និយោជកវៀតណា​មមិនហ៊ានដាំកៅស៊ូនៅកម្ពុជា ក្រសួងដាក់មួយឃ្លានេះ ពេញចិត្តស្តូក

0
1090

ភ្នំពេញ៖ ក្រុមនិយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជា បានបង្ហាញការបារម្ភពីការអនុវត្តច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តនានា ចំពោះកម្មករចម្ការកៅស៊ូនៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយមានការប្រែប្រួលការអនុវត្តមួយចំនួន។

ឆ្លើយតបនឹងការព្រួយបារម្ភនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអះអាងប្រាប់ក្រុមនិយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជាយ៉ាងដូច្នេះថា ការអនុវត្តច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តនានា ចំពោះកម្មករក្នុងចម្ការកៅស៊ូនៅប្រទេសកម្ពុជា គឺស្របទៅនឹងការអនុវត្តចំពោះកម្មករនិយោជិតក្នុងរោងចក្រ សហគ្រាសដូចគ្នាដែរ។

ការពន្យល់បំភ្លឺបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី អ៊ិត សំហេង ទទួលជួបពិភាក្សាការងារជាមួយលោក TRUONG MINH TRUNG នាយករងសម័្ពន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។


លោករដ្ឋមន្ត្រី អ៊ិត សំហេង បានបញ្ជាក់ទៀតថា ការអនុវត្តច្បាប់នាពេលបច្ចុប្បន្ននៅកម្ពុជា គឺគ្របដណ្ដប់ទាំងអស់ មិនថានៅក្នុងរោងចក្រ ឬនៅក្នុងចម្ការកៅស៊ូនោះទេ ដូចជាការបើកប្រាក់ខែ ២ដងក្នុងមួយខែ បើកប្រាក់អតីតភាព២ដងក្នុងមួយឆ្នាំ ការអនុវត្តការងារពាក់ព័ន្ធនឹងបេឡាជាតិរបបសន្តិសុខសង្គម ការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗទៀត។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រែប្រួលនូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានេះ គឺធ្វើឡើងដើម្បីការពារផលប្រយោជន៍របស់កម្មករនិយោជិត និងការបង្កើនផលិតភាពការងារនៅតាមមូលដ្ឋានការងារឱ្យកាន់តែខ្ពស់ ៕

អត្ថបទដោយ៖​ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here