World Bank​៖ អាស៊ានសំបូរអាហារគ្មានសុវត្ថិភាព ចាយលុយពាន់លានដុល្លារទៅពេទ្យរាល់ឆ្នាំ

0
562

កាលពីពេលថ្មីៗនេះ ធនាគារពិភពលោកបានបង្ហាញពីរបាយការណ៍បញ្ជាក់ពីបញ្ហាប្រឈមធំជាងគេនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ប្រជាជនមានកម្រិតជីវភាពមធ្យមចុះក្រោម ពិសេសបណ្តាប្រទេសនៅអាស៊ាន ដែលខ្ជះខ្ជាយលុយសរុបប្រមាណ១១០ពាន់លានដុល្លារអាមេរិក ទៅលើតែការផលិតម្ហូបអាហារគ្មានសុវត្ថិភាព និងទៅលើការព្យាបាលជំងឺក្រោយទទួលទានអាហារគ្មានសុវត្ថិភាពទាំងនោះ។

បណ្តាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរចំពោះបញ្ហាខាងលើនេះ ភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ាន និងប្រទេសអាហ្វ្រិច សរុបជាង៧០ភាគរយ នៃផលប៉ះពាល់ពីម្ហូបអាហារគ្មានសុវត្ថិភាពទូទាំងពិភពលោក។

តាមរបាយការណ៍ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា កាលពីឆ្នាំ២០១០ មានមនុស្សរងគ្រោះធ្លាក់ខ្លួនឈឺរហូតដល់ទៅជាង៦០០លាននាក់ និងមានមនុស្សស្លាប់ដោយសារតែកើតមានជំងឺចេញពីការទទួលទានអាហារគ្មានសុវត្ថិភាព គ្មានអនាម័យ មានផ្ទុកសារធាតុគីមីរហូតដល់ទៅជាង៤២ម៉ឺននាក់ឯណោះ ក្នុងនោះអ្នករងគ្រោះខ្លាំងបំផុតគឺកុមារ។


ដើម្បីទប់ស្កាត់បញ្ហានេះ បណ្តាប្រទេសនិមួយៗ ត្រូវចាប់ផ្តើមយកចិត្តទុកដាក់រាប់តាំងពីកសិដ្ឋាន ចំការដាំដុះរហូតដល់ក្លាយជាអាហារនៅក្នុងចាន ត្រូវធ្វើការត្រួតពិនិត្យ លើកទឹកចិត្ត និងកែលម្អពីតិចទៅច្រើន ហើយត្រូវព្យាយាមបង្កើតប្រភពចំណូលដល់ក្រុមផលិត និងប្រជាជន ដើម្បីឲ្យពួកគាត់អាចមានលទ្ធភាពរស់នៅក្នុងជីវភាពសមរម្យនឹងគេ។

តាមរបាយការណ៍ដដែលបញ្ជាក់ថា ក្នុងមួយឆ្នាំ លុយដែលចំណាយចោលលើការផលិតអាហារគ្មានសុវត្ថិភាពនៅទូទាំងពិភពលោកសរុបប្រមាណជាង៩៥ពាន់លានដុល្លារអាមេរិក និងទៅលើការព្យាបាល ប្រមាណ១៥ពាន់លានដុល្លារអាមេរិក៕

 

អត្ថបទដោយ៖ Jimmy

Editor Biz ASEAN

LEAVE A REPLY

Please enter your comment!
Please enter your name here