កំពូលតារាសម្តែងឥណ្ឌា Shahrukh Khan ប្រាប់ថាកុំខ្លាច៣ចំណុចនេះ បើអ្នកចង់ជោគជ័យ

0
1608

លោក Shahrukh Khan គឺជាតារាសម្តែង និងជាអ្នកដឹកនាំរឿងដ៏ល្បីបំផុតរបស់ឥណ្ឌាដែលរកចំណូលបានច្រើនជាងគេ មានទ្រព្យប្រមាណជិត១ពាន់លានដុល្លារអាមេរិក ធ្លាប់ធ្វើការជាអ្នកបម្រើភ្ញៀវរកកន្លែងអង្គុយក្នុងរោងភាពយន្ត និងធ្លាប់ធ្វើជាអ្នកលក់សំបុត្រកុនដ៏កំសត់ថែមទៀតផង។

Shahrukh Khan កើតនៅក្នុងឆ្នាំ ១៩៦៥ ក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា។ ស្ថិតនៅក្នុងវ័យកុមារភាព Shahrukh Khan រស់នៅក្នុងផ្ទះជួលជាមួយឪពុកម្តាយ ក្នុងជីវភាពរៀងយ៉ាប់យឺនបន្តិច។

Shahrukh Khan គឺជាក្មេងរៀនពូកែ និងចូលចិត្តលេងកីឡាទាត់បាល់ និងបាល់បោះ ប៉ុន្តែចំណង់ចំណូលចិត្តនេះបានផ្លាស់ប្តូរនៅពេលដែលគេរៀនថ្នាក់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ចនៅសកលវិទ្យាល័យ ហើយដោយការជាប់ចិត្តនឹងការសម្តែង Shahrukh Khan បានសម្រេចចិត្តបោះបង់ការសិក្សាថ្នាក់អនុបណ្ឌិតរបស់ខ្លួននៅពាក់កណ្តាលទី។


ខណៈពេលដែលគេចូលរៀនថ្នាក់ Drama ដើម្បីត្រៀមខ្លួនចាប់ផ្តើមអាជីពជាតារាសម្តែង រឿងដ៏សោកសៅក៏ចាប់ផ្តើមឡើងដូចគ្នាដែរ ឳពុករបស់ Shahrukh Khan បានស្លាប់ដោយសារជំងឺមហារីក ពីរឆ្នាំក្រោយមកម្តាយរបស់គេក៏ស្លាប់ចោលទៀត។

Shahrukh Khan ក្លាយជាកូនកំព្រា គ្មានកន្លែងស្នាក់នៅ គ្មានលុយកាក់ជាប់ខ្លួន ក៏សុខចិត្តទៅធ្វើការជាអ្នកជូនភ្ញៀវរកកន្លែងអង្គុយនៅក្នុងរោងភាពយន្ត ដោយទទួលបានប្រាក់តែ ៥០រូពី ប៉ុណ្ណោះ រហូតដល់ឆ្នាំ ១៩៨៨ Shahrukh Khan ទទួលបានឱកាសសម្តែងជាលើកដំបូង ជាតួអង្គបន្ទាប់បន្សំដ៏តូចតាចមួយប៉ុណ្ណោះ និងបន្តសម្តែងរឿងផ្សេងៗទៀត ដោយទទួលបានប្រាក់តែ​២៥,០០០រូពី ប៉ុណ្ណោះ។

ស្របពេលជាមួយគ្នា Shahrukh Khan ក៏បានធ្វើការជាអ្នកលក់សំបុត្រកុនរឿងដែលខ្លួនឯងបានសម្តែងថែមទៀតផង។ នៅឆ្នាំ ១៩៩៣ ក្រោយការតស៊ូអស់ពេលប្រមាណ ៥ឆ្នាំ Shahrukh Khan ចាប់ផ្តើមទទួលបានការគាំទ្រ និងមានកេរ្តិ៍ឈ្មោះល្បីបន្តិចម្តងៗ រហូតអាចក្លាយខ្លួនជាតារាសម្តែងដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅក្នុងប្រទេសឥណ្ឌា។

Shahrukh Khan បានមានប្រសាសន៍ថា៖ “កុំខ្លាចក្នុងការបរាជ័យ កុំខ្លាចក្នុងការបន្តដំណើរទៅមុខម្នាក់ឯង កុំខ្លាចត្រូវអត់ឃ្លានព្រោះតែអ្នកមិនទាន់ជោគជ័យ។ ភាពជោគជ័យត្រូវការពេល ត្រូវការឲ្យអ្នករៀនហាត់ពត់លត់ដុំខ្លួនឯង ហ៊ានប្រឈរមុខនឹងបញ្ហា ហ៊ានទទួលយកការបរាជ័យច្រើនលើកច្រើនសារ ទម្រាំអ្នកអាចដើរដល់ទីបំផុត”

ក្នុងជីវិតរបស់លោក លោកបានឆ្លងកាត់ការឈឺចាប់រាប់មិនអស់ កើតក្នុងគ្រួសារក្រីក្រ ឃើញឪពុកម្តាយបរាជ័យក្នុងជីវិតទាំងពីរនាក់ រស់នៅយ៉ាងលំបាក ហើយខ្លួនលោកផ្ទាល់ក៏ធ្លាប់បរាជ័យជាច្រើន ខំធ្វើការយ៉ាងពេញទំហឹងផង អភិវឌ្ឍន៍ខ្លួនផង ១០ឆ្នាំក្រោយការប្រឹងប្រែង លោកបានក្លាយជាកំពូលតារាម្នាក់នៅឥណ្ឌា ខណៈអ្នកធ្វើការដូចគ្នាកាលពីមុន អ្នករៀនជាមួយគ្នាដែលចូលចិត្តសប្បាយ ចូលចំណាយពេលឥតប្រយោជន៍ នៅតែធ្វើការងារឲ្យគេ រកជោគជ័យក្នុងជីវិតមិនទាន់ឃើញ ដើរចូលគន្លងឪពុកម្តាយរបស់លោក។

បច្ចុប្បន្ន Shahrukh Khan ត្រូវបានគេឲ្យឈ្មោះថា King Khan ដែលជាតារាដ៏ល្បី និងមានបំផុតនៅក្នុង Bollywood ៕

“ជោគជ័យ ឫ បរាជ័យគ្រាន់តែជាផ្នែកមួយនៃជីវិតអ្នកប៉ុណ្ណោះ វាមិនឋិតឋេររហូតទេ”

 

អត្ថបទដោយ៖ Jimmy

 

LEAVE A REPLY

Please enter your comment!
Please enter your name here