ប្រើ Facebook រាល់ថ្ងៃមានឆ្ងល់ទេ ហេតុអ្វីវាពូកែចាំមុខអ្នកម្លេះ ទោះថតនៅកន្លែងណាក៏វាស្គាល់យើងដែរ

0
881

លេង Facebook រាល់ថ្ងៃ ឲ្យតែបង្ហោះរូបម្តងៗវាប្រាកដជាបង្ហាញឈ្មោះអ្នកដែរថតជាមួយយើង ហើយសួរយើងថាចង់ Tag ឲ្យគេទេ ហើយឥឡូវនេះ Facebook កាន់តែពូកែជាងមុនទៀត ទោះបីអ្នកមិនមែនជា Friend នៅលើ Facebook ជាមួយគ្នាក៏ដោយ ឲ្យតែថតជាមួយគ្នាហើយបង្ហោះចូល Facebook វាប្រាកដជាស្គាល់ថាអ្នកជាអ្នកណា គេជាអ្នកណា ហើយបង្ហាញឈ្មោះគណនីរបស់គេឲ្យអ្នកបានឃើញជាមិនខាន ។

ការពិតទៅរឿងដែល Facebook ពូកែចំណាំមុខអ្នកនេះ វាក៏មិនខុសអីពីអ្នកពូកែចំណាំមុខបងប្អូន មិត្តភក្តិ ឬគ្រួសារអ្នកទេ វាបានយកគម្រូមកវិភាគដូចគ្នា គ្រាន់តែបច្ចេកវិទ្យានេះដំណើរដោយកូដ ឬហៅថា Deep Learning ។

Facebook មិនបានបង្ហាញជាសាធារណៈថាតើគេអភិវឌ្ឍន៍កម្មវិធីនេះដោយប្រើប្រាស់បច្ចេកទេសយ៉ាងណាខ្លះទេ ប៉ុន្តែរាល់បច្ចេកវិទ្យា face recognition ទាំងអស់ប្រាកដជាដើរតាមជំហានខាងក្រោមនេះ ។ ហើយបច្ចេកវិទ្យានេះអាចធ្វើទៅបាន ដោយសាររូបថតរបស់អ្នកទាំងអស់គ្នាត្រូវបានរក្សាទុកនៅក្នុងកន្លែងផ្ទុកទិន្នន័យឬ Database របស់ Facebook ជាច្រើនរួចមកហើយ ។


ជំហានដំបូងគឺ អ្នកបានថតរូបឬវីដេអូ រួចបង្ហោះចូលទៅក្នុង Facebook បន្ទាប់មកខួរក្បាល Deep Learning នឹងចាប់យកអ្នកណាដែលលេចមុខជាងគេ ឬអ្នកណាដែលសម្លឹងត្រង់មករកកាមេរ៉ា នេះមានន័យថាបើអ្នកជាមនុស្សដែលលេចមុខច្រើនជាងគេនៅលើ Facebook នោះវានឹងចំណាំមុខអ្នកច្រើនជាងគេ ។

បន្ទាប់មក Facial recognition software នឹងវិភាគទម្រង់ធរណីមាត្រនៅលើមុខរបស់អ្នក រួមមានគម្លាតចម្ងាយពីភ្នែករបស់អ្នកទាំងពីរ ចម្ងាយពីថ្ងាសទៅចង្ការ ហើយ software នឹងកត់ចំណាំចំណុចសម្គាល់តូចៗលើមុខរបស់អ្នក ដែលជាទូទៅវាអាចកត់ចំណាំ ៦៨ ចំណុចលើមុខរបស់អ្នក ជាលទ្ធផលចុងក្រោយមុខរបស់អ្នកត្រូវបានកត់ទុកក្នុង Database ។

នៅពេលអ្នកបង្ហោះរូបចូលលើក្រោយទៀត software នឹងប្រើរូបមន្តធរណីមាត្រដើម្បីគណនាផ្ទៃមុខរបស់អ្នក ដើម្បីផ្ទៀតផ្ទាត់ជាមួយលទ្ធផលចាស់ដែលវាបានកត់ទុក ។ នេះជាអ្វីដែលបច្ចេកវិទ្យា Facial recognition ដំណើរការ ហើយមិនមែនតែនៅលើ Facebook ទេ នៅលើមុខងារដោះសោដោយប្រើមុខលើស្មាតហ្វូនក៏ដំណើរការដូចគ្នានេះដែរ ។

ប៉ុន្តែគួរបញ្ជាក់ថា ផលវិបាករបស់វាមួយគឺនៅថ្ងៃអនាគតទៅ មុខរបស់អ្នកនឹងក្លាយជាអ្នកបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទាំងអស់ ថ្ងៃណាមួយ គ្រាន់តែយករូបអ្នកមួយសន្លឹក Search ក្នុងអ៊ីនធឺណេតប្រាកដជាបែកធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមិនខាន ហើយវាក៏ត្រូវបានគេអនុវត្តន៍រួចមកហើយ ខណៈដែល FBI អាមេរិកបានយកមុខយុវវ័យ ៤១២ លានអ្នកទៅតាមដានព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here