EZECOM ទទួលវិញ្ញាបនប័ត្រស្តង់ដារអន្តរជាតិ ISO 9001: 2015!

0
91

ដោយមានការខិតខំប្រឹងប្រែងពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុន EZECOM បានទទួលការបញ្ជាក់ជាផ្លូវការនូវវិញ្ញាបនប័ត្រស្តង់ដារគុណភាព ISO 9001: 2015 ដែលជាវិញ្ញាបនប័ត្រជំនាន់ថ្មីបំផុតនៃស្ថាប័នបញ្ជាក់​ស្តង់ដារ​កម្រិតអន្តរជាតិនេះ។

លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា “វិញ្ញាបនបត្រ ISO 9001: 2015 នេះ ជាការបង្ហាញជូនអតិថិជនអំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន EZECOM ចំពោះដំណើរការគ្រប់គ្រងនិងនីតិវិធីប្រតិបត្តិការ ដែលធានាបាននូវគុណភាពខ្ពស់ក្នុងការផ្តល់សេវារបស់យើង។”

លោកបានបន្ថែមទៀតថា “ដំណើរការរៀបចំដើម្បីទទួលបានវិញ្ញាបនបត្រនេះ គឺមិនមែនងាយស្រួលនោះទេ ដែលតម្រូវស្តង់ដារគុណភាពនិងឧត្តមភាពខ្ពស់ពីសំណាក់បុគ្គលិករបស់យើងគ្រប់ជាន់ថ្នាក់ ហើយវាបង្ហាញពីការប្តេជ្ញាចិត្តមុតមាំរបស់ក្រុមហ៊ុន EZECOM ក្នុងការផ្តល់ជូនសេវាកម្មប្រកបដោយគុណភាពខ្ពស់ដល់អតិថិជន។”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន EZECOM បាននិងកំពុងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ស្ថាប័ន ISO អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុនក៏ជាម្ចាស់នៃវិញ្ញាបនប័ត្រជំនាន់មុនគឺ ISO 9001: 2008 ផងដែរ។ តាមពិត ក្រុមហ៊ុន EZECOM គឺជាក្រុមហ៊ុនអ៊ីនធឺណិតដំបូងគេនៅកម្ពុជា ដែលបានការទទួលស្គាល់ស្តង់ដារគុណភាពអន្តរជាតិ ISO ។

ក្រុមហ៊ុន EZECOM បានសម្តែងការអរគុណចំពោះអតិថិជនរបស់ខ្លួន ដែលបានគាំទ្រសេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុន​រហូតមក។ ក្រុមហ៊ុនប្តេជ្ញាបន្តពង្រឹងគុណភាព និងពាំនាំបច្ចេកវិទ្យាសារគមនាគមន៍ថ្មីចុងក្រោយបំផុតមកកាន់ព្រះរាជាណាចក្រកម្ពុជា៕