ម្ចាស់ហាងផ្កាវ័យជាង២០ឆ្នាំ ខំរកស៊ីខ្ចីគេ៣ពាន់ដុល្លារតាំងពីនៅជានិស្សិត ចេញផ្លែផ្កាក្រោយរៀនចប់

0
3671

(ភ្នំពេញ)៖ សហគ្រិនស្ត្រីវ័យក្មេងអាយុទើបតែជាង២០ឆ្នាំ កញ្ញា ផល្លី ស្រីរ៉ុង ផ្តើមលួចចេញរកស៊ីទាំងនៅសិក្សាជានិស្សិតឆ្នាំទី៣ ដោយលាក់បាំងមិនឲ្យគ្រួសារដឹងឡើយ។

ម្ចាស់ហាងផ្កា ភូមិផ្កា ដ៏ស្រស់សោភារូបនេះបានបង្ហើបឲ្យដឹងថា៖ ប្អូនស្រីចាប់ផ្តើមមានចិត្តដក់ជាប់ចង់ចេញរកស៊ីតាំងពីយូរណាស់មក ខណៈគ្រួសារប្អូនស្រីរកស៊ីតែនឹងការដាំដុះលក់ផ្កា ទទួលបានប្រាក់ចំណូលតែបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះ។​

ដើមចមជាអ្នកដាំផ្កាផង និងជាអ្នកលក់ផ្កាផងនេះហើយ បានជម្រុញទឹកចិត្តប្អូនស្រីចង់ក្លាយជាសហគ្រិនរកស៊ីក្នុងវិស័យនេះ ហើយដោយភាពឈឺចាប់ពីការមិនសូវឲ្យតម្លៃលើផលិតផលផ្កាដាំដុះក្នុងស្រុក ធ្វើឲ្យប្អូនស្រីតាំងចិត្តលើស្ទួយផ្កាក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិកររកស៊ីដាំដុះក្នុងវិស័យ។​

ការចាប់ផ្តើមរកស៊ីទាំងក្មេងខ្ចី និងលួចលាក់មិនឲ្យគ្រួសារដឹង ធ្វើឲ្យប្អូនស្រីជួបនឹងបញ្ហា និងរឿងឈឺចាប់មិនតិចទេក្នុងការដំណើរការអាជីវកម្មមួយនេះ ពិសេសអ្នកផ្តល់កម្លាំងចិត្ត និងពឹងផ្អែកនៅពេលដែលប្អូនស្រីជួបនឹងបញ្ហាផ្សេងៗក្នុងអាជីវកម្ម។​

ប្អូនស្រីរ៉ុងបានបញ្ជាក់បន្ថែមទៀតថា ប្អូនស្រីបានចាប់ផ្តើមអាជីវកម្មលក់ផ្កានេះពីទុនខ្ចីមីងប្រមាណ៣,០០០ដុល្លារអាមេរិក បើកបានហាងលក់ផ្កាតូចមួយកន្លែងនៅម្តុំផ្សារដើមថ្កូវ ដោយមិនឲ្យគ្រួសារដឹង ហើយចេះតែកុហកថា ខ្លួនរស់នៅភ្នំពេញ ជាបុគ្គលិកធ្វើការងារឲ្យគេ។

អស់ពេលជិត១ឆ្នាំ ចាប់ពីការផ្តើមអាជីវកម្មដ៏ផុយស្រួចវិវឌ្ឍន៍មកមានភាពនឹងនរជាងមុន ហើយមកដល់ពេលនេះអតិថិជនប្អូនស្រីក៏មានការកើនឡើងជាលំដាប់ ធ្វើឲ្យប្អូនស្រីមានលទ្ធភាពពិចារណាពង្រីកទំហំហាង និងគ្រោងពង្រីកសាខានៅពេលខាងមុខបន្ថែមទៀត។​

ការសិក្សាក៏បានបញ្ចប់ដោយជោគជ័យ រីឯអាជីវកម្មឈានដល់ចំណុចលេចចេញជាផ្លែផ្កានេះហើយ ទើបប្អូនស្រីចាប់ផ្តើមឲ្យដំណឹងដល់ឪពុកម្តាយ ហើយពួកគាត់ក៏រីករាយនឹងគាំទ្រប្អូនយ៉ាងពេញទំហឹងផងដែរ៕

Facebook: Phum Pka (089 757 975)

 

 

អត្ថបទដោយ៖ Jimmy

Editor Business ASEAN &Co-founder Phsar Khmer

 

LEAVE A REPLY

Please enter your comment!
Please enter your name here