ពេលនេះ Alibaba កំពុងបើកសណ្ឋាគារដំបូងគេដែលប្រើបុគ្គលិកជារ៉ូបូតនៅហាងចូវប្រទេសចិន

0
342

ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់មហាសេដ្ឋី Jack Ma កំពុងដុតដៃដុតជើងក្នុងការកសាងសណ្ឋាគារដែលប្រើបុគ្គលិកជារ៉ូបូត លើទឹកដីហាងចូវប្រទេសចិនដែលជាទឹកដីកំណើតរបស់ Alibaba ។

សណ្ឋាគារនេះមានឈ្មោះថា FlyZoo Hotel ជាសណ្ឋារគារដែលប្រើម៉ាស៊ីននិងរ៉ូបូតជាអ្នកធ្វើការជំនួសមនុស្ស ដូចនេះសណ្ឋាគារនេះនឹងប្រើមនុស្សឲ្យធ្វើការតិចបំផុត ។ មុខងារស្វ័យប្រវត្តិមួយចំនួននឹងត្រូវបំពាក់នៅសណ្ឋាគារនេះដូចជា check-in, ស្កេនមុខដើម្បីដោះសោបើកទ្វាបន្ទប់ , គ្រប់គ្រងសីតុណ្ហភាពនិងភ្លើងដោយប្រើសម្លេង ដែលវានឹងជួយឲ្យភ្ញៀវកាត់បន្ថយភាពស្មុគស្មាញជាច្រើនក្នុងការធ្វើដំណើរដូចជា បាត់សោ ឬពិបាកហៅបុគ្គលិកជាដើម​ ។

ខណៈដែលសណ្ឋាគារនេះប្រើបុគ្គលិកភាគច្រើនជារ៉ូបូត ឧបករណ៍បច្ចេកវិទ្យាទាំងអស់នឹងត្រូវផ្គត់ផ្គង់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Alibaba ហៅថាបច្ចេកវិទ្យា “Tmall Genie” ហើយប្រព័ន្ធ AI នឹងជួយឲ្យភ្ញៀវទិញចំណីអាហារ ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដោយប្រើប្រាស់រ៉ូបូតជាអ្នកដឹកឲ្យដល់បន្ទប់តែម្តង ។


រ៉ូបូតទាំងអស់នឹងដាក់ពង្រាយគ្រប់ទីកន្លែងទាំងអស់នៅពាសពេញសណ្ឋាគារ ហើយវានឹងធ្វើការណែនាំភ្ញៀវតាមរយៈសម្លេងដែលគេថតទុក និងចាំបម្រើភ្ញៀវពេលកំពុងស្នាក់នៅផងដែរ ។

លោក Wang Qun នាយកប្រតិបត្តិ FlyZoo Hotel ឲ្យដឹងថា ប្រព័ន្ធ AI ថ្មីនេះនឹងជួយពង្រឹងការគ្រប់គ្រងនៅក្នុងសណ្ឋាគារកាន់តែប្រសើរ ដោយកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មលើសពីពាក់កណ្តាល ។

សណ្ឋាគារនេះនឹងមានការរចនាបន្ទប់ ៧ ម៉ូឌែលផ្សេងគ្នា ដើម្បីតម្រូវទៅតាមភ្ញៀវមកពីប្រទេសផ្សេងៗ និងផ្តល់បទពិសោធន៍រស់នៅថ្មីដល់ពួកគេ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ប្រភព ៖ ChinaDaily

LEAVE A REPLY

Please enter your comment!
Please enter your name here