មានលុយខ្ទង់១ពាន់$ គួរទិញ Note 9 ឬ iPhone Xs Max ជៀសវាងចាយហើយស្ដាយក្រោយ?

0
35121

Note9 របស់ Samsung និង​ iPhone Xs Max របស់ Apple គឺជាកំពូលស្មាតហ្វូនចុងក្រោយ របស់ក្រុមហ៊ុនយក្សកូរ៉េ និងអាមេរិក។ ស្មាតហ្វូនទាំង២នេះ គឺជាអាវុធធនធ្ងន់ដែលត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង២នេះបញ្ចេញ ដើម្បីធ្វើការវាយលុកទីផ្សារស្មាតហ្វូនក្នុងឆ្នាំ ២០១៨។

ស្មាតហ្វូនទាំង២នេះ កំពុងតែឆក់ចិត្តអតិថិជនដែលសំបូរលុយ អាចនិយាយបានថា ធ្វើឲ្យអតិថិជនរារ៉េចិត្តក្នុងការសម្រេចទិញ​ មិនដឹងតើ គួរទិញ Note9 ឬ iPhone Xs Max នោះទេ។ បើអ្នកពិបាកក្នុងការសម្រេចចិត្ត តោះមកដឹងពីលក្ខណៈសម្បត្តិដើម្បីឲ្យលោកអ្នកចាយលុយខ្ទង់ពាន់$ ឬក្បែរខ្ទង់ពាន់$ ហើយត្រូវចិត្តអ្នក៖

១. យីហោ( Brand)

យើងដឹងហើយថា ស្មាហ្វូនទាំង២នេះ គឺត្រូវបានគេចាត់ទុកជា flagship phone ពោលគឺទាំងកម្លាំងម៉ាស៊ីនស្ថិតក្នុងលំដាប់កំពូល ហើយរចនា និងការផលិតគឺអតិថិជនពេញចិត្តស្ដូកតែម្ដង។ សម្រាប់ iPhone Xs Max ដែលទើបតែចេញនេះ មិនមាន upgrade អ្វីខុសប្លែកច្រើនពី iPhone X នោះទេ អ្វីប្លែកនោះគឺ អេក្រង់ Super AMOLED ធំជាងមុនទំហំ ៦.៥អ៊ីង ដែលផលិតដោយ Samsung។

ជាការពិតណាស់ iPhone គឺជាយីហោ( brand)ដែលមានភាពល្បីល្បាញខ្លាំង​ ពោលគឺអ្នកដែលមាន iPhone​ កាន់នឹងដៃគេមើលទៅគឺមានភាពឡូយឆាយ ស៊ីវីល័យ។ ត្រង់ចំណុចនេះបើអ្នកមិនខ្វល់ពីបច្ចេកវិទ្យាថ្មីៗ តែអ្នកផ្ដោតទៅលើ brand និងភាពស៊ីវីល័យ ឡូឆាយ អ្នកគួរសម្រេចចិត្តទិញ iPhone Xs Max ព្រោះ អ្នកជាមនុស្សចូលចិត្តភាពស៊ីវីល័យ ដូច្នេះ iPhone Xs Max គឺជាជម្រើសសក្តិសមសម្រាប់អ្នកខណៈ ស្មានហ្វូននេះ ​brand ល្បីខ្លាំង។

២. សេរីភាពនៃការប្រើប្រាស់​

បើនិយាយពីសេរីភាពនៃការប្រើប្រាស់វិញ ស្មាតហ្វូនពពួក Android ផ្ដល់សេរីភាពនៃកាប្រើប្រាស់ដល់អតិថិជន។ ជាក់ស្ដែង​ App នៅក្នុង Google Play Store អាចនិយាយបានថាមានភាពសំបូរបែបជាង នៅក្នុង App Store ជាពិសេស សំបូរ App ឥតគិតលុយច្រើនជាងនៅក្នុង App Store របស់ OIS។ លើសពីនេះ ស្មាតហ្វូន Android ផ្ដល់ជាជម្រើសល្អជាច្រើនដល់អតិថិជន។ បើយើងងាកមកមើល Note9 របស់ Samsung វាមានទំហំផ្ទុកក្នុងម៉ាស៊ីន ហើយវាក៏ផ្ដល់ជាជម្រើសឲ្យអតិថិជនអាចបន្ថែមទំហំផ្ទុកបានពេលទំហំផ្ទុកក្នុងម៉ាស៊ីនពេញ ខណៈ iPhone បើទំហំផ្ទុកក្នុងម៉ាស៊ីនពេញហើយមិនអាចបន្ថែមបានឡើយ។ ក្រៅពីនេះ Note9 មាននូវអ្វីដែលកំពូលអ្នកប្រើត្រូវការ ដូចជា មានរន្ធដោតកាស មានរន្ធសម្រាប់សាកថ្មនៅដាច់ដោយឡែកពីគ្នាដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ សរុបមកបើអ្នកផ្ដោតទៅសេរីភាពនៃការប្រើប្រាស់ដែលស្មាតហ្វូនផ្ដល់ឲ្យនោះ Note9 គឺជាជ្រើសល្អដែលអ្នកគួរពិចារណាទិញវា។

៣. អាយុកាលនៃល្បឿនដំណើរការរបស់ស្មាតហ្វូន

Note9 និង iPhone Xs Max គឺជាស្ដេចស្មាតហ្វូននៅលើទីផ្សារបច្ចុប្បន្ន។ ដូច្នេះបើនិយាយពីល្បឿនដំណើរបស់វាគឺស្ថិតនៅក្នុងលំដាប់កំពូលទាំងអស់​ដែលមិនធ្វើឲ្យអតិថិជនអនចិត្តឡើយ។ ទាក់ទងនឹងល្បឿននេះ ទូរស័ព្ទ iPhone ហាក់ធ្វើបានល្អព្រោះ ស្មាតហ្វូនរបស់ Appleនេះ ទោះយើងប្រើប្រាស់រយៈពេលយូរក៏ល្បឿនរបស់វាមិនងាយធ្លាក់ដែរ។ ជាក់ស្ដែង iPhone អាចប្រើប្រាស់ ជាមធ្យមបាន៤ទៅ៥ឆ្នាំហើយល្បឿនដំណើររបស់វាមិនចោទជាបញ្ហាច្រើននោះទេ តែពពួកស្មាតហ្វូន Android ពេលប្រើយូរទៅល្បឿនរបស់វាមានការអនថយ។ ដូច្នេះអាយុកាលនៃល្បឿនដំណើរការរបស់ស្មាតហ្វូន ទូរស័ព្ទ iPhone ធ្វើបានល្អ។

៤. បច្ចេកវិទ្យាថ្មីៗ

និយាយពីបច្ចេកវិទ្យា ដូចដែលបានរៀបរាបខាងលើមកហើយ iPhone Xs Max មិនសូវមានបច្ចេកវិទ្យាថ្មីៗច្រើននោះទេ ខណៈ Note9 គឺមានបច្ចេកវិទ្យាជាច្រើនដែលមនុស្សជាច្រើនចាប់អារម្មណ៍។ S Pen របស់ Note ជំនាន់ទី៩នេះមានបំពាក់បច្ចេកវិទ្យាជាច្រើនដូចជា អាចចុចបញ្ជារ slide ពេលអ្នកធ្វើបទបង្ហាញណាមួយ។ លើសពី S Pen នេះក៏អាចចុចបញ្ជារ ពេលអ្នកចង់ថតរូប មិនបាច់អាចចុចលើអេក្រង់ទូរស័ព្ទនោះទេ គ្រាន់តែចុច បញ្ជារលើ S Pen ពីចម្ងាយជាការស្រេច។ ក្រៅពីនេះ Note មានកាមេរ៉ាភ្លោះប្រើបច្ចេកវិទ្យា dual aperture (F1.5) អាចថតនៅទីងងឹតបានភ្លឺ និងច្បាស់ជាង Xs Max ដែលប្រើបច្ចេកវិទ្យា single aperture (F1.8)។ បើអ្នកពិតជាផ្ដោតលើបច្ចេកវិទ្យាថ្មីៗដោយផ្ដល់ដោយស្មាតហ្វូន នោះ Note9 គឺជាជម្រើសដ៏ល្អសម្រាប់អ្នកហើយ។

៥. តម្លៃ

បើគិតពីតម្លៃវិញយើងដឹងហើយថា Apple តែងតែដាក់តម្លៃស្មាតហ្វូនកំពូលរបស់ខ្លួនថ្លៃជាង ស្មាតហ្វូនកំពូលរបស់ Samsung។ បើអ្នកផ្ដោតលើតម្លៃ និង បច្ចេកវិទ្យាជាច្រើនដែលកំពូលស្មាតហ្វូនទាំងនេះ ផ្ដល់ឲ្យនោះអ្នកគួរសំឡឹងមើល Note9 ព្រោះ តម្លៃវាទាបជាង iPhone Xs Max ហើយមានបំពាក់នូវបច្ចេកវិទ្យាសំបូរបែបជាង iPhone Xs Max ផងដែរ។ បច្ចុប្បន្ន Note9 មានតម្លៃ ៩២៩ដុល្លារសម្រាប់ទីផ្សារក្នុងស្រុក( លើកលែងNote9 ទំហំផ្ទុក ៥១២GB) ខណៈ iPhone Xs Max មានតម្លៃជាង ១ពាន់ដុល្លារ៕

អាស្រ័យដូចបានធ្វើការជជែកវែកញ៉ែកខាងលើពីអ្វី ដែលស្មាតហ្វូនកំពូលទាំង២នេះអាចធ្វើបានលោកអ្នកអាចធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវជៀសវាងជៈលុយខ្ទង់ពាន់ដុល្លារហើយរអ៊ូថាស្ដាយក្រោយ។ សូមចាំចងចាំថា ស្មាតហ្វូនទាំង២នេះ មានតម្លៃថ្លៃគួរសម ដូច្នេះអ្នកដែលមានចំណូលទាបមិនគួរសំឡឹងមើលវាទេ តែអ្នកអាចសំឡឹងស្មាតហ្វូនដែលមានតម្លៃធូថ្លៃជាងនេះព្រោះបច្ចុប្បន្ននេះ មានស្មាតហ្វូនជាច្រើន មានតម្លៃធូថ្លៃហើយមានសមត្ថភាពខ្ពស់ផងដែរ៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here