ហេតុអ្វីអ្នកបើកឡានភាគច្រើនចូលចិត្តជិះឡាន Toyota ខណៈដែលយីហោនេះក្លាយជាយីហោលេខមួយ?

0
2181

ថ្វីត្បិតតែស្រុកខ្មែរមិនសូវមានសំទុះលក់ឡានថ្មីពិតមែន ប៉ុន្តែ Toyota នៅតែអាចវាយលុកទីផ្សារតូចមួយនេះជាមួយឡានមួយទឹករបស់ខ្លួន បើធៀបជាមួយយីហោឡានដទៃ Toyota គឺជាយីហោឡានដែលមានតម្លៃបំផុតលើពិភពលោក ឈរលើតំណែងលេខមួយ ជាមួយគ្នានេះ Toyota បានបង្កប់នូវគុណតម្លៃទាំងនេះដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនរាប់ឆ្នាំ ។

១-ប្រើប្រេងឥន្ធនៈតិចបំផុត

ការប្រើប្រាស់ប្រេងឥន្ធនៈកាន់តែតិច គឺជួយកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិយាកាសកាន់តែច្រើន ហើយកន្លែងនេះជាចំណុចសំខាន់ដែល Toyota យកមកធ្វើទីផ្សារផ្សាយយីហោរបស់ខ្លួន តាមរយៈការគិតគូរពីបរិស្ថាន ។ អ្នកទិញឡាន Toyota យកទៅជិះប្រាកដជាលាន់មាត់ថាវាស៊ីសាំងតិចជាងឡានផ្សេងៗ ជាក់ស្តែងឡានថ្មីៗដូចជា Toyota Prius 2017 ស៊ីសាំងប្រមាណ ៤.៣ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរ ១០០ គីឡូម៉ែត្រ​ ហើយ Toyota ក៏ព្យាយាមលើកទឹកចិត្តឲ្យអតិថិជនគិតគូរបរិស្ថានផងដែរ ។

២-តម្លៃប្រកួតប្រជែងទីផ្សារ

តាំងពីដើមមកឡានរបស់ Toyota បានផលិតឡានច្រើនជម្រើសជាមួយតម្លៃសមរម្យ ខណៈដែលអតិថិជនរបស់ Toyota ច្រើនជាមនុស្សដែលមានចំណូលមធ្យម ។ ជាក់ស្តែងរថយន្តមួយទឹកៗនៅស្រុកខ្មែរសព្វថ្ងៃដែលពេញនិយមដូចជា Toyota Prius សេរ៊ីចាស់បន្តិច មានតម្លៃប្រមាណ ១០០០០ ម៉ឺនដុល្លារល្មមឲ្យអ្នកមិនសូវមានលុយទិញជិះបាន ។

៣-គុណតម្លៃពេលលក់វិញ

ដោយសារទីផ្សារស្រុកខ្មែរពោរពេញដោយឡានមួយទឹក ឡានចាស់ៗនៅតែពេញនិយមសម្រាប់អ្នកបើកបរទូទៅ ជាមួយគ្នានេះយីហោរបស់ Toyota ត្រូវបានគេទទួលស្គាល់ពីគុណតម្លៃរបស់វាបើទោះជារបស់មួយទឹកក៏ដោយ ។ ជាទូទៅឡានរបស់ Toyota ធានានៅអាយុកាលម៉ាស៊ីនរស់បានយូរ ខណៈការស្រាវជ្រាវរកឃើញថា ឡាន Toyota ដែលជិះរួចរយៈពេល ៥ ឆ្នាំ ហើយយកទៅលក់វិញគេអាចទទួលបានតម្លៃ ៥៣.៨% មកវិញ ។

៤-សុវត្ថិភាព

គ្រាន់តែជាឡានដែលរចនាឡើងសាមញ្ញៗ ប៉ុន្តែToyota បានជាប់លំដាប់ពន្ទុផ្កាយ ៥ លើការធ្វើតេស្តបើកបុកសាកល្បងពី រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ( NHTSA) ។ ចំណែកវិទ្យស្ថានធានារ៉ាបរ៉ងសុវត្ថិភាពផ្លូវជាតិ ក៏បានឲ្យពន្ទុសុវត្ថិភាព Toyota ខ្ពស់លើការបើកបរលើផ្លូវធំផងដែរ ។ វាក៏មិនមែនជារឿងថ្មីដែរ ការពិតទៅវាជារឿងធម្មតាទេដែល Toyota ទទួលបានវិញ្ញាបណ្ណបត្រសុវត្ថិភាពបែបនេះ ។

៥-ភាពជឿជាក់

តិចនិកមួយដែលធ្វើឲ្យអតិថិជន Toyota ទៅហើយចង់ត្រឡប់មកទិញឡានម្តងទៀត ដោយសារ Toyota ទទួលស្គាល់ថា ខ្លួនមិនពូកែលើការផលិតឡាននៅរោងចក្រ ១០០% ទេ ដូចច្នោះហើយរាល់ពេលមានបញ្ហាអ្វីកើតឡើង Toyota តែងតែយកឡានរបស់អតិថិជនត្រឡប់មករោងចក្រវិញ ជាជាងឲ្យពួកគេប្តូរប្រេងម៉ាស៊ីន ប្តូរបន្ទះហ្រ្វាំង ឬជួសជុលម៉ាស៊ីន ។ ជាទូទៅឡានរបស់ Toyota ដែលបើកបរបាន ៤០ ម៉ឺនគីឡូម៉ែត្រ នៅតែមានវត្តមានតាមផ្លូវ ហើយក៏ស្រួលលក់វិញផងដែរ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here