តើជិះយន្តហោះតម្លៃទាប ​​នឹងធ្វើឲ្យអ្នកមានសុវត្ថិភាពទាបដែរទេ ក្នុងការធ្វើដំណើរ?

0
6326

កន្លងមកនេះ​ មានគ្រោះថ្នាក់ធ្លាក់និងបាត់យន្តហោះ​ជាបន្តបន្ទាប់​ដែលបណ្តាលឲ្យ​មនុស្សរាប់រយនាក់បានបាត់បង់ជីវិត។ ​ជាការសង្កេតឃើញទូទៅ​ យន្តហោះ​ដែលគ្រោះថ្នាក់ច្រើនជាងគេ​ជាយន្តហោះដែលលក់សំបុត្រក្នុងតម្លៃទាប។​តើការជិះយន្តហោះតម្លៃទាប​ នឹងធ្វើឲ្យលោកអ្នកមានសុវត្ថិភាពទាបដែរទេ​នៅក្នុងការធ្វើដំណើរ?

ចំលើយយ៉ាងខ្លីគឺ មិនដូចនេះទេ ​នេះបើតាមការបកស្រាយ​របស់​មន្រ្តី​រដ្ឋបាល​អាកាសចរណ៍សុីវិល​របស់សហរដ្ឋអាមេរិច។​ ស្ថាប័ន​មួយនេះបានពន្យល់ថា​​រាល់យន្តហោះទាំងអស់​ ទាំងយន្តហោះតម្លៃថ្លៃ ​និងយន្តហោះ​តម្លៃទាប ​សុទ្ធតែ​ត្រូវ​​គោរពតាមស្តង់ដារសុវត្ថិភាពដូចគ្នាមួយ​របស់អាកាសចរណ៍សុីវិល​របស់រដ្ឋមួយៗ។

បើតាមអ្នកនាំពាក្យ​របស់ស្ថាប័នខាងលើគឺលោក Les Dorr ​បានពន្យល់បន្ថែមថា​យន្តហោះតម្លៃទាប ​គេអាចកាត់បន្ថយ​នូវសេវាកម្មផ្សេងៗ នៅលើយន្តហោះ​ដូចជា​ជូន​អាហារដោយឥតគិតថ្លៃ​ ការផ្តល់ទូរទស្សន៍​ឬ កន្លែងអង្គុយប្រកបដោយផាសុខភាពជាដើម។​ គេអាចកាត់បន្ថយគុណភាពសេវាកម្ម​ទាំងនេះ ​ដើម្បីឲ្យតម្លៃសំបុត្រ​របស់ពួកគាត់​ធ្លាក់ចុះនៅទាបបំផុត ​តែយ៉ាងណា​ពួកគេមិនអាចកាត់បន្ថយស្តង់ដារសុវត្ថិភាព​នោះទេ។


ទោះយ៉ាងនេះក្តី ​ក៏អាចនឹងមានដែរ​ក្រុមហ៊ុន​យន្តហោះមួយចំនួន​ដែល​លួចកាត់បន្ថយចំណាយ​លើការថែទាំ ​និង​ការពិនិត្យ​បច្ចេកទេស ​ជាប្រចាំ​តាមស្តង់ដារ​ដែលបានតម្រូវ​ ដែលនេះអាចនឹងបណ្តាលឲ្យងាយជួបនឹងការគ្រោះថ្នាក់។​លោកអ្នកគួរព្យាយាម​ស្វែងយល់ពីប្រវត្តិរបស់ក្រុមហ៊ុន​ទាំងនោះផងទើបជាការប្រសើរ។

គួរបញ្ជាក់ថា​ ទោះថ្មីៗនេះ ​មានករណីធ្លាក់យន្តហោះ​កើតទ្បើងជាបន្តបន្ទាប់ក្តី​ បើតាម​សមាគមន៍អាកាសចរណ៍អន្តរជាតិវិញ បានបង្ហាញ​ថាតាមពិត​ការធ្វើដំណើរ​តាមយន្តហោះ​មានសុវត្ថិភាពប្រសើរជាងពេលណាៗទាំងអស់​ ទោះ​វត្តមាន​យន្តហោះ​តម្លៃទាប​មានការកើនទ្បើងច្រើនក៏ដោយ៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់នៅចុងខែវិច្ឆកា
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here