សាត ចាន់នី៖ ចប់ទី១២ ធ្វើកម្មករសំណង់ប្រាក់ខែ៥០$ តស៊ូរៀនចប់ បើកក្រុមហ៊ុនសំណង់ខ្លួនឯង

0
51418

(ភ្នំពេញ)៖ យុវជន សាត ចាន់នី ខំតស៊ូជម្នៈនឹងការរៀនសូត្ររហូតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិស្វករសំណង់ពីសាលាន័រតុន រត់មកបើកក្រុមហ៊ុនសំណង់ដោយខ្លួនឯងពីទុនតែជាង១ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ។​

សហគ្រិនជំនាន់ថ្មី ឆ្អែតឆ្អន់នឹងបទពិសោធន៍ការងារក្នុងវិស័យសំណង់រូបនេះបានប្រាប់ខ្ញុំថា ក្រោយពេលប្រឡប់ជាប់បាក់ឌុប ដោយសារគ្រួសារមានជីវភាពខ្វះខាត លោកក៏សម្រេចឡើងមកទីក្រុងភ្នំពេញ ដើម្បីរកការងារធ្វើយកលុយទៅរៀនសូត្របន្ត។​

លោកបន្តថា៖ ការងារដែលលោកសុំគេធ្វើនៅពេលនោះគឺជាការងារកម្មករសំណង់ គ្មានជំនាញ គ្មានបទពិសោធន៍ មានតែកម្លាំង ដោយទទួលបានប្រាក់ខែតែ៥០ដុល្លារ និងទទួលបានកន្លែងស្នាក់នៅ គួបផ្សំនឹងអាហារបន្ថែមបីពេលប៉ុណ្ណោះ។ ជាមួយគ្នា រូបលោកផ្ទាល់បានបញ្ជាក់ថា លោកមិនសូវផ្តោតលើប្រាក់ខែប៉ុន្មានទេ សំខាន់គឺចំណេះដឹង និងជំនាញពីការងារ។

យុវជន ចាន់នី រំលឹកបន្ថែមថា ក្រោយការប្រឹងប្រែងធ្វើការ និងតស៊ូជម្នៈរៀនសូត្របន្តនៅសកលវិទ្យាល័យន័រតុន ដោយធ្វើការពេលថ្ងៃសិក្សាវេនយប់ ការងារក៏ចេះតែរីកចម្រើន តួនាទីក៏ឡើងចេះតែធំទៅៗ ប្រាក់ខែចាយវាយក៏ធូរស្រាលជាងមុនដែរ រហូតរៀនដល់ឆ្នាំទី២ លោកបានក្លាយជាប្រធានផ្នែកគ្រប់គ្រងបច្ចេកទេសសាងសងឲ្យក្រុមហ៊ុនឯកជនមួយកន្លែងតែម្តង។

បន្ទាប់ពីទទួលបានបទពិសោធន៍ និងចំណេះដឹងយ៉ាងក្រាសក្រែលហើយ លោកក៏ងាកទៅធ្វើការងារឲ្យក្រុមហ៊ុនផ្សេងមួយទៀត ដើម្បីទទួលបានបទពិសោធន៍ថ្មី ហើយការងារថ្មីនេះ លោកទទួលខុសត្រូវលើគម្រោងសាងសងតាំងពីចាក់គ្រឹះ រហូតដល់ចប់ជាស្ថាពរជាច្រើនគម្រោង បើទោះជាពេលចាប់ផ្តើមការងារនេះដំបូងគេឲ្យប្រាក់ខែតែតិចតួចក្តី។​

សិក្សាដល់ឆ្នាំទី៥ លោកក៏ផ្លាស់ប្តូរការងារថ្មីម្តងទៀត ចាប់ផ្តើមពីតូចម្តងទៀត កាន់ការងារផ្នែកឌីសាញ និងគូសប្លង់ ដោយទទួលបានប្រាក់ខែតែ៨ដុល្លារប៉ុណ្ណោះក្នុង១ថ្ងៃ ហើយក៏វិវឌ្ឍន៍ខ្លួនក្លាយជាអ្នកប្រឹក្សាផ្នែកសំណង់។ ធ្វើការបាន៧ខែ ទោះជាប្រាក់ខែអាចរកបានជិត២ពាន់ដុល្លារក្តី ក៏លោកសម្រេចចិត្តលាឈប់ពីការងារដែរ ដោយតាំងចិត្តដើរតាមគោលដៅរបស់ខ្លួនវិញម្តង។

ដោយមានទុនតែជាង១ពាន់ដុល្លារ លោកចាប់ផ្តើមក្រុមហ៊ុនសំណង់របស់ខ្លួនដោយបើកសាលាបង្រៀនទៅមុន ដោយព្យាយាមច្នៃលុយ១ពាន់ដុល្លារនេះឲ្យអស់លទ្ធភាពបង្កើតបានសាលាឯកជនក្រៅមួយកន្លែង ទាញបានសិស្សចូលរៀនជាច្រើននាក់បន្តបន្ទាប់គ្នា ចំណូលបានពីការបង្រៀនទាំងនេះ លោកយកទៅច្នៃប្រមូលទិញសម្ភារៈ និងប្រើប្រាស់ក្នុងការងារក្រុមហ៊ុនសំណង់ដែលទើបតែដុះពន្លកនៅចុងឆ្នាំ២០១៧នោះ។

លោកទទួលបានការទុកចិត្តលើបទពិសោធន៍ សមត្ថភាព និងការណែនាំពីកូនសិស្សដែលបានមករៀនជាមួយ និងអ្នកធ្លាប់ធ្វើការងារជាមួយ ក៏ចាប់ផ្តើមមានគេស្គាល់ មានគម្រោងបន្តបន្ទាប់គ្នាដាក់ឲ្យលោកធ្វើ ចំណាយពេលតែជាង១ឆ្នាំ ក្រុមហ៊ុនសំណង់នេះក៏លេចចេញរូបរាងជាក់លាក់បន្តិចម្តងៗ ហើយក្នុងក្តីស្រមៃរបស់លោក លោកចង់ឲ្យក្រុមហ៊ុនសំណង់របស់លោក ក្លាយជាក្រុមហ៊ុនស្តង់ដា ទទួលគម្រោងគូសប្លង់ ប្រឹក្សា សាងសងទាំងក្នុងស្រុក និងក្រៅស្រុក ដោយផ្តោតសំខាន់ធ្វើឲ្យអតិថិជនទទួលបានផលចំណេញ សុវត្ថិភាព សោភ័ណ្ឌភាព និងសប្បាយចិត្ត។

សាត ចាន់នី៖ “ខ្ញុំសុខចិត្តធ្វើការដាច់យប់ ចំណេញតិច ឲ្យតែអតិថិជនខ្ញុំសប្បាយចិត្ត វាជាភាពជោគជ័យ និងរឿងដ៏គួរឲ្យសប្បាយចិត្តសម្រាប់ខ្ញុំហើយ។”

Facebook: EBC Construction & Consulting 

 

អត្ថបទដោយ៖ ម៉េង សុងហោរ

ស្ថាបនិក Cam-in & សហស្ថាបនិក ផ្សារខ្មែរ

អ្នកនិពន្ធសៀវភៅ “ត្រៀមចេញរកស៊ីឲ្យចំគោលដៅ”

LEAVE A REPLY

Please enter your comment!
Please enter your name here