ដំណឹងល្អ! ទីក្រុងកំពតរបស់ខ្មែរ គ្រោងចុះបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោកក្នុងពេលឆាប់ៗនេះ

0
8132

កាលពីថ្ងៃទី២៦ ខែកញ្ញា ឯកឧត្តម កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍ តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារ បើកកិច្ចប្រជុំស្តីពី ប្រទេសកម្ពុជាកំពុងត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងការកសាងឯកសារបឋមនៃទីក្រុងកំពត ដើម្បីចុះក្នុងបញ្ជីទីក្រុងបេតិកភណ្ឌ។ នេះបើយោងតាមការប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងទេសចរណ៍កម្ពុជានាពេលថ្មីៗនេះ។

ឯកឧត្តម កើត ពុទ្ធវរី មានប្រសាសន៍ថា ទីក្រុងកំពត គឺជាទីក្រុងដែលអង្គការ UNESCO ប្រចាំកម្ពុជាសហការជាមួយក្រសួងវប្បធម៌កំពុងសិក្សា និងមានបំណងដាក់ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក ដែលនេះជាសញ្ញាថ្មីមួយទៀត សម្រាប់គោលនយោបាយអភិវឌ្ឍន៍ វិស័យទេសចរណ៍ ឱ្យមានភាពទាក់ទាញ និងបញ្ជ្រាបការយល់ដឹង អំពីការដាក់ទីក្រុងក្នុងបញ្ជី បេតិភណ្ឌជាអត្ថប្រយោជន៍ និងការស្ទង់មតិអំពីការត្រៀមលក្ខណៈ ដើម្បីចុះទីក្រុងកំពតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ឯកឧត្តមបានបញ្ជាក់ថា នេះជាលើកទី១ ក្នុងការចងក្រងរៀបចំជាបញ្ជីបេតិកភណ្ឌ ដើម្បីស្នើសុំទៅអង្គការ UNESCO ក្នុងការចុះបញ្ជីពិភពលោក ព្រោះប្រទេសជុំវិញកម្ពុជា គេបានរៀបចំ ដូចគ្នានេះអស់ហើយដែរ ដូចជា ឡាវ វៀតណាម និងថៃជាដើម។ ក្នុងនាមក្រសួងទេសចរណ៍ក៏ដូចរាជរដ្ឋាភិបាលកម្ពុជាបានរំពឹងទុកថា គឺអាចស្នើសុំពីអង្គការ UNESCO ដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានសម្រាប់ខេត្តកំពតព្រោះថា បើគិតពីប្រវត្តិសាស្ត្រអាយុកាលរាប់រយពាន់ឆ្នាំ ប្រទេសជាតិយើងមានអាយុកាលជាយូរលង់មកហើយមុនគេនៅអាស៊ីនេះ។

បន្ថែមពីលើនេះ ឯកឧត្តមក៏បានសំណូមពរស្នើសុំដល់អាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ ត្រូវសហការរួមគ្នាថែរក្សាអភិរក្ស សំណង់បេតិកភណ្ឌទាំងអស់នោះឱ្យបានគង់វង្ស ពិសេសយើងទាំងអស់គ្នាចូលរួមសំអាតអនាម័យ បរិស្ថានលើកម្ពស់សោភ័ណភាពទីក្រុង បង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនស្របតាមចក្ខុវិស័យ ការព្យាករណ៍របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅឆ្នាំ២០២០កម្ពុជា នឹងមានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៧លាននាក់ ជាមួយចំណូលជាង ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ ១លាននាក់ និងដោយប្រយោលរាប់លាននាក់ថែមទៀត៕

អត្ថបទដោយ៖ Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here