មូលហេតុធំ ៣យ៉ាង ដែលធ្វើឱ្យហាងកាត់សក់មួយចំនួន រស់មិនបានយូរដូចគេ

0
838

កន្លែងកាត់សក់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានការកើនឡើងជាបន្តបន្ទាប់មិនថាតែនៅក្នុងរាជធានីភ្នំពេញនោះទេ សូម្បីតែនៅតាមបណ្តាខេត្តផ្សេងៗក៏មានការកើនឡើងឥតឈប់ឈរមិនចាញ់គ្នាផងដែរ។ ទន្ទឹមនឹងការកើនឡើងនេះ ក៏មានកន្លែងកាត់សក់មួយចំនួនធំបានសម្រេចចិត្តបិទទ្វា រត់ទៅធ្វើជាកូនជាងរបស់គេវិញមិនតិចនោះដែរ​។

មកដល់ចំណុចនេះ Business Cambodia សូមលើកយកបញ្ហាធំចំនួន ៣យ៉ាង ក្នុងចំណោមបញ្ហាផ្សេងៗជាច្រើនទៀត ដែលបណ្តាលឱ្យកន្លែងកាត់សក់មួយចំនួនត្រូវបិទទ្វា ដោយខានមិនបាននោះ រួមមាន៖

១.គ្មានស្តង់ដារ


ចំនួនកន្លែងកាត់សក់មានការកើនឡើង ទីផ្សារប្រកួតប្រជែងក៏មានច្រើនដូចគ្នាផងដែរ។ អ្នកខ្លះបានប្រែក្លាយហាងរបស់ពួកគេយ៉ាងលឿនតាមបែបកូរ៉េ ហុងកុង ថៃ និងអ៊ឺរ៉ុប ជាដើម។ ដូចនេះ ប្រសិនបើអ្នកមិនព្រមវិវត្តន៍ខ្លួនឱ្យឡូយទាន់សម័យកាលនោះទេ ចង់ឬមិនចង់ភ្ញៀវនឹងរត់ចោលអ្នកជាក់ជាមិនខាន​ ព្រោះនាពេលបច្ចុប្បន្ននេះ មនុស្សចូលចិត្តស៊ីវិល័យ ហើយបើអ្នកនៅតែបើកហាងបែបចាស់បុរាណទៀតនោះ អ្នកមិនអាចប្រកួតជាមួយគេបានឡើយ ហើយចុងបញ្ចប់អ្នកនឹងត្រូវបិទទ្វា។

២.បរិមាណជាងតិច

នៅក្នុងហាងមួយប្រសិនបើមានតែជាងម្នាក់ ច្បាស់ណាស់គឺមិនអាចកាត់ទាន់នោះទេ​ ព្រោះថាភ្ញៀវភាគច្រើនដែលទៅកាត់ ពួកគាត់សុទ្ធសឹងតែមានពេលទៅកាត់ដូចៗគ្នា។ ជាក់ស្តែង អ្នកទៅកាត់ខ្លះចាំទាល់តែចេញពីកន្លែងធ្វើការទើបពួកគាត់ទៅកាត់ ហើយអ្នកខ្លះទៀតពួកគាត់ទៅកាត់ម៉ោងបាយ ដែលជាម៉ោងគាត់ទំនេរពីការងារ។ ចំណែកឯខ្លះទៀត ទាល់តែថ្ងៃឈប់សម្រាកទើបពួកគេសម្រុកទៅកាត់ ដូច្នេះប្រសិនបើជាងមានតែម្នាក់នោះ គឺមិនអាចកាត់ទាន់ឡើយ។

៣.បណ្តោយជាងគ្មានបទពិសោធន៍

ច្បាស់ណាស់ថា កូនជាងគឺត្រូវរៀនកាត់ ក៏ប៉ុន្តែអ្នកដែលទៅកាត់គេមិនចង់ឱ្យកូនជាងមកកាត់សក់របស់គេនោះទេ ព្រោះយើងសុទ្ធតែបានដឹងហើយថា ជាងដែលថ្មីគឺពួកគាត់កាត់មិនបានល្អដូចជាងចាស់ឡើយ។ ដូច្នេះពេលដែលអ្នកទៅកាត់ប៉ះចំជាងថ្មី ហើយកាត់សក់របស់គាត់មិនស្អាតនោះ គាត់នឹងមិនចូលហាងរបស់អ្នកម្តងទៀតជាដាច់ខាត។ លើសពីនេះ គាត់អាចនឹងប្រាប់តគ្នាថា ហាងរបស់អ្នកកាត់មិនស្អាតនោះទេ កុំចូលកាត់អី ជាដើម ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here