ចិនគ្រោងបោះទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ទៀតនៅខេត្តកំពត

0
1821

ក្រុមហ៊ុនចិនថ្មីមួយទៀតកំពុងត្រៀមបោះទុនវិនិយោគបង្កើតំបន់សេដ្ឋកិច្ចពិសេសថ្មី១ទៀត នៅខេត្តកំពតដែលជាតំបន់មានសក្តានុពលខ្លាំង បន្ទាប់ពីខេត្តព្រះសីហនុ។ ដែលតំបន់សេដ្ឋកិច្ចពិសេសនេះ គេរំពឹងថា នឹងប្រមូលផ្តុំទៅដោយរោងចក្រឧស្សាហកម្ម សហគ្រាសច្រើនវិស័យ។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នេះឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំប្រតិភូវិនិយោគិនចិន ក្រុមហ៊ុន Shanghia Hongyuan Investment Co.,Ltd ធ្វើដំណើរទស្សន:កិច្ចនៅរោងចក្រផលិតស៊ីម៉ង់តិ៍ចក្រីទីង និងកំពង់ផែសមុទ្រមួយចំនួន ដើម្បីពិនិត្យ និងធ្វើជាបទពិសោធន៍ ក្នុងការរៀបចំគម្រោងបោះទុនវិនិយោគផ្សេងៗទៀតនៅក្នុងខេត្តកំពត ក៏ដូចជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

ខេត្តកំពតត្រូវបានគេចាត់ទុកថា ជាតំបន់សក្តានុពលថ្មី កំពុងទាក់ទាញវិនិយោគិនបរទេស និងក្នុងស្រុកមកបណ្តាក់ទុនវិនិយោគកាន់តែច្រើនឡើងៗ បន្ទាប់ខេត្តព្រះសីហនុដែលកំពុងទទួលការវិនិយោគពីសំណាក់បរទេសយ៉ាងកំហុគ ជាពិសេសវិនិយោគិនចិនតែម្តង។


ការបោះទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ នឹងជួយជំរុញការអភិវឌ្ឍខេត្តកំពតឱ្យក្លាយជាតំបន់ឧស្សាហកម្មចម្រុះ។ ហើយខេត្តកំពតចាប់ផ្តើមមានសន្ទុះអភិវឌ្ឍន៍ខ្លាំងបន្តិចៗម្តង ក្រោយពីមានគម្រោងអភិវឌ្ឍន៍ធំៗបានបោះទុនវិនិយោគ មិនចាញ់ខេត្តព្រះសីហនុដែលមានការអភិវឌ្ឍន៍ច្រើនពីសំណាក់អ្នកវិនិយោគិនបរទេស ដែលភាគច្រើនជាជនជាតិចិន។ ខេត្តជាប់មាត់ឆ្នេរសមុទ្រមួយនេះ ជាតំបន់ថ្មីនៃទិសដៅអភិវឌ្ឍន៍ និងត្រូវបានអ្នកអភិវឌ្ឍន៍មួយចំនួនសម្លឹងមើលឱកាសក្នុងការបោះទុនវិនិយោគ។

សូមបញ្ជាក់ថា ខេត្តកំពតមានគម្រោងធំៗ៣ ដែលអាចប្រែក្លាយខេត្តនេះ ទៅជាតំបន់អភិវឌ្ឍថ្មី មាន៖ គម្រោងសាងសង់កំពង់ផែទឹកជ្រៅមួយនៅខេត្តកំពត របស់លោកឧកញ៉ាទ្រី ភាព និងក្រុមហ៊ុនចិន។ គម្រោងទី២វិនិយោគតម្លៃ ២៣,២ពាន់លាន$ (French Riviera) ក្រុមហ៊ុនអភិវឌ្ឍន៍ក្រុមហ៊ុន Pallas Group ធ្លាប់លើកឡើងថាគម្រោង  French Riviera នៅកំពតនឹងផ្តល់ជូននូវសហគមន៍ទេសចរណ៍មាត់សមុទ្រមួយប្រកបដោយសុវត្ថិភាពដែលរួមមាន៖ សណ្ឋាគារ វីឡា អាផាតមេន ឆ្នេរសិប្បនិម្មិតឯកជន ទីលានវាយកូនហ្គោល ឧទ្យានកម្សាន្ត និង ផ្សារទំនើបរួមជាមួយសេវាកម្មផ្សេងៗជាច្រើនទៀត។ និងទី៣ខេត្តកំពតទើបបានចាប់ផ្តើមបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយ ដើម្បីស្រូបភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានកាន់តែច្រើនជាងមុន ជាពិសេសរួមចំណែកអភិវឌ្ឍន៍ខេត្តឆ្នេរមួយនេះទៅជាតំបន់មានសក្តានុពលខ្លាំងផងដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: vuthea.bus[email protected],Facebook:Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here