ស្រី សំណាង៖ រឿង៤ អ្នកគួរស្វែងយល់ បើចង់វិនិយោគជោគជ័យ លើ រូបិយប័ណ្ណអន្តរជាតិ (Forex)

0
1324

ទីផ្សាររូបិយប័ណ្ណអន្តរជាតិ( Forex) គឺជាទីផ្សារវិនិយោគដ៏ធំដែលត្រូវបានគេវិនិយោគជារៀងរាល់ថ្ងៃទូទាំងពិភពលោក។ ការវិនិយោគលើ រូបិយប័ណ្ណ គឺជាការវិនិយោគដែលអ្នកទទួលបានផលចំណេញតាមរយៈគម្លាតថ្លៃនៃ​ រូបិយប័ណ្ណ ព្រោះពេលអ្នកវិនិយោគ អ្នកត្រូវ ទិញនិងលក់រវាងរូបិយប័ណ្ណ២ផ្សេងគ្នា។ ឧទាហរណ៍ ឲ្យងាយយល់គឺ បើអ្នកមាន១០០ដុល្លារ ទៅដូរយកលុយរៀលខ្មែរ នោះអ្នកនឹងទទួលបានចំណេញលើគម្លាតថ្លៃ ព្រោះប្រាក់ដុល្លារថ្លៃជាង ប្រាក់រៀលខ្មែរ។

ការវិនិយោគលើ រូបិយប័ណ្ណអន្តរជាតិ ទទួលបានប្រាក់ចំណេញច្រើន តែវាក៏មានហានិភ័យខ្ពស់ផង ដូច្នេះ វាទាមទារឲ្យអ្នកត្រូវសិក្សា ឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងសម្រេចចិត្តវិនិយោគ។ ទាក់ទាងនឹងការវិនិយោគលើ រូបិយប័ណ្ណអន្តរជាតិនេះ លោក ស្រី សំណាង នាយកគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Gold Financial Global Investment( GFGI) បានចែករំលែកនូវ រឿង៤ អ្នកគួរស្វែងយល់ បើចង់វិនិយោគជោគជ័យ លើ រូបិយប័ណ្ណអន្តរជាតិ (Forex)៖

១. ត្រូវសិក្សា( learn)

ត្រង់ចំណុចនេះ លោក ស្រី សំណាង បានឲ្យដឹងថា អ្នកវិនិយោគត្រូវសិក្សាឲ្យបានច្បាស់ពីផលិតផលដែលគាត់ចង់វិនិយោគ ជាពិសេស រូបិយប័ណ្ណដែលពួកគាត់ចង់ធ្វើការវិនិយោគ។ លោកបានបញ្ជាក់ថា​បើអ្នកចង់វិនិយោគ លើលុយដុល្លារអូស្រ្តាលី នោះអ្នកត្រូវសិក្សាលើលុយអូស្រ្តាលីឲ្យបានច្បាស់លាស់ ដូចជាត្រូវសិក្សាពីប្រវត្តិនៃការឡើងចុះរបស់លុយអូស្រ្តាលី។

លើសពីនេះអ្នកក៏ត្រូវសិក្សាថាតើ ប្រទេសអូស្រ្តាលីនាំចេញនិងនាំចូលអ្វីខ្លះ តើប្រទេសណាខ្លះ ដែលសហការជាមួយអូស្រ្តាលី ក្នុងការនាំចេញ។ នៅក្នុងប្រទេសអូស្រ្តាលី កត្តាណាខ្លះដែលជំរុញឲ្យសេដ្ឋកិច្ចអូស្រ្តាលីកើនឡើង កត្តាអ្វីខ្លះដែលជៈឥទ្ធិពលដល់លុយអូស្រ្តាលី។ សរុបមកគឺអ្នកត្រូវស្វែងយល់ពីព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយពីព័ត៌មានដែលរៀបរាប់ទាំងប៉ុន្មាននេះ អ្នកនឹងជោគជ័យលើការវិនិយោគលុយអូស្រ្តាលី។

២. លុយ( Money)

ត្រូវប្រើប្រាស់សាច់ប្រាក់ដែលមិនចាំបាច់មកវិនិយោគ

លុយមានសារៈសំខាន់ណាស់ ដូច្នេះអ្នកត្រូវចេះប្រើប្រាស់លុយក្នុងការវិនិយោគឲ្យបានត្រឹមត្រូវ។ លោក ស្រី សំណាងបានសង្កត់ធ្ងន់ថា ពេលវិនិយោគលើ Forex សូមកុំប្រើប្រាស់សាច់ប្រាក់ចាំបាច់ យកមកធ្វើការវិនិយោគ​ ផ្ទុយទៅវិញ អ្នកត្រូវប្រើប្រាស់សាច់ប្រាក់ដែលនៅសល់មកធ្វើការវិនិយោគ ព្រោះការវិនិយោគ លើ Forex មានហានិភ័យខ្ពស់បើអ្នកមិនមានយុទ្ធសាស្រ្តវិនិយោគច្បាស់លាស់។ លោកបានបញ្ជាក់ថា ពេលអ្នកប្រើប្រាស់សាច់ប្រាក់ចំបាច់មកវិនិយោគ អ្នកមានហានិភ័យ ពោលគឺវាប៉ះពាល់ដល់អារម្មណ៍របស់អ្នកនិងឥរិយាបថចំពោះការវិនិយោគ។ ទាក់ទិននឹងចំណុចនេះ លោកបានលើកឧទាហរណ៍ថា បើអ្នកយកលុយទាំងអស់របស់អ្នកទៅទិញដី អ្នកអាចនឹងមានហានិភ័យបើដីនោះជាប់គាំង​​ មិនឡើងថ្លៃគ្មានអ្នកទិញអ្នកនឹងខាតលុយយ៉ាងច្រើន​ តែបើអ្នកលុយតែ៥ ឬ១០ភាគរយទិញវិនិយោគទិញដី ទោះជាអ្នកខាតក៏មិនប៉ះពាល់ធ្ងន់ធ្ងរដល់ហិរញ្ញវត្ថុរបស់អ្នកដែរ។

នៅក្នុងវិស័យ Forex ក៏ដូចគ្នាដែរ អ្នកត្រូវប្រើដើមទុនវិនិយោគជាសាច់ប្រាក់ដែលមិនចាំបាច់មកវិនិយោគ ពោលគឺត្រូវប្រើប្រាស់លុយត្រឹមតែ ៥​ឬ ១០ភាគារយនៃលុយសរុបរបស់អ្នកមកវិនិយោគបានហើយ បន្ទាប់អ្នកអាចបំលែងសាច់ប្រាក់ដើម្បីវិនិយោគបន្តទៀត។

កុំពឹងផ្អែកលើដើមទុនទាំងស្រុង

ក្នុងចំណុចនេះ​ លោក សំណាងបានបញ្ជាក់ថា កុំប្រឆាំងទៅលើទីផ្សារ​ ព្រោះទីផ្សារ Forex មានការឡើងចុះគ្រប់ពេលវេលា។ ឧទាហរណ៍ អ្នកវិនិយោគមួយចំនួន ពេលចូលទីផ្សារដាក់ទុនវិនិយោគ ពួកគេមិនព្រមកំណត់ការខាតទេ។ ការធ្វើបែបនេះ​អ្នកនឹងជួបហានិភ័យ កាន់តែខាតទៅៗទាល់តែអស់លុយរបស់អ្នក។

៣. ភាគលោភលន់

វិនិយោគលើវិស័យ Forex អ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបានល្អ។ អ្នកត្រូវកំណត់ថា​តើអ្នកចង់ចំណេញប៉ុន្មានភាគរយនៃ ទុនវិនិយោគរបស់អ្នកដែលដាក់ចូលវិនិយោគលើទីផ្សារ។ អ្នកខ្លះដាក់ទុន វិនិយោគ ១០០ដុល្លារ ចំណេញបាន ៣០ដុល្លារ មិនព្រមបិទគិតថាចំណេញតិចពេក។ យ៉ាងណាមិញភាគលោភលន់ អាចនឹងធ្វើឲ្យអ្នកបរាជ័យ ដូច្នេះត្រូវកាត់បន្ថយភាពលោភលន់របស់អ្នក ជៀសវាខាតលុយកាន់តែច្រើន។

៤. កំណត់ការខាត( Stop loss)

ការវិនិយោគលើវិស័យ Forex អ្នកត្រូវតែកំណត់ការខាត តែទទួលយកការចំណេញ។ ពេលចូលទីផ្សារភ្លាម អ្នកត្រូវតែកំណត់ការខាត ពី ២០ទៅ ៣០ភាគរយនៃ ទុនវិនិយោគសរុបដែលអ្នកដាក់ចូលទីផ្សារ។ ឧទាហរណ៍ ដាក់លុយវិនិយោគ ១០០ដុល្លារ អ្នកត្រូវកំណត់ការខាតត្រឹមតែ ៣០ដុល្លារបានហើយ ព្រោះអ្នកមិនកំណត់ការខាតទេនោះ លុយទាំង ១០០ដុល្លាររបស់អ្នកនឹងត្រូវបាត់បង់នៅពេល រូបិយប័ណ្ណដែលអ្នកទិញមានការធ្លាក់ថ្លៃ។

លោក ស្រី សំណាង បានបញ្ជាក់ថា ចំណុចទាំង៤ ដែលលោកបានចែករំលែកនេះ គឺទាក់ទងទៅនឹង ការគ្រប់គ្រងហានិភ័យ សម្រាប់ការវិនិយោគលើ Forex។ នៅពេលដែលអ្នកគ្រប់គ្រងហានិភ័យបានហើយនោះ ផលចំណេញនឹងមកដល់ដៃអ្នកជាមិនខាន ពោលគឺបើអ្នកអាចការពារហានិភ័យបាននោះ វានឹងបំលែងទៅជា ផលចំណេញដោយស្វ័យប្រវត្តិជាមិនខានឡើយ៕

អត្ថបទដោយ៖ ហុង