សហគ្រិនស្រ្តី៖ បង្ហើបយុទ្ធសាស្រ្តចំនួន៤ អាចធ្វើឱ្យហាងរបស់ខ្លួនដំណើរការបានជាង១០ឆ្នាំ

0
3349

ភ្នំពេញ៖ សហគ្រិនស្ត្រីវ័យ៣៦ឆ្នាំ អ្នកនាងអាំ វាសនា ជាម្ចាស់ហាងលក់កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិកមួយកន្លែងនៅរាជធានីភ្នំពេញ។ សហគ្រិនស្ត្រីរូបនេះ បានបើកហាងរបស់ខ្លួនឡើងក្នុងឆ្នាំ២០០៥  ដោយ​ប្រើដើមទុនផ្ទាល់ខ្លួនត្រឹមតែ ៧០០ដុល្លារតែប៉ុណ្ណោះ។

ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយសារព័ត៌មាន Business Cambodia អ្នកនាងអាំ វាសនា បានបង្ហើបពីយុទ្ធសាស្រ្តសំខាន់ៗ​ចំនួន៤ ដែលអាចធ្វើឱ្យហាងរបស់ខ្លួនដំណើរការបានជាង១០ឆ្នាំ និងអាចពង្រីកបានពីរសាខានៅក្នុងរាជធានីភ្នំពេញ។ យុទ្ធសាស្រ្តទាំង៤នោះ រួមមាន៖

១. តម្លៃទីផ្សារ

សហគ្រិនស្រ្តីដែលធ្លាប់ឆ្លងកាត់ខ្សែជីវិតលំបាកវេទនារូបនេះ បានលើកឡើងថា អ្នកនាងតែងតែផ្តោតសំខាន់ទៅលើតម្លៃផលិតផលរបស់គូរប្រកួតប្រជែងជាមុនសិន មុននឹងដាក់លក់ផលិតផលរបស់ខ្លួនតាមក្រោយ។ ត្រង់ចំណុចនេះ អ្នកនាងពន្យល់ថា ប្រសិនជាអ្នកចង់ដាក់លក់នៅផលិតផលអ្វីមួយ ប៉ុន្តែផលិតផលនោះមានលក់នៅលើទីផ្សារហើយ អ្នកត្រូវតែដាក់លក់ក្នុងតម្លៃទាបជាងគេ។

២. សេវាកម្ម

សហគ្រិនស្ត្រីវ័យ៣៦ឆ្នាំម្នាក់នេះ បានឱ្យដឹងទៀតថា មូលហេតុសំខាន់បំផុតដែលធ្វើឱ្យហាងរបស់អ្នកនាងដំណើរការបានរហូតមកទល់ពេលនេះ គឺដោយសារការយកចិត្តទុកដាក់ទៅលើសេវាកម្មជូនអតិថិជននេះហើយ។ អ្នកនាងបញ្ជាក់ថា សេវាកម្មគឺជារឿងសំខាន់បំផុតសម្រាប់ម្ចាស់អាជីវកម្ម មិនថាអាជីវកម្មនោះបើកថ្មី ឬបើកយូរហើយនោះទេ។

៣. គុណភាព

ត្រង់ចំណុចនេះ អ្នកនាងអាំ វាសនា គូសបញ្ជាក់ថា គុណភាពផលិតផលគឺជារឿងដែលខ្វះមិនបាននោះទេ ប្រសិនបើអ្នកមិនចង់ឱ្យអតិថិជនថ្មីរបស់អ្នកមកម្តងហើយ លែងមករហូតនោះ។ ជាក់ស្តែងដូចជាហាងរបស់គាត់ផ្ទាល់អញ្ចឹង គឺរាល់ផលិតផលសុទ្ធតែមានយីហោច្បាស់លាស់ និងមានគុណភាពខ្ពស់ មុននឹងយកមកលក់បន្តឱ្យអតិថិជន។

៤. ស្មោះត្រង់

សហគ្រិនរូបនេះ បានសង្កត់ធ្ងន់ថា ការស្មោះត្រង់ជាមួយអតិថិជន ទើបធ្វើឱ្យអតិថិជនដែលមកទិញម្តងហើយតែងមកទិញម្តងទៀត ឬក៏បានណែនាំមិត្តភក្ត បងប្អូនរបស់គេងាកមករកហាងរបស់យើង។ ទន្ទឹមគ្នានេះ យើងត្រូវស្មោះត្រង់ជាមួយដៃគូររកស៊ីផងដែរ ៕

អត្ថបទដោយ៖ ម៉េង សុងលី

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here