កម្ពុជានឹងចំណាយ៧០លានដុល្លារ លើគម្រោងកែលម្អផ្លូវជាតិលេខ១ និងលេខ៦ ឲ្យមានស្តង់ដារ

0
604

ប្រទេសកម្ពុជាត្រៀមលុយ ៧០លានដុល្លារ សម្រាប់គម្រោងកែលម្អ និងលើកកម្រិតបណ្តាញផ្លូវជាតិលេខ១ អ្នកលឿង-បាវិត និងផ្លូវជាតិលេខ៦ចាប់ពីក្រុងសៀមរាប-ក្រឡាញ់ សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ។

ប្រទេសកម្ពុជាបានទទួលប្រាក់កម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីលេខ. ៣៥៧៦-CAM (COL) ចំនួន ៧០លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងកែលម្អ និងលើកកម្រិតបណ្ដាញផ្លូវជាតិលេខ១ ពីគីឡូម៉ែត្រ០៦៣+៣០០ ដល់គីឡូម៉ែត្រ ១៥៩+០០០ (អ្នកលឿង-បាវិត) និងផ្លូវជាតិលេខ ៦ ពីគីឡូម៉ែត្រ ៣១៧+៦៣០ ដល់គីឡូម៉ែត្រ ៣៦៧-៥១២ (ក្រុងសៀមរាប-ក្រឡាញ់) មានប្រវែងសរុប ១៤៥,៥៨ គីឡូម៉ែត្រ ពីកម្រាលកៅស៊ូ DBST ទៅកម្រាលកៅស៊ូ AC ព្រមទាំងដាក់លូសងខាងផ្លូវដើម្បីរំដោះទឹកភ្លៀងផងដែរ។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨  ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជា អធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International (KCI) សម្រាប់ការងារត្រួតពិនិត្យ និងគាំទ្រការអនុវត្តគម្រោង ដែលមានតម្លៃទឹកប្រាក់សរុបប្រមាណ ៣ ៣១៧ ៦៤០ ដុល្លារសហរដ្ឋ អាមេរិក ដែលក្នុងនោះ៖ ក្រុមហ៊ុន KCI ទទួលបានទឹកប្រាក់ចំនួន២ ៨៨៤ ៩០៤ ដុល្លារសហរដ្ឋ អាមេរិក។


ហើយគម្រោងនេះ គ្រោងចំណាយពេល៥៤ខែ ពោលគឺ រយៈពេលសាងសង់ ១៨ខែ និងថែទាំរយៈពេល៣៦ខែ ដោយចាប់ផ្ដើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៣៕

Real Estate Editor Tell: 0966 990 366 អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here