មុខរបរមួយដែលអ្នកគួរចាប់ឱកាសនៅឆ្នាំ ២០១៨ នេះ មិនបាច់មានលុយក៏បានបើអ្នកស្ថិតក្នុងស្ថានភាពនេះ

0
4433

ឆ្នាំ ២០១៨ នេះ បានក្លាយជានិន្នការឌីជីថល ខណៈដែលអាជីវកម្មវិវត្តន៍ទៅរកឌីជីថល ដូចច្នោះមុខរបរផ្នែកក្រាហ្វិចឌីស្សាញ ជាមុខរបរដែលកំពុងត្រូវប៉ាន់ខ្លាំង ទោះបីវាមិនជាមុខរបរថ្មីក៏ដោយ ប៉ុន្តែបើអ្នកចាប់ផ្តើមវាពេលនេះ ក៏មិនទាន់ហួសពេលដែរ ឲ្យតែមានកុំព្យូទ័រមួយគ្រឿងប្រហែលអ្នកចាប់ផ្តើមវាបានហើយ ។

ដៃគូរបស់ខ្ញុំម្នាក់ដែលចាប់ផ្តើមអាជីវកម្មជាមួយខ្ញុំ ឲ្យដឹងថាពេលគាត់ធ្វើការ Freelance ផ្នែកឌីស្សាញ គាត់អាចរកចំណូលពី ៥ ទៅ ១០ ដុល្លារក្នុងការធ្វើ Poster មួយ ចំណែកឡូហ្គោសាមញ្ញក៏មានតម្លៃ ៤០​ ទៅ ៥០ ដុល្លារដែរ ។

គ្មានមុខរបរមួយណាដែលគ្មានហានិភ័យនោះទេ ប៉ុន្តែអ្នកអាចកាត់បន្ថយហានិភ័យបានបើអ្នកយល់ពីខ្លួនឯង ដូចច្នោះបើអ្នកជួបស្ថានភាពណាមួយក្នុងចំណោមស្ថានភាពខាងក្រោមអ្នកគួរតែអាចចាប់ផ្តើមបាន ។

  • គ្រួសាររបស់អ្នកមិនទាន់គ្រប់គ្រង ឬត្រូវការឲ្យអ្នកយកចំណូលទៅផ្គត់ផ្គង់ពួកគេទេ ដូចច្នោះចំណូលបច្ចុប្បន្នរបស់អ្នកមានស្ថេរភាព
  • អ្នកបានសន្សំលុយខ្លះ ឬមានចំណូលពីកន្លែងផ្សេងស្របពេលដែលអ្នកចាប់ផ្តើមកសាងមូលដ្ឋានអតិថិជន ព្រោះពេលចាប់ផ្តើមដំបូងតែងតែមានបញ្ហាសាច់ប្រាក់ ជារឿងធម្មតាទេ
  • អ្នកបានធ្វើការពេញម៉ោង ឬក្រៅម៉ោង ហើយបន្តធ្វើវារហូតដល់អ្នកយកពេលពេញម៉ោងមកធ្វើការងារជាមួយអាជីវកម្មរបស់អ្នក
  • អ្នកធ្លាប់មានអតិថិជនខ្លះគ្រាន់តែមិនផ្លូវការ បើគេបន្តឲ្យអ្នកកាន់គម្រោងបន្តទៀត អ្នកគួរតែធ្វើការងារផ្លូវការជាមួយគេ

បើអ្នកគិតថាអ្នកគួរតែចាប់ផ្តើមបានហើយអ្នកគួរដើរតាមជំហានខាងក្រោមនេះ ៖

១-រកអ្វីដែលលើកទឹកចិត្ត

រកហេតុផលសំខាន់ដែលអ្នកត្រូវចាប់ផ្តើមវា តើអ្នកមានចំណង់ចំណូលចិត្តជាមួយវាឬទេ អ្នកអាចតស៊ូបានទេ ហេតុអ្វីអ្នកចង់ចាប់ផ្តើមមុខរបរឌីស្សាញ ឧទាហរណ៍ថា អ្នកចង់មានពេលជាមួយគ្រួសារ ចង់មានពេលដើរលេងក្រៅប្រទេស ចង់បង្ហាញពីទេព្យកោសល្យផ្ទាល់ខ្លួន ។

ចាប់ផ្តើមអាជីវកម្មប្រាកដជារវល់ច្រើន ប៉ុន្តែអ្នកត្រូវដឹងថា វាជាភាពបត់បែនរបស់អ្នក អ្នកអាចប្តូរម៉ោងធ្វើការបាន អ្នកមានសេរីភាពទៅធ្វើការគ្រប់ទីកន្លែង ប៉ុន្តែបើអ្នកមិនដឹងថាអ្វីដែលលើកទឹកចិត្តអ្នកទេ អ្នកប្រាកដជាបោះបង់វា ព្រោះមានអ្នកខ្លះបានចំណាយពេល ៥០ ម៉ោងក្នុងសប្តាហ៍ដើម្បីធ្វើឲ្យអតិថិជនសប្បាយចិត្ត ។

២-រើសប្រភេទមុខរបរឌីហ្សាញ

ក្នុងការងារក្រាហ្វិចឌីស្សាញមានច្រើនប្រភេទ ប៉ុន្តែត្រូវរើសយកមួយដែលអ្នកជំនាញ តើអតិថិជនណាដែលចង់បាន តើគម្រោងប្រភេទណាដែលអ្នកចង់បាន ឱទាហរណ៍ថា អ្នកចង់ចាប់ផ្តើមពីឌីហ្សាញឡូហ្គោ រួចទើបពង្រីកក្រុមការងារទៅផ្នែកផ្សេងៗតាមក្រោយ ។

៣-បង្កើតគម្រូឲ្យគេមើលសិន

រឿងមួយដែលអ្នកត្រូវធ្វើមុនគេគឺពង្រីកយីហោ អ្នកត្រូវបង្ហាញគេថា អ្នកធ្វើការល្អប៉ុណ្ណា អ្នកផ្តោតលើគុណភាព មិនមែនបរិមាណ ។ នេះជាការងារមួយចំនួនដែលអ្នកអាចធ្វើបាន ៖

  • ផ្តល់សេវាកម្មទៅស្ថាប័នមិនយកប្រាក់ចំណេញ សហគមន៍ ជាមួយតម្លៃទាបបំផុតឬឥតគិតថ្លៃ
  • បង្កើតគម្រូឌីស្សាញល្អៗលើបណ្តាញសង្គម ឬវេបសាយ

៤-កំណត់តម្លៃ

ចាប់ផ្តើមថ្មីៗអ្នកអាចដាក់តម្លៃ ដោយគិតលើកត្តាមួយចំនួនដូចជា ភាគរយដែលចង់ចំណេញពីចំណាយលើថ្លៃដើមដូចជា ថ្លៃភ្លើង ថ្លៃការិយាល័យជាដើម អ្នកអាចថ្លឹងថ្លែងចំណេះដឹង បទពិសោធន៍ និងគុណភាព មួយទៀតគឺផ្ទៀតផ្ទាត់តម្លៃទីផ្សារទូទៅ ។

ប៉ុន្តែកុំភ្លេចថា តម្លៃមិនអាចដាក់ទាបជាងគេពេកទេ ព្រោះវានាំឲ្យខូចទីផ្សារទាំងអស់គ្នា បើអ្នកចង់ទាក់ទាញអតិថិជនថ្មី អ្នកអាចបញ្ចុះតម្លៃតរយៈពេលខ្លីណាមួយ ឬថែមសេវាកម្មណាមួយដើម្បីឲ្យគេពេញចិត្ត ។

៥-រកអតិថិជននិងគម្រោង

គិតឲ្យស្រួលទៅ អតិថិជនដែលល្អប្រាកដជា អតិថិជនដែលហ៊ានចាយលុយជាមួយអ្នកមិនស្តាយ ប៉ុន្តែកុំភ្លេចថា មិនមែនគេមានលុយឲ្យអ្នក អ្នកត្រូវតែធ្វើការឲ្យគេទេ ជៀសវាងអតិថិជនដែលទូរស័ព្ទមកទាមទារនេះនោះឲ្យបាន ។

ដើម្បីរកអតិថិជនល្អហើយបានច្រើនអ្នកត្រូវចេះចូលរួមជាមួយសមាគន៍ឌីស្សាញ ក្រុមអ្នករកស៊ី និងបង្កើតទំនាក់ទំនងជាមួយអ្នកដែលរកស៊ីស្រដៀងយើងដូចជា Web Developer, អ្នកគ្រប់គ្រងបណ្តាញសង្គម ហាងព្រីន អ្នកទីផ្សារជាដើម ។

៦-រៀនសរសេរកុងត្រា

មុនពេលដែលអ្នកចរចារទទួលគម្រោងឌីហ្សាញយកមកធ្វើ កុំភ្លេចរៀនសរសេរកុងត្រាងាយៗផង អ្នកអាចសរសេរកុងត្រាសាមញ្ញតាមគម្រូខាងក្រោម ៖

  • ព័ត៌មានរវាងអ្នកនិងអតិថិជន
  • ការងារលម្អិតដែលអ្នកផ្តល់ឲ្យអតិថិជន
  • លក្ខខណ្ឌបង់លុយ
  • ពេលវេលាចាប់ផ្តើមនិងបញ្ចប់
  • ហត្ថលេខានិងថ្ងៃចុះកុងត្រា

មានប៉ុននេះ អ្នកអាចចាប់ផ្តើមបានហើយ រឿងដែលអ្នកត្រូវធ្វើគឺអនុវត្តន៍ និងបន្តរៀនសូត្របន្ថែមដើម្បីអភិវឌ្ឍន៍ជំនាញជាអ្នកឌីហ្សាញ អ្នករកស៊ី ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here