ម្ចាស់ហាងលក់សម្លៀកបំពាក់ Carino រកស៊ីខាតជិត២ឆ្នាំ​ អាជីវកម្មងើបឡើងវិញទាំងទឹកភ្នែក

0
1377

(ភ្នំពេញ)៖ ម្ចាស់ហាងលក់សម្លៀកបំពាក់ ការីណូ (Carino) ចាប់ផ្តើមរកស៊ីតាមក្តីស្រមៃក្នុងនាមគាត់ជាអ្នកដែលចូលចិត្ត និងស្រឡាញ់ខ្លាំងបំផុតលើជំនាញឌីសាញ ធ្លាប់ខាតក្នុងអាជីវកម្មនេះជិត២ឆ្នាំ តស៊ូទើបឡើងវិញយ៉ាងលំបាក ជោគជ័យទាំងទឹកភ្នែក។

អ្នកនាង ទឹម លក្ខិណា ម្ចាស់ហាងមាឌល្អិតរូបនេះបានបង្ហើបឲ្យដឹងថា៖ អ្នកនាងបានចាប់យកជំនាញសិក្សាគណនេយ្យនៅសកលវិទ្យាល័យមួយ រៀនបានត្រឹមតែឆ្នាំទី២ ក៏សម្រេចចិត្តឈប់ព្រោះតែខ្លួនមិនសូវចូលចិត្ត និងធុញទ្រាន់ចំពោះការសិក្សាជំនាញមួយនេះ ដោយងាកទៅចាប់យកជំនាញដែលខ្លួនចូលចិត្តតាំងពីក្មេងគឺជំនាញឌីសាញ។

ប៉ុន្តែដោយសារតែគ្មានបទពិសោធន៍ និងចំណេះដឹងស៊ីជម្រៅទាក់ទងនឹងការងារឌីសាញនេះ គាត់បានព្យាយាមស្វះស្វែងរកការសិក្សានៅគ្រប់ឱកាសដែលអាចរកបាន ទាំងគ្រួសារមិនពេញចិត្ត ជំទាស់នឹងគំនិតចាប់យកជំនាញដែលពួកគាត់យល់ថាគ្មានអនាគត បានត្រឹមតែជាជាងដេតាមផ្សារមួយនេះ។


ផ្ទុយពីការគិតរបស់គ្រួសារ អ្នកនាង ទឹម លក្ខិណាក្រោយពេលរៀបការ ក៏សម្រេចចិត្តបើកហាងលក់សម្លៀកបំពាក់នាំចូលពីក្រៅប្រទេសនៅអំឡុងឆ្នាំ២០១០ ដោយបានទុនពីចំណងដៃរៀបការ និងទុនខ្ចីបងប្អូនមួយចំនួន។ ដំណើរការបាន៣ឆ្នាំ ដោយខ្លួនឯងក៏មានជំនាញឌីសាញ និងអាចបង្កើតម៉ូតសម្លៀកបំពាក់ និងកាត់សម្លៀកបំពាក់ដោយខ្លួនឯងបាន ព្រមទាំងចង់ចូលរួមលើកស្ទួយផលិតផលដែលផលិតដោយខ្លួនឯងក្នុងនាមជាកូនខ្មែរមួយរូប និងដើម្បីបើកឱកាសដល់ប្រជាជនខ្មែរមានការងារធ្វើផងនោះ ពិសេសស្ត្រីកម្ពុជា អ្នកនាងក៏សម្រេចចិត្តចាប់ផ្តើមលក់ផលិតផលរបស់ខ្លួនសាកល្បងតេស្តមើលទីផ្សារប្រមាណជាង១ឆ្នាំ លាយឡំនឹងផលិតផលនាំចូល។

ក្រោយធ្វើតេស្តសាកល្បង ឃើញលទ្ធផលល្អគួរសម គាត់ក៏សម្រេចប្រកាសបង្ហាញពីផលិតផលឌីសាញដោយខ្លួនឯង និងឈប់ទទួលនាំចូលផលិតផល២បរទេស។ បន្ទាប់ពីពេលបើកដំណើរការ និងប្រកាសលក់ផលិតផលដែលបង្កើតឡើង រចនាម៉ូតដោយកូនខ្មែរ អស់ពេលជិត២ឆ្នាំ ហាងលក់សម្លៀកបំពាក់មួយនេះខាតរាល់ខែ ដោយសារតែគ្មានអ្នកគាំទ្រ ហើយដោយសារតែភ្ញៀវភាគច្រើនរអ៊ូរឿងសម្លៀកបំពាក់មានម៉ូតតិចពេក ធ្វើឲ្យអាជីវកម្មប្រឈរមុខនឹងបញ្ហាហិរញ្ញវត្ថុត្រូវបង្ខំចិត្តទៅខ្ចីលុយម្ចាស់បំណុលដែលជាមីញរបស់ខ្លួនបន្ថែមទៀត ទាំងដែលបំណុលចាស់មិនទាន់បានសងរួចនៅឡើយ។

ដោយការតាំងចិត្ត និងព្យាយាមខិតខំធ្វើយ៉ាងខ្លាំង អ្នកនាង និងស្វាមីអាចទទួលប្រាក់កម្ចីបន្ថែម បង្កើនក្រុមកាត់ដេរ និងបង្កើតយុទ្ធសាស្ត្រទីផ្សារថ្មីតាមប្រព័ន្ធអនឡាញ ទើបចាប់ផ្តើមមានគេស្គាល់ មានគេពេញចិត្ត និងទុកចិត្ត ធ្វើឲ្យអាជីវកម្មមួយនេះអាចងើបឈរឡើងវិញបាន ពង្រីកក្រុមការងារពីបុគ្គលិក៥នាក់ ឡើងដល់១២នាក់ និងមានប្រាក់ចំណូលអាចទប់ទល់នឹងការចំណាយផ្សេងៗបាន។

អ្នកនាង ទឹម លក្ខិណា បាននិយាយទាំងមុខស្រពោនថា៖ នៅខែដែលគាត់ប្រថុយចុងក្រោយនោះ គឺជាខែចុងក្រោយហើយ ដែលអាជីវកម្មរបស់គាត់គ្មានប្រាក់បើកឲ្យបុគ្គលិក ព្រមទាំងគ្មានលទ្ធិភាពទប់ទល់នឹងការខាតបន្តទៀតឡើយ ប៉ុន្តែជាលទ្ធផលនៃការជ​ន្នៈមិនចុះចាញ់របស់គាត់ រួមទាំងស្វាមី បែរជាហុចផ្លែផ្កាស្ទើរតែមិនគួរឲ្យជឿ ដែលធ្វើឲ្យអ្នកនាង ស្វាមី និងបុគ្គលិកសប្បាយចិត្តស្ទើរតែស្រក់ទឹកភ្នែក៕

ហាងលក់សម្លៀកបំពាក់រចនាម៉ូត និងកាត់ដេរដោយខ្មែរពិតៗ មាននៅ Carino

Facebook Page: Carino

លេខទំនាក់ទំនង៖ 081 766 015

 

អត្ថបទដោយ៖ ម៉េង សុងហោរ

សហស្ថាបនិក “ផ្សារខ្មែរ”

អ្នកនិពន្ធសៀវភៅ “ត្រៀមចេញរកស៊ីឲ្យចំគោលដៅ”

LEAVE A REPLY

Please enter your comment!
Please enter your name here