មកដឹងពីវិធីសាស្ត្ររកលុយចាយដោយខ្លួនឯង អំឡុងពេលកំពុងសិក្សានៅមហាវិទ្យាល័យ

0
3236

សម្រាប់គេជាកូនអ្នកមានវាមិនជាសំខាន់ប៉ុន្មានទេ ក្នុងការរកលុយចាយដោយខ្លួនឯងអំឡុងពេលកំពុងសិក្សានោះ ក៏ប៉ុន្តែសម្រាប់យើងដែលជាកូនអ្នកក្រ ឬមានជីវភាពមធ្យមវិញ យើងគួរតែខិតខំស្វែងរកវិធីសាស្រ្តក្នុងការរកលុយចាយដោយខ្លួនឯងឱ្យបានច្រើន ដើម្បីជួយសម្រាលបន្ទុកគ្រួសារ និងជាបទពិសោធន៍ផ្ទាល់ខ្លួន ជៀសជាងយកពេលទំនេរឥតប្រយោជន៍។

តើគួរធ្វើបែបណា ដើម្បីអាចរកលុយចាយដោយខ្លួនឯងបាន អំឡុងពេលដែលកំពុងសិក្សា? ថ្ងៃនេះ Business Cambodia សូមគាស់បង្ហាញនៅវិធីសាស្រ្តមួយចំនួនសម្រាប់និស្សិតដែលកំពុងសិក្សា អាចយកទៅអនុត្តន៍ ដើម្បីជាស្ពានឈានដល់ការបង្កើតប្រាក់ចំណូលដោយខ្លួ​នឯង។

១. លក់អនឡាញ

និន្នាការលក់តាមអនឡាញនាពេលបច្ចុប្បន្ននេះ គឺជាវិធីសាស្រ្តក្នុងការរកលុយដ៏មានឥទ្ធិពលខ្លាំងបំផុតសម្រាប់យុគសម័យថ្មី។ ជាក់ស្តែង មិនថាជាមនុស្សស្រី ឬជាមនុស្សប្រុសនោះទេ ឱ្យតែជំនះភាពខ្មាស់អៀន និងការខ្ចិលច្រអូសបាន ពួកគេនឹងអាចរកចំណូលបានដោយមិនចាំបាច់មានដើមទុនក៏បានដែរ។ ត្រង់ចំណុចនេះ ចង់សង្កត់ធ្ងន់ថា ប្រសិនបើអ្នកចង់លក់តាមអនឡាញ អ្នកមិនចាំបាច់ទាល់តែមានលុយច្រើន ឬទីតាំងច្បាស់លាស់ទើបលក់បាននោះទេ ព្រោះការលក់តាមអនឡាញភាគច្រើនគេស្វែងរកអតិថិជនបានហើយ ទើបគេកម្ម៉ង់ទិញផលិតផលពីម្ចាស់ដើម យកមកលក់បន្តតាមក្រោយ។

២. ធ្វើការក្រៅម៉ោង

នៅក្នុងរាជធានីភ្នំពេញយើងសព្វថ្ងៃនេះ ការងារពេញម៉ោង និងការងារក្រៅម៉ោងមានការកើនឡើងជាច្រើនដែលអ្នកអាចស្វែងរកបានតាមរយៈហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងអាសេសសើរី ហាងលក់ទូរស័ព្ទ និងកន្លែងផ្តល់សេវាកម្ម ព្រមទាំងការងារជាអ្នកដឹកជញ្ជូនជាដើម។ ក៏ប៉ុន្តែ សម្រាប់អ្នកដែលរៀននៅតាមបណ្តាខេត្តប្រហែលជាមិនសូវមានការងារពេញម៉ោង ឬក្រៅម៉ោងច្រើនោះទេ ប៉ុន្តែអ្នកក៏អាចរកប្រាក់ដោយខ្លួនឯងបានដែរ តាមរយៈការដាំណាំបន្លែ ការចិញ្ចឹមសត្វជាដើម។

៣. គ្រូបង្រៀន

ការងារជាគ្រូបង្រៀនគេមិនទាមទារទាល់តែអ្នកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតទើបព្រមឱ្យអ្នកធ្វើជាគ្រូបង្រៀនគេនោះទេ។ ជាក់ស្តែង នៅតាមសាលាឯកជនជាច្រើននៅកម្ពុជាយើងនេះ មានគ្រូបង្រៀនភាសាអង់គ្លេស ថៃ ចិន និងភាសាផ្សេងៗទៀត ដែលពួកគាត់ទើបតែរៀនឆ្នាំទី១ ទី២ ឬទី៣ប៉ុណ្ណោះ។ អាស្រ័យហេតុនេះ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលធ្លាប់បានរៀនភាសាអង់គ្លេស និងភាសាផ្សេងៗទៀតតាំងតែពីក្មេង ហើយអ្នកចេះភាសានោះច្បាស់ អ្នកគួរតែស្វែងរកសាលាណាដែលសាកសមនឹងអ្នកទៅ ៕

អត្ថបទដោយ៖ ម៉េង សុងលី

 

LEAVE A REPLY

Please enter your comment!
Please enter your name here