ក្រុមស៊ើបអង្កេតឥណ្ឌូណេស៊ីអះអាងថាបានរកឃើញប្រអប់ខ្មៅផ្ទុកព័ត៌មានពីយន្ត Boeing ដែលធ្លាក់ចូលសមុទ្រ

0
1081

រហូតមកដល់ពេលនេះក្រុមស៊ើបអង្កេតឥណ្ឌូណេស៊ីបានអះអាងថាបានស្រង់យកប្រអប់ពណ៌ខ្មៅហៅថា Cockpit Record Box ដែលជាកន្លែងថតទុកទិន្នន័យហោះហៅរបស់យន្តហោះ Boeing 737 របស់ក្រុមហ៊ុនក្នុងស្រុកឥណ្ឌូណេស៊ី Lion Air ដែលបានធ្លាក់ចូលសមុទ្រកាលពីថ្ងៃចន្ទកន្លងទៅ ។

ប្រភពពី CNN ប្រចាំប្រទេសឥណ្ឌូណេស៊ីឲ្យដឹងថា ប្រអប់ខ្មៅនេះត្រូវបានគេស្រង់យកមកទុកនៅកប៉ាល់ក្រុមសង្រ្គោះ ខណៈដែលក្រុមស្រាវជ្រាវនិងសង្គ្រោះបានចេញមុខអះអាងថាពួកគេបានរកឃើញប្រអប់ខ្មៅយ៉ាងហោចណាស់មួយក្នុងចំណោមប្រអប់ខ្មៅទាំងពីរ ។

ប្រភពដដែលឲ្យដឹងថា ប្រអប់ខ្មៅនេះមានពីរផ្នែក ទីមួយគឺ cockpit voice recorder (CVR)  ជាឧបករណ៍សម្រាប់ថតយកសម្លេងនៅក្នុងកាប៊ីនយន្តហោះ និងមួយទៀតគឺ flight data recorder (FDR) ដែលថតយកទិន្នន័យពីការហោះហើរ ។


ថ្វីត្បិតតែគេមិនទាន់បញ្ជាក់ថាវាជាប្រអប់ខ្មៅ ១០០% ប៉ុន្តែគេជឿជាក់ថាវាប្រាកដជាអាចទៅរួចដែលក្រុមស៊ើបអង្កេតបានរកឃើញប្រអប់ខ្មៅនេះមួយក្នុងចំណោមពីរ ដែលគេបានរកឃើញចម្ងាយប្រហែល ១៥ ទៅ ៣០ ម៉ែតពីកន្លែងធ្លាក់យន្តហោះ ខណៈដែលប្រអប់នេះត្រូវបានរចនាឡើងដោយមានសភាពធន់នឹងការប៉ះទង្គិចពីការធ្លាក់យន្តហោះ និងការពារជម្រាបទឹកផងដែរ ។

តាមការអះអាងពីលោក Gaharu អ្នកប្រឹក្សាយោបល់ផ្នែកហោះហើរ ឲ្យដឹងថា យន្តហោះដដែលនេះធ្លាប់បានហោះហៅកាលពីថ្ងៃអាទិត្យក្រោមជើងហោះហើរ JT43  រយៈពេលពីរម៉ោងជាងពីក្រុងបាលីទៅចាកាតា ។ លោកបញ្ជាក់ថា នៅពេលដែលអ្នកដំណើរឡើងពេញយន្តហោះនោះវាហាក់ដូចជាធម្មតាទេ ប៉ុន្តែនៅពេលចេញដំណើរ មានអារម្មណ៍ថាយន្តហោះដូចជាពិបាកហោះឡើងខ្លាំងណាស់ ។

លោក Gaharu គិតថា វាអាចនឹងមកពីការចលាចលដែរ នៅពេលដែលយន្តហោះបានហោះឡើងដល់លើអាកាសប្រហែលជា ១០ នាទី វាអាចនឹងធ្លាក់ ប្រសិនបើវាត្រូវបានបាត់បង់ថាមពល ខណៈដែលអ្នកដំណើរកំពុងស្លន់ស្លោរផង ហើយយន្តហោះចាប់ផ្តើមធ្លាក់ចុះប្រហែល ២០០ ម៉ែត្រ នេះជាអ្វីដែលគាត់បានរកឃើញពីវេបសាយតាមដានកម្មវិធីហោះហើរ ។

អគ្គនាយកក្រុមហ៊ុន Lion Air ក៏បានចេញមុខទទួលស្គាល់ថាយន្តហោះដែលធ្លាក់នេះធ្លាប់បានហោះហើរពីបាលីទៅចាកាតាពិតមែន ហើយអជ្ញាធរឥណ្ឌូណេស៊ីបានអះអាងថា អ្នកបើកយន្តហោះបានរាយការណ៍ពីបញ្ហាដែលកើតឡើងចំពោះឧបករណ៍បង្ហាញព័ត៌មាននៅខាងក្នុងកាប៊ីន (plane instruments) ។

ទោះបីជាមានការយល់ឃើញផ្សេងៗគ្នានិងមានការអះអាងថាបានរកឃើញប្រអប់ខ្មៅមួយក៏ដោយ ក៏ពេលនេះមិនទាន់មានការស្រាវជ្រាវណាមួយបញ្ជាក់ពីមូលហេតុនៃការធ្លាក់យន្តហោះពិតប្រាកដទេ ខណៈដែលការស៊ើបអង្កេតនេះនឹងត្រូវចំណាយពេលយូរទៀត ។

អត្ថបទដោយ ​៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here