អ្នកស្រី គៀត អភិវឌ្ឍន៍៖ ចាប់ផ្ដើមរកស៊ីពីដើមទុនតិចតួច រហូតមានក្រុមហ៊ុន ៣ក្នុងដៃ

0
2333

ធ្វើការមិនដល់១ឆ្នាំផង យុវតីម្នាក់ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង មកបន្តការសិក្សា និងបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅទីក្រុងភ្នំពេញ រួចសន្សំបានលុយមួយចំនួនធ្វើជាដើមទុន ចេញរកស៊ីខ្លួនឯងរហូតបង្កើតបានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម Hybrid Advertising Co, Ltd ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី គៀត អភិវឌ្ឍន៍ គឺជាស្ថាបនិក  និងជាអគ្គនាយិកាប្រតិបត្ដិ ក្រុមហ៊ុន Hybrid Advertising Co, Ltd ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មផ្តល់សេវាកម្មពាណិជ្ជកម្មគ្រប់ប្រភេទ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសង្គមពាណិជ្ជកម្ម Advertising Agency បានមានប្រសាសន៍ថា គ្រាដំបូង អាជីវកម្មមួយនេះចាប់ផ្តើមឡើងក្នុងទ្រង់ទ្រាយតូច ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានការគាំទ្រច្រើនពីសំណាក់អតិថិជន ទុកចិត្តលើសេវាកម្មដែលផ្តល់ជូន បំពេញការងារដោយការទទួលខុសត្រូវខ្ពស់ ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ និងមានគុណភាព បានធ្វើឲ្យអ្នកស្រី ពង្រីកអាជីវកម្មមួយនេះកាន់តែធំៗឡើង រហូតនៅក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន Hybrid Advertising បានប្រែខ្លួនជាក្រុមហ៊ុនដែលផ្តល់នូវសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ដែលក្នុងវិស័យនេះគេហៅថា ក្រុមហ៊ុន Advertising full service ។

តាមរយៈបទពិសោធន៍ដឹកនាំក្រុមហ៊ុនដំបូងទទួលបានជោគជ័យ ស្ថាបនិកវ័យក្មេងរូបនេះបានបង្កើតអាជីវកម្ម ២ទៀត នោះគឺ ប្រណិតពិធី សំអាងការ និងក្រុមហ៊ុនទេសចរណ៍ អេលីត។

ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុនទាំង៣ អ្នកស្រីអគ្គនាយិកាបានបង្ហើបថា ដឹកនាំអាជីវកម្មមួយទទួលបានជោគជ័យបាន មូលដ្ឋានសំខាន់គឺផ្អែកលើធនធានមនុស្ស និងវិធីសាស្ត្រក្នុងការដឹកនាំ និងគ្រប់គ្រង។​ ផ្តោតលើចំណុចធនធានមនុស្ស អ្នកស្រីបានចែករំលែកថា អ្នកស្រីតែងតែពង្រឹងបន្ថែមសមត្ថភាពបុគ្គលិកជានិច្ចតាមរយៈផ្តល់ការបណ្តុះបណ្តាលទៅតាមជំនាញបុគ្គលិកទាំងក្នុងនិងក្រៅប្រទេស ហើយសព្វថ្ងៃនេះ ក្រុមហ៊ុនទាំង៣ រក្សាបាននូវធនធានមនុស្ស ខំប្រឹងធ្វើការអស់ពីសមត្ថភាព និងមានសាមគ្គីភាពជំនះរាល់ឧបសគ្គដែលជួបប្រទះជាមួយអ្នកស្រី រួមជាមួយវិធីសាស្ត្រដឹកនាំដ៏ប៉ិនប្រសព្វរបស់អ្នកស្រី ក្រោមរចនាសម្ព័ន្ធគ្រប់គ្រងក្រុមហ៊ុនស្តង់ដារ។

ប្រឡូកក្នុងវិស័យអាជីវកម្មទាំងភាពវ័យក្មេងអស់រយៈពេលជិត១០ឆ្នាំមកនេះ ម្ចាស់ក្រុមហ៊ុនទាំង៣ រូបនេះ បានបន្តថា ទម្រាំក្រុមហ៊ុនទាំង៣ ដំណើរការទៅមុខ រីកចម្រើន និងទទួលបានជោគជ័យដូចសព្វថ្ងៃនេះ អ្នកស្រីឆ្លងកាត់នូវឧបសគ្គជាច្រើន អ្នកស្រីបានរៀនសូត្រ និងទទួលយកនូវបទពិសោធន៍នៃការអនុវត្តផ្ទាល់ជាច្រើនដូចគ្នា ហើយក៏មិនបំភ្លេចបានគ្រាធ្វើការឲ្យគេ ជាគន្លឹះមួយដែលធ្វើឲ្យអ្នកស្រីយល់ចិត្តបុគ្គលិក និងដឹកនាំមានប្រសិទ្ធភាព រួមជាមួយគ្នានេះក៏មានការចូលរួមគាំទ្រពីសំណាក់អតិថិជន ជាពិសេសទៀតនោះគឺការគាំទ្រជម្រុញចិត្តពីបុគ្គលិកផងដែរ។

យ៉ាងណាមិញ អ្នកស្រីបង្ហាញនូវភាពក្លៀវក្លាថា អ្នកស្រីមិនដែលចុះចាញ់ ឬខ្លបខ្លាចការងារលំបាកនោះឡើយ ចំណុចនេះដែលធ្វើឲ្យអ្នកស្រីឈានចេញពីបុគ្គលិកម្នាក់ ក្លាយជាម្ចាស់អាជីវកម្មទាំង៣ បង្កើតឡើងស្នាដៃខ្លួនឯងផ្ទាល់ ជាពិសេសនៅក្នុងឆ្នាំ ២០១៨នេះ អ្នកស្រីបានទទួលពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ដែលមានអ្នកស្រីគឺជស្ត្រីទីមួយទទួលបានពានមួយនេះ គួរជាទីមោទនភាព។

 

អត្ថបទដោយ៖ ធូរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here