ចង់ដឹកទំនិញទាំងកុងទ័រន័រពីក្រៅប្រទេសមកស្រុកខ្មែរ អ្នកត្រូវដឹងរឿងទាំងនេះ

0
14906

បើអ្នកជាលក់ទំនិញបោះដុំឬលក់រាយដែលធ្លាប់តែយកបន្តពីឃ្លាំងធំនៅកម្ពុជា ហើយចង់ទិញទំនិញពីក្រៅប្រទេសដោយខ្លួនឯង ធ្វើម៉េចទើបទំនិញទាំងនេះបានមកដល់ដៃអ្នក?

ជាការពិតណាស់អ្នកប្រាកដជាជៀសមិនផុតពីការជួលឲ្យក្រុមហ៊ុនដឹកជញ្ជូនជួយធ្វើកិច្ចការនេះឲ្យអ្នកទេ ប៉ុន្តែបើអ្នកមិនធ្លាប់មានបទពិសោធន៍អ្នកត្រូវដឹងរឿងទូទៅទាំងនេះសិន ។

បើតាមសម្តីលោក យន់ ភិរុណ នាយកគ្រប់គ្រងក្រុមហ៊ុន Sunshine Logistics (Cambodia) Co., Ltd ឲ្យដឹងថា ចង់ទិញទំនិញពីក្រៅស្រុក អ្នកត្រូវទាក់ទងជាមួយរោងចក្រឬអ្នកផ្គត់ផ្គង់ ហើយចរចារគ្នាឲ្យត្រូវសិន ទើបអ្នកត្រូវរកភ្នាក់ងារដឹកជញ្ជូនតាមក្រោយ ។ ការប្រើសេវាកម្មដឹកជញ្ជូននេះ ទោះបីជាអ្នកប្រើសេវាកម្មរបស់ក្រុមហ៊ុនក្រៅស្រុក ក៏នៅតែជៀសមិនផុតពីក្រុមហ៊ុនក្នុងស្រុកដែរ ព្រោះថាការដឹកជញ្ជូនទំនិញឆ្លងប្រទេសត្រូវការដៃគូទាំងពីរប្រទេសធ្វើការជាមួយគ្នា ។


លោក ភីរុណ បញ្ជាក់ថា ទំនិញមកពីក្រៅប្រទេសត្រូវបានចែកជាប្រភេទផ្សេងគ្នា ទំនិញក្រោម ២០ គីឡូក្រាមត្រូវបានចាត់ទុកជាទំនិញធម្មតា ត្រូវបានផ្ញើតាមប្រៃសណីយ៍ដើម្បីដឹកមកកម្ពុជា មួយទៀតគឺទំនិញក្រោម ១០០ គីឡូក្រាម គេហៅថាទំនិញប្រភេទ Express អាចដឹកតាមយន្តហោះបាន ចំណែកមួយប្រភេទទៀតគេហៅថា Cargo ជាទំនិញធំៗ ត្រូវការដឹកតាមនាវាធំៗ ហើយសេវាកម្មដឹកជញ្ជូនមានតែក្រុមហ៊ុន Logistics ប៉ុណ្ណោះដែលអាចធ្វើការបាន ។

មុនពេលដែលទំនិញមកដល់ស្រុកខ្មែរ ទំនិញទាំងនោះត្រូវបានដឹកជញ្ជូននិងគិតលុយតាមដំណាក់កាល ។ ជំហានដំបូងទំនិញទាំងនេះត្រូវបានដឹកចេញពីរោងចក្រមកកាន់កំពង់ផែ ដូចនេះគេត្រូវបង់ថ្លៃលើកដំបូងហៅថា Free On Board (FOB) មានន័យថាថ្លៃដឹកពីរោងចក្រមកកំពង់ផែ បន្ទាប់មកពេលទំនិញឡើងដល់កប៉ាល់ គេត្រូវគិតថ្លៃដឹកជញ្ជូនតាមផ្លូវទឹកម្តងទៀតដោយរួមបញ្ជូលទាំងពន្ធនាំចូលទៅតាមប្រភេទទំនិញផងដែរ ។ ចុងក្រោយនេះទើបក្រុមហ៊ុនដឹកជញ្ជូននៅស្រុកខ្មែរយើងជាអ្នកដឹកជញ្ជូនយកមកឲ្យអ្នកតាមក្រោយ ដូចនេះគេត្រូវបូកសរុបថ្លៃដឹកក្នុងស្រុកមួយទៀត ។

ជារួមមកបើអ្នកចង់ដឹកទំនិញពីក្រៅប្រទេសមកលក់នៅស្រុកខ្មែរ អ្នកត្រូវដឹងថាតើទំនិញណាដែលអាចលក់បានច្រើន ឬចំណេញច្រើនអាចទូទាត់ថ្លៃដឹកបាន ដូចដែលបានលើកឡើងខាងលើគឺថ្លៃដឹកត្រូវចំណាយ៣ដង ដូចនេះភ្នាក់ងារដឹកជញ្ជូនអាចនឹងគិតលុយពីអ្នកថ្លៃបន្តិច ហើយរឿងដែលអ្នកត្រូវធ្វើនោះគឺត្រូវយកថ្លៃដឹកសរុបមកចែកនឹងចំនួនផលិតផលឲ្យឃើញថ្លៃដឹកក្នុងទំនិញរាយ ទើបយកថ្លៃដឹករាយមកបូកនឹងថ្លៃដើមទំនិញ ដើម្បីវាយតម្លៃលក់ចេញ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here