អ្នកណា មិនទាន់យល់ថា អ្វីទៅជា ”ផ្សារភាគហ៊ុន” តោះ! មកស្វែងយល់ពីវាឲ្យកាន់តែច្បាស់

0
5619

បើយើងនិយាយពីផ្សារភាគហ៊ុន មានប្រជាជនកម្ពុជាតិចតួចណាស់យល់ដឹងព្រោះ ផ្សារភាគហ៊ុននៅកម្ពុជា ដែលគេថាស្គាល់ថា “ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)” ទើបតែបានចាប់កំណើតបាន៧ឆ្នាំប៉ុណ្ណោះ ដែលបានដំណើរការផ្លូវការ កាលពីពាក់កណ្ដាលឆ្នាំ ២០១១កន្លងទៅនេះ។

ផ្សារភាគហ៊ុន ​(Stock Exchange)​ គឹជាកន្លែងសម្រាប់ឲ្យវិនិយោគិនធ្វើការទិញនិងលក់ភាគហ៊ុននៃក្រុមហ៊ុនណាមួយដែលបានចុះបញ្ជីក្នុងផ្សារភាគហ៊ុន។

បើនិយាយពី​ ភាគហ៊ុន វិញគឺជាចំណែកនៃដើមទុននៅក្នុងក្រុមហ៊ុនមួយ​ ហើយប្រសិនបើលោកអ្នកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយ នោះមាន័យថាលោកអ្នកជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុននោះ ដូច្នេះលោកអ្នកមានសិទ្ធបោះឆ្នោតសម្រេចលើទិសដៅអភិវឌ្ឍន៍ក្រុមហ៊ុនតាមសមាមាត្រនៃចំនួនហ៊ុនដែលលោកអ្នកមាន។


នៅពេលដែលលោកអ្នកទិញភាគហ៊ុនរបស់ក្រុមហ៊ុនមួយនោះមានន័យថាលោកអ្នកបានរួមចំណែកវិនិយោគជាមួយក្រុមហ៊ុននោះ ហើយនៅពេលដែលក្រុមហ៊ុននោះទទួលបានផលចំណេញ  នោះលោកអ្នកក៏ទទួលបានផលចំណេញ តែបើក្រុមហ៊ុនខាតវិញ លោកអ្នកក៏ខាតទៅតាមនោះដែរ។

ចង់វិនិយោគទិញភាគហ៊ុននៅផ្សារហ៊ុនកម្ពុជា(ផ្សារមូលបត្រកម្ពុជា) តើត្រូវធ្វើដូចម្ដេច?

ប្រជាពលរដ្ឋកម្ពុជាទូទៅដែលមានបំណងចង់ធ្វើការទិញលក់ ឬវិនិយោគភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយ ពួកគាត់គ្រាន់តែបំពេញតាមលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

១. ស្វែងរកក្រុមហ៊ុនមូលបត្រ (broker) ណាមួយដែលជាសមាជិករបស់ផ្សារមូលបត្រកម្ពុជា ដើម្បីស្នើសុំលេខអត្តសញ្ញាណវិនិយោគិនពីគណៈកម្មការមូលបត្រកម្ពុជា និងបើកគណនីជួញដូរ។ ការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនពីគណៈកម្មការ មូលបត្រកម្ពុជា តម្រូវឱ្យមានអត្តសញ្ញាណប័ណ្ឌ (សម្រាប់សញ្ជតិខ្មែរ) និងរូបថត៤គុណ៦ ចំនួន២សន្លឹក។  សម្រាប់ឈ្មោះ ក្រុមហ៊ុនមូលបត្រទាំង១០ នៃសមាជិករបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានដូចជា​ ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី, អ អេច ប៊ី ឥណ្តូឆៃណា ស៊ីឃ្យួរឹធី ម.ក, កាណា ស៊ីឃ្យួរឹធី អិលធីឌី, កម្ពុជា ស៊ីឃ្យួរឹធី ​ភីអិលស៊ី, យាន់តា​ ស៊ីឃ្យួរឹធី (ខេមបូឌា) ​ភីអិលស៊ី, អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី, ហ្គោលដេន ហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី ភីអិលស៊ី, ខេមបូឌា – វៀតណាម ស៊ីឃ្យួរឹធី ​ភីអិលស៊ី, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, និង ក្រុមហ៊ុន ខេប ស៊ីឃ្យួរឹធី​ លីមីធីត។

២. (មិនតម្រូវ) បើកគណនីធនាគារមួយ ដែលបានសហការជាមួយ Broker របស់យើង ដែលអាចជាធនាគារណាមួយក្នុង ចំណោមធនាគារទាំង៣ ដែលរួមមាន ធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា និងធនាគារ BIDC ដើម្បីងាយស្រួលសម្រាប់ ការផ្ទេរប្រាក់ចេញចូលគណនីជួញដូរ។

ក្រោយពីបានបំពេញតាមលក្ខខណ្ឌខាងលើនេះហើយ លោកអ្នកអាចចាប់ផ្តើមធ្វើការវិនិយោគភាគហ៊ុនបានតាមរយៈ ក្រុមហ៊ុនជើងសារមូលបត្រ (Broker) ដែលជាអ្នកប្រឹក្សា និងសម្របសម្រួលលើការទិញ លក់ភាគហ៊ុន។ វិនិយោគិន ដែលជាអ្នកទិញ និងអ្នកលក់មិនអាចដាក់បញ្ចាផ្ទាល់មកទីផ្សារបានទេ ត្រូវដាក់បញ្ជាតាមក្រុមហ៊ុនមូលបត្រ(Broker)។

គួរជម្រាបផងដែរថា ការវិនិយោគលើផ្សារភាគហ៊ុន គឺជាផ្លូវមួយដែលអ្នកអាចស្វែងរកប្រាក់ចំណូលដោយមិនចាំចំណាយពេលច្រើនដែលប្រភពចំណូលនេះគេហៅថា” ចំណូលអកម្ម”(​ passive income)។ នៅពេលដែលអ្នក វិនិយោគទិញភាគហ៊ុននៅផ្សារភាគហ៊ុន អ្នកអាចទទួលបានប្រាក់ចំណេញ តាមរយៈការលក់ភាគហ៊ុនរបស់អ្នក និងទទួលប្រាក់ចំណេញពីការបែងចែកភាគលាភជាដើម​។

ប្រសិនបើអ្នកពិតជាចាប់អារម្មណ៍ចង់វិនិយោគលើផ្សារភាគហ៊ុននៅកម្ពុជា អ្នកអាចស្វែងយល់ឲ្យកាន់តែច្បាស់បន្ថែម តាមរយៈចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល របស់ផ្សារមូលបត្រកម្ពុជា ដោយឥគិតថ្លៃ ដែលធ្វើតែងតែធ្វើឡើងនៅរៀងរាល់ថ្ងៃ សុក្រ៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here