លក់ទំនិញអនឡាញសុខៗ Alibaba ឆ្លៀតលក់រ៉ូបូតឲ្យធ្វើការនៅសណ្ឋាគារជំនួសមនុស្សថែមទៀត

0
1680

មន្ទីរពិសោធន៍ AI របស់ Alibaba ដែលកំពុងធ្វើការលើការស្រាវជ្រាវផលិតផលផ្នែក AI ប្រកាសថា នឹងបញ្ចេញរ៉ូបូតសម្រាប់វិស័យសណ្ឋាគារ ដោយបង្កើតរូប៉ូតតាមផ្នែកផ្សេងៗដូចជា រ៉ូបូតដឹកជញ្ជូនអាហារសម្រាប់ភ្ញៀវដើម្បីកាត់បន្ថយការងារបុគ្គលិកឲ្យបានច្រើន ។

ប្រភពពី Adweek ឲ្យដឹងថា រ៉ូបូតទាំងនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅខែតុលាខាងមុខនេះ ដើម្បីដឹងជញ្ជូនអាហារនិងបោកអ៊ុតសម្រាប់ភ្ញៀវ ។ ភ្ញៀវទាំងអស់អាចធ្វើការកុម៉្មង់តាមរយៈ Smart Speaker ដែលបង្កើតឡើងដោយក្រុមហ៊ុន Tmall (Tmall Genie) ឬតាមរយៈថេបប្លេត ។ នៅពេលដែលអាហារឬភេសជ្ជៈបានដឹកមកដល់មុខបន្ទប់ភ្ញៀវវានឹងបើកគម្របឲ្យភ្ញៀវយកអាហារដោយខ្លួនឯង ។

រ៉ូបូតទាំងអស់នេះមានកម្ពស់ក្រោម ១​ ម៉ែត្រ និងអាចរត់ក្នុងល្បឿន ១​ ម៉ែត្រក្នុង ១ វីនាទី វាភ្ជាប់មកជាមួយប្រព័ន្ធផែនទី ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីកត់សម្គាល់និងរត់គេចពីឧបសគ្គ បណ្តាញទំនាក់ទំនងដើម្បីគ្រប់គ្រងជណ្តើរយន្ត និងបច្ចេកវិទ្យាកត់ចំណាំផ្ទៃមុខដើម្បីធ្វើការផ្ទៀងផ្ទាត់ ។

ភ្ញៀវអាចធ្វើការបញ្ជារ៉ូបូតតាមរយៈ ការនិយាយ ការធ្វើកាយវិការ និងចុច Touch លើអេក្រង់ផ្ទាល់ ។ រ៉ូបូតនេះត្រូវបានប្រើប្រាស់បច្ចេកវិទ្យា AliGenie ហើយបន្ទាប់ពីដាក់ឲ្យប្រើប្រាស់សាកល្បង ក្រុមការងារមន្ទីរពិសោធន៍ AI របស់ Alibaba នឹងធ្វើការថ្លឹងថ្លែងថាតើវាសាកសមសម្រាប់ប្រើនៅសណ្ឋាគារ ភោជណីយដ្ឋាន ឬការិយាល័យថែមទៀតដែលទេ ។

បើតាមទិដ្ឋភាពជាក់ស្តែង វិស័យបដិសណ្ឋារកិច្ចនិងទេសចរណ៍ ជាឧស្សាហកម្មមួយដែលត្រូវការរ៉ូបូតជាងគេ ប៉ុន្តែរ៉ូបូតក៏ត្រូវយកទៅប្រើប្រាស់នៅវិស័យផ្សេងៗដូចជា វិស័យថែទាំសុខភាព កសិកម្ម និងដឹកជញ្ជូន ។

មុនពេល Alibaba ចេញរ៉ូបូតទាំងនេះក៏ធ្លាប់មានក្រុមហ៊ុនបរទេសមួយចំនួនបានបញ្ចេញរ៉ូបូតស្រដៀងគ្នានេះរួចមកហើយដើម្បីបម្រើការងារនៅឆ្នាំ ២០១៤ រួមមានការដឹកជញ្ជូនអាហារ ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក និងផ្កាដល់បន្ទប់ភ្ញៀវតែម្តង ។

ក្រៅពីនេះសណ្ឋាគារជប៉ុន Hen Na Hotel ដែលបានបើកដំណើរការកាលពីឆ្នាំ ២០១៥ ត្រូវបានគេហៅថាសណ្ឋាគារដំបូងដែលមានបុគ្គលិកជារ៉ូបូត សណ្ឋាគារនេះបានដាក់រ៉ូបូតផ្នែកទទួលភ្ញៀវ ដែលអាចនិយាយភាសាជប៉ុន អង់គ្លេស ចិន និងកូរ៉េ ចំនួនបីគ្រឿងនៅគ្រប់បន្ទប់ទាំងអស់ ។ ក្រៅពីនេះវាអាចជួយបិទភ្លើង គ្រប់គ្រងសីតណ្ហភាពក្នុងបន្ទប់ និងកំណត់ម៉ោងរោទិ៍ជាដើម ។ ហើយគ្រប់រ៉ូបូតទាំងនេះសុទ្ធតែបំពាក់បច្ចេកវិទ្យាចំណាំមុខ ដូចច្នោះភ្ញៀវអាចប្រើប្រាស់មុខខ្លួនឯងជាសោដើម្បីចូលបន្ទប់ ។

គួរបញ្ជាក់ថា តាមរយៈការស្ទង់មតិ ក្នុងចំណោមភ្ញៀវដែលអាយុពី១៨ ដល់ ៣០ ឆ្នាំ ពួកគេរំពឹងខ្ពស់ទៅរ៉ូបូតក្នុងការផ្តល់បទពិសោធន៍សេវាកម្មល្អ ហើយគេក៏រំពឹងថារ៉ូបូតក៏អាចដោះស្រាវការងារបានច្រើនផងដែរ ដូចជា ដឹកអាហារ ភេសជ្ជៈ ត្រួតពិនិត្យភ្ញៀវចេញចូល និង ផ្តល់ព័ត៌មាន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here