លោកច្រឹក សុខនីម៖ ផ្លាស់ប្តូរជីវិតពីក្មេងវត្ត ក្លាយជាសហគ្រិនអចនលទ្រព្យល្បីឈ្មោះក្នុងសង្គមខ្មែរ

0
1191

លោកច្រឹក សុខនីម ជាបុគ្គលជឿងលើការខិតខំប្រឹងប្រែង និងជឿកជាក់លើខ្លួនឯង បានចំណាយពេលយុវវ័យរបស់ខ្លួនផ្តោតសំខាន់លើការសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យទាំងការសិក្សា ការងារ និងឈានដល់ការចេញរកស៊ីខ្លួនឯង បើទោះបីខ្លួនធ្លាប់មានជីវភាពក្រីក្រ អតីតជាក្មេងវត្តក្តី។ ការមានគោលដៅ និងឆន្ទៈដ៏ច្បាស់លាស់បានរុញច្រានឱ្យអតីតក្មេងវត្តមកពីខេត្តកំពង់ចាមមួយនេះ មិនញញើតក្នុងការពុះពារគ្រប់ឧបសគ្គក្នុងការជន្នះការលំបាកនានារាប់ឆ្នាំ ទម្រាំសម្រេចគោលដៅដែលខ្លួនប៉ងទុក និងក្លាយជាសហគ្រិនលើវិស័យអចលនទ្រព្យល្បីឈ្មោះមួយរូបក្នុងសង្គមខ្មែរយើង។

លោកច្រឹក សុខនីម ជាស្ថាបនិក និងជា CEO ក្រុមហ៊ុន Century 21 Mekong បានថ្លែងប្រាប់ Business Cambodia ថា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅខេត្តកំពង់ចាមជាស្រុកកំណើតមក បានបន្តការសិក្សានៅទីក្រុងភ្នំពេញតាមរយៈការទទួលបានអាហារូបករណ៍សិក្សាផ្នែកសំណង់ស៊ីវិល ភាសាអង់គ្លេស និងឆ្លៀតរៀនជំនាញសេដ្ឋកិច្ចបន្ថែមទៀត។ មកដល់ទីក្រុងភ្នំពេញលោកបានសុំវត្តលោកស្នាក់អាស្រ័យកំឡុងពេលសិក្សា និងឆ្លៀតធ្វើការងារជាគ្រូបង្រៀនភាសាអង់គ្លេសនៅតាមសាលាឯកជន ដើម្បីរកចំណូលទ្រទ្រង់ជីវភាពខ្លួនឯង។

ក្រោយពីបញ្ចប់សិក្សាលោកបានឆ្លងកាត់ការងារជាច្រើនឆ្នាំនៅ៖ អង្គការអភិវឌ្ឍន៍កសិកម្មកម្ពុជា ការ៉ាស់សាំងកាំលតិចតួនាទីជាប្រធានគ្រប់គ្រង, ផ្នែកគ្រប់គ្រងសេវាកម្មនៅធនាគារ និងការងារចុងក្រោយលោកបានចំណាយពេលជាង១៣ឆ្នាំក្នុងក្រុមហ៊ុនអចលនទ្រព្យVTRUST តួនាទីជាអនុប្រធានក្រុមហ៊ុន មុនចេញរកស៊ី។

លោកបានបញ្ជាក់ថា ក្រោយបានធ្វើការក្រុមហ៊ុនអចលនទ្រព្យជាង១៣ឆ្នាំមក ស្របពេលមើលឃើញឱកាសនៃភាពរីកចម្រើនលើវិស័យអចលនទ្រព្យ លោកបានសម្រេចចិត្តបោះបង់ចោលតួនាទីជាអនុប្រធានក្រុមហ៊ុន ចេញរកស៊ីដោយខ្លួនឯងវិញ ជាមួយក្រុមការងារដែលមានទស្សនវិស័យស្រដៀងគ្នា នៅកំឡុងឆ្នាំ២០១៥ ដោយសម្រេចចិត្តទិញ Franchis(សិទ្ធិធុរៈកិច្ច) ពីក្រុមហ៊ុន Century 21 Cambodia តែម្តង។

មុនចេញរកស៊ីអ្វីដែលលោកត្រៀមសំខាន់មុនគេ គឺ Concept Strategy Business តើក្រុមហ៊ុនបង្កើតឡើងចង់បានអ្វី សម្រាប់រយៈវែង ឬជាទស្សនវិស័យក្រុមហ៊ុន ហើយរយៈពេលខ្លីត្រូវធ្វើអ្វីខ្លះ ដើម្បីបំពេញគោលដៅរយៈពេលវែង។ ជាទូទៅក្រុមហ៊ុនរបស់លោកចាប់ផ្តើមធ្វើពីចំណុចតូចទៅ តែផ្តោតខ្លាំង ច្បាស់លាស់ ពេលជោគជ័យហើយអាចធ្វើជាម៉ូដែល សម្រាប់ពង្រីកការងារបន្ថែមទៀតឱកាន់តែធំ មិនចាប់ផ្តើមធ្វើរឿងធំតែម្តងនោះទេ។ នេះបើតាមការបញ្ជាក់របស់សហគ្រិនអចលនទ្រព្យរូបនេះ។

ការសហការគ្នាចេញរកស៊ីវិស័យអចលនទ្រព្យជាចំណុចល្អមួយ ជាពិសេសក្រុមការងារមានទស្សនវិស័យស្រដៀងគ្នា។ សម្រាប់ការកសាងក្រុមការងារដ៏ល្អមួយមិនមែនជារឿងងាយស្រួលនោះទេ ត្រូវមានការទុកចិត្តខ្លាំងលើគ្នាទៅវិញទៅមក ព្រោះបើមិនទុកចិត្តមិនអាចចេញរកស៊ីជាមួយគ្នាបានទេ បន្ថែមពីលើនេះត្រូវមានទស្សនៈ និងគោលដៅប្រហាក់ប្រហែលគ្នាផងដែរ។

ភាពជោគជ័យសម្រាប់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យជាទូទៅផ្អែកលើចំណុច២សំខាន់ ទី១ការកសាងធនធានមនុស្សឱ្យបានល្អ និងភាពជឿជាក់ពីសំណាក់មហាជនទូទៅ។

ដើម្បីកសាងក្រុមការងារមួយខ្លាំងបាន លុះត្រាតែយើងកំណត់តួនាទីបុគ្គលិកតាមផ្នែកនីមួយៗមានភាពច្បាស់លាស់ មានប្រព័ន្ធជ្រើសរើសត្រឹមត្រូវ បែកចែកបុគ្គលិកទៅតាមទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់គេ និងបង្កើតវប្បធម៌ការងារក្រុម មិនឱ្យមានបុគ្គលិកណាមួយមានបញ្ហាដាច់ដោយឡែកពីក្រុមនោះទេ ត្រូវតែចេះឱបក្រសោបគ្នា រួមសុខទុក្ខ ស្រឡាញ់គ្នា ដើរទៅជាមួយគ្នា។ ពេលមនុស្សចេះស្រឡាញ់គ្នា ច្បាស់ណាស់ថា ពួកគេនិងយកបេះដួង និងចំណេះដឹងទៅធ្វើការ ដោយមិនគិតពីពេលវេលា ផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ព្រោះក្រុមហ៊ុនសេវាកម្មទាមទារបុគ្គលិកយកបេះដួងទៅធ្វើការ ទើបទទួលបានជោគជ័យ។

បញ្ហាធនធានមនុស្សអាចកំណត់ជោគវាសនាក្រុមហ៊ុន ដូច្នេះសហគ្រិនគ្រប់រូបត្រូវតែយកចិត្តទុកដាក់ក្នុងការកសាងក្រុមការងារឱ្យបានខ្លាំង បើមិនដូច្នេះទេ អាចធ្វើឱ្យការចេញរកស៊ីរបស់យើងទទួលបរាជ័យមិនខានឡើយ។ ជាក់ស្តែងក្រុមហ៊ុនលោកផ្ទាល់បានវិនិយោគច្រើនលើធនធានមនុស្សជាអទិភាព ដោយផ្តល់ការបណ្តុះបណ្តាល ចំណេះដឹងបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អ។

ជាបទពិសោធន៍របស់លោក សម្រាប់អ្នកមិនមានបទពិសោធន៍សោះលើវិស័យអចលនទ្រព្យ ហើយចង់ចេញរកស៊ីវិស័យនេះ គួរតែសិក្សារៀនសូត្ររយៈ៣ ទៅ៦ខែ ក្នុងការស្វែងយល់ប្រព័ន្ធការងារ ដើម្បីឱ្យប្រាកដថា ខ្លួនឯងយល់ស៊ីជម្រៅ មានគំនិតច្នៃប្រឌិត មើលឃើញទស្សនវិស័យវែងឆ្ងាយ ប្រាកដថាខ្លួនឯងគ្រប់គ្រងការរកស៊ីវិស័យនេះហើយឬនៅ? ពេលមានចំណុចសំខាន់នេះហើយ ពួកគេអាចចេញរកស៊ីដោយខ្លួនឯងបានហើយ។

ម្យ៉ាងទៀត ការចេញរកស៊ីសម្រាប់អ្នកគ្មានបទពិសោធន៍វាអាស្រ័យលើផ្នត់គំនិតសហគ្រិនខ្លួនឯងផ្ទាល់ បុគ្គលខ្លះប្រឡួកយកបទពិសោធន៍ ទើបចេញរកស៊ីដោយខ្លួនឯង បុគ្គលខ្លះមានចំណេះដឹងផ្នែកអចលនទ្រព្យ គ្មានបទពិសោធន៍ តែសហការជាមួយក្រុមការងារ ដើម្បីចេញរកស៊ីតែម្តង។

លោកបានបញ្ជាក់សារជាថ្មីថា ភាពរីកចម្រើនក្រុមហ៊ុនលោកផ្អែកលើចំណុច ៣សំខាន់៖ ការធ្វើការងារចុះសម្រុងគ្នារវាងម្ចាស់ភាគហ៊ុន មានទស្សនវែងឆ្ងាយ, មានក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនសុទ្ធតែមានបទពិសោធន៍ និងសមត្ថភាពខ្ពស់ និងចុងក្រោយការកសាងក្រុមការងារដ៏ល្អមួយ ដែលសំដៅលើបុគ្គលិកដែលមានសមត្ថភាព និងចំណេះដឹងពិតប្រាកដលើជំនាញ ចេះសហការគ្នា៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here