹម លក្ខិណា ម្ចាស់ហាងខាងលើបានបង្ហើបឲ្យដឹងថា៖ អាជីវកម្មរបស់អ្នកនាងដំណើរការមកទល់នឹងពេលបច្ចុប្បន្ននេះប្រមាណជាង៨ឆ្នាំហើយ ឆ្លងកាត់ព្យុះភ្លៀង រឿងទឹកភ្នែកបាក់ទឹកចិត្តមិនតិចឡើយ ពិសេសនៅអំឡុងឆ្នាំ២០១៤ និង២០១៥តែម្តង ខណៈពេលដែលហាងរបស់អ្នកនាងចាប់ផ្តើមប្រកាសលក់តែផលិតផលឌីសាញដោយកូនខ្មែរ ផលិតនៅក្នុងស្រុក ដែលខ្លួនគាត់ជាអ្នកជំនាញឌីសាញស្រាប់ ដែលនៅក្នុងរយៈពេលប្រមាណជិត២ឆ្នាំនោះការលក់របស់ហាងអ្នកនាងបានធ្លាក់ចំណុចក្បែរសូន្យ។

អ្នកនាង ទឹម លក្ខិណាក្រោយពេលរៀបការ ក៏សម្រេចចិត្តបើកហាងលក់សម្លៀកបំពាក់នាំចូលពីក្រៅប្រទេសនៅអំឡុងឆ្នាំ២០១០ ដោយបានទុនពីចំណងដៃរៀបការ និងទុនខ្ចីបងប្អូនមួយចំនួន ពិសេសមីងដែលជាម្ចាស់បំណុល និងជាមនុស្សដែលជួយជ្រុំជ្រែងពួកគាត់ខ្លាំងបំផុតនោះតែម្តង។


ស្របពេលដែលហាងលក់សម្លៀកបំពាក់មួយនេះខាតរាល់ខែ ដោយសារតែគ្មានអ្នកគាំទ្រ និងលើកតម្កើងស្នាដៃផលិត និងឌីសាញក្នុងស្រុកដោយដៃកូនខ្មែរ ហើយដោយសារតែភ្ញៀវភាគច្រើនរអ៊ូរឿងសម្លៀកបំពាក់មានម៉ូតតិចពេក ធ្វើឲ្យអាជីវកម្មប្រឈរមុខនឹងបញ្ហាហិរញ្ញវត្ថុត្រូវបង្ខំចិត្តទៅខ្ចីលុយម្ចាស់បំណុលដែលជាមីងរបស់ខ្លួនបន្ថែមទៀត ទាំងដែលបំណុលចាស់មិនទាន់បានសងនៅឡើយផង។

អ្នកនាង ទឹម លក្ខិណា បានបង្ហើបឲ្យដឹងថា៖ ដំបូងឡើយ អ្នកនាង និងស្វាមីបានព្យាយាមនិយាយជាមួយនឹងមីងដែលជាម្ចាស់បំណុល អង្វរសុំប្រាក់កម្ចីបន្ថែម ប៉ុន្តែគាត់ប្រកែកមិនព្រមឲ្យ ព្រោះតែបំណុលចាស់ដែលខ្ចីមានរយៈពេលជាង២ឆ្នាំ មិនទាន់នឹងបានសងគាត់វិញខ្លះផង។ គាត់បញ្ជាក់ថា វារឿងដ៏លំបាកបំផុតដែលយើងត្រូវទៅខ្ចីលុយគេបន្ថែម ទាំងបំណុលចាស់មិនទាន់សងរួច។

អ្នកនាងបន្តថា៖ ដោយនឹកមិនអស់ចិត្ត និងដោយក្តីមេត្តាផងនោះ មីងរបស់គាត់ក៏សម្រេចចិត្តទៅដល់ហាងរបស់គាត់ផ្ទាល់ ឃើញទិដ្ឋភាពជាក់ស្តែង និងការប្រឹងប្រែងធ្វើការមិនហ៊ានសម្រាក់របស់អ្នកនាង និងស្វាមី ទើបគាត់សម្រេចចិត្តផ្តល់ប្រាក់កម្ចីឲ្យបន្ថែមទៀតដោយគ្មានការប្រាក់ ហើយថែមទាំងផ្តល់ការលើកទឹកចិត្តយ៉ាងខ្ពស់ដល់ការប្រឹងប្រែងរបស់ពួកគាត់ថែមទៀតផង។

ដោយការតាំងចិត្ត ភាពស្មោះត្រង់ និងសេចក្តីព្យាយាមខិតខំធ្វើការយ៉ាងខ្លាំង អ្នកនាង និងស្វាមីអាចទទួលប្រាក់កម្ចីបន្ថែម បង្កើនក្រុមកាត់ដេរ និងបង្កើតយុទ្ធសាស្ត្រទីផ្សារថ្មីតាមប្រព័ន្ធអនឡាញ ទើបចាប់ផ្តើមមានគេស្គាល់ មានគេពេញចិត្ត និងទុកចិត្ត ធ្វើឲ្យអាជីវកម្មមួយនេះអាចងើបឈរឡើងវិញបាន ពង្រីកក្រុមការងារពីបុគ្គលិក៥នាក់ ឡើងដល់១២នាក់ និងមានប្រាក់ចំណូលអាចទប់ទល់នឹងការចំណាយផ្សេងៗបាន។

អ្នកនាង ទឹម លក្ខិណា បាននិយាយទាំងមុខស្រពោនថា៖ នៅខែដែលគាត់ប្រថុយចុងក្រោយនោះ គឺជាខែចុងក្រោយហើយ ដែលអាជីវកម្មរបស់គាត់គ្មានប្រាក់បើកឲ្យបុគ្គលិក ព្រមទាំងគ្មានលទ្ធិភាពទប់ទល់នឹងការខាតបន្តទៀតឡើយ ប៉ុន្តែជាលទ្ធផលនៃការជ​ន្នៈមិនចុះចាញ់របស់គាត់ រួមទាំងស្វាមី បែរជាហុចផ្លែផ្កាស្ទើរតែមិនគួរឲ្យជឿ ដែលធ្វើឲ្យអ្នកនាង ស្វាមី និងបុគ្គលិកសប្បាយចិត្តស្ទើរតែស្រក់ទឹកភ្នែក៕

 

ហាងលក់សម្លៀកបំពាក់រចនាម៉ូត និងកាត់ដេរដោយខ្មែរពិតៗ មាននៅ Carino

Facebook Page: Carino

លេខទំនាក់ទំនង៖ 081 766 015

 

អត្ថបទដោយ៖ ម៉េង សុងហោរ

សហស្ថាបនិក ផ្សារខ្មែរ

អ្នកនិពន្ធសៀវភៅ “ត្រៀមចេញរកស៊ីឲ្យចំគោលដៅ”

LEAVE A REPLY

Please enter your comment!
Please enter your name here