John Paul DeJoria អតីតអ្នកលេងនៅតាមជញ្ចើមផ្លូវ កសាងខ្លួនរហូតដល់ក្លាយជាមហាសេដ្ឋី

0
1033

លោក John Paul DeJoria គឺជាស្ថាបនិករបស់ក្រុមហ៊ុនផលិតស្រា  Patrón Spirits និងជាសហស្ថាបនិកក្រុមហ៊ុនផលិតគ្រឿងសំអាងថែរក្សាសក់ John Paul Mitchell Systems ។ ហើយនៅក្នុងឆ្នាំ ២០១៨ នេះលោក John Paul DeJoria ក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក ដែលមានទ្រព្យសម្បត្តិប្រហែល ២.៦ ពាន់លានដុល្លាសហរដ្ឋអាមេរិក។

លោក​ John Paul DeJoria បានកើតនៅ រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ហើយលោកជាកូនកាត់ អ៊ីតាលី និងក្រិច ដោយលោកមានឪពុកលោកជាជនជាតិ អ៊ីតាលី និងម្តាយជាជនជាតិក្រិច ។ ​ លោកមហាសេដ្ឋីរូបនេះ ធ្លាប់ឆ្លងកាត់កុមារភាពយ៉ាងលំបាកលំបិន ពោលគឺគ្រួសារមានជីវភាពក្រីក្រ លោកបានសម្រេចចិត្តចេញទៅដើរស៊ីឈ្នួលគេ និងដើរលក់កាសែតតាំងពីអាយុ ៩ឆ្នាំ ដើម្បីរកលុយមកដោះស្រាយជីវភាព និងផ្គត់ផ្គង់ការសិក្សា។​

នៅពេលដែលលោកពេញវ័យ លោកក៏បានឈប់រៀនត្រឹមថ្នាក់ វិទ្យាល័យ ហើយដើរចោលផ្ទះសំបែង និងសេពគប់ជាមួយក្រុមអន្តពាលនៅតាមជញ្ជើមផ្លូវថែមទៀតផង។ ក្រោយមកទៀតលោកក៏បានចូលបម្រើការក្នុងជួរកងទាហានជើងទឹករបស់អាមេរិក អស់រយៈពេល​ ២ឆ្នាំ លោកក៏បានលាឈប់ពីកងទ័ពហើយបានធ្វើការ ជាអ្នកដើរលក់សាប៊ូ និងផលិតផលថែរក្សាសក់នៅតាមផ្ទះអស់រយៈពេល ៥ឆ្នាំ។ នៅត្រង់ចំនុចនេះហើយដែលធ្វើអោយលោកមានបទពិសោធន៍ក្នុងការស្គាល់អំពីការផលិតនៅផលិតផលសំរាប់ថែរក្សាសក់បានយ៉ាងច្បាស់។

ក្រោយមកលោកក៏បានលាឈប់ពីការងារ ហើយក៏ប្រឡូកចូលវិស័យអាជីវកម្មដោយខ្លួនលោកផ្ទាល់ ដោយមានការសហការជាមួយមិត្តភក្តិរបស់គាត់គឺលោក Paul Mitchell ដោយចាប់ផ្តើមបើកក្រុមហ៊ុនតូចមួយ ដែលមានឈ្មោះថា John Paul Mitchell Systems ជាមួយដើមទុនដំបូងចំនួនត្រឹមតែ ៧០០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ បន្ទាប់មកពួកគាត់បានសម្រេចចិត្តបើកអាជីវកម្មដើម្បីផលិតនៅផលិតផលដែលមានគុណភាពល្អបំផុតសម្រាប់ផ្គត់ផ្គង់ដល់មនុស្សគ្រប់គ្នាក្នុងការថែរក្សាសក់ ហើយផលិតផលដែលពួកគាត់ផលិតគឺ សាប៊ូកក់សក់ និងប្រេងថែររក្សារសក់ ។ គ្រាន់តែអាជីវកម្មបាន ២ ឆ្នាំផលិតផលរបស់លោកមានភាពល្បីល្បាញរហូតដល់អាចផ្គត់ផ្គង់ទៅដល់ហាងសាឡន រហូតដល់ជាង ១០០០កន្លែង។

នៅក្នុងឆ្នាំ ១៩៨៩ មិត្តភក្តិ របស់គាត់ Paul Mitchell បានស្លាប់គាត់ក៏បានចាប់ផ្តើមក្រុមហ៊ុនផលិតស្រា Patrón Spirits​ ដែលមានការចូលរួមពីមិត្តភក្តិគាត់ម្នាក់ទៀតគឺលោក Martin Crowley​​​​​។​ នៅពេលនោះហើយដែលក្រុមហ៊ុនស្រារបស់លោកលក់ដាច់ខ្លាំង និងមានភាពល្បីល្បាញ ហើយផលិតផលរបស់លោកមានការឡើងថ្លៃរហូតដល់ ៣៧ដុល្លារ​ ក្នុងមួយដប។ ហើយនៅក្នុងឆ្នាំ២០១១ ផលិតផលរបស់លោកបានលក់ដាច់បានយ៉ាងច្រើនរហូតដល់ ២,៤៥០,000 កេស និងទទួលបានប្រាក់ចំណូលរាប់លានដុល្លារ។ ដោយសារជោគជ័យក្នុងអាជីវកម្មផលិតផលិតផលថែរក្សាសក់ និងក្រុមហ៊ុនផលិតស្រានេះ ទើបធ្វើអោយលោកក្លាយជាមហាសេដ្ឋីដ៏ល្បីល្បាញមកដល់បច្ចុប្បន្ន៕

អត្ថបទដោយ៖ នេន សុធា

LEAVE A REPLY

Please enter your comment!
Please enter your name here