អាជីវកម្មហ្វ្រេនឆាយសក្តានុពលទាំង៣ប្រភេទនេះ នៅស្រុកខ្មែរបែរជាមិនសូវមានអ្នកចាប់អារម្មណ៍បង្កើតទៅវិញ?

0
2171

របរតូចៗតាមដងផ្លូវ មានគ្រប់រូបភាពនៅរាជធានីភ្នំពេញ ប៉ុន្តែមើលឲ្យធ្លុះទៅ មានចំនួនស្តួច​ស្តើង​ណាស់ ដែលរបរតូចៗតាមដងវិថីនានាទាំងនេះ​អាចវិវត្តខ្លួនទៅមុខជាអាជីវកម្ម​លក់សិទ្ធចែកចាយ​បន្តបាន ឬក៏គ្មានសោះតែម្តង។ ត្បិដអីរបរមួយភាគធំគ្រាន់តែជាការលក់ទំនិញធម្មតាៗប៉ុណ្ណោះ ក្នុងន័យនេះចង់សំដៅថា របរដែលលក់ផលិតផល ឬសេវាកម្ម ហើយគ្មានចំណុចពិសេសខ្លួនឯង ដែលកន្លែងផ្សេងទៀត​គួរចម្លងតាម ឬបង្កើតជាប្រព័ន្ធអាជីវកម្មមួយដែលអាចដាក់លក់បាននោះទេ។

យ៉ាងណាក្តី មិនយូរមិនឆាប់ទេ របរតូចៗលើលើវិស័យ៣ខាងក្រោមនឹងក្លាយជាហ្រេ្វនឆាយបាន ខណៈអាជីវកម្មច្រើនមុខណាស់ កំពុងតែពង្រឹងខ្លួនខ្លាំងមែនទែន ស្របពេលដែលអ្នកប្រើប្រាស់​ត្រូវការគុណភាពកាន់តែខ្ពស់ នឹងហានចំណាយមិនស្រណោះដៃ ចំពោះផលិតផល ឬសេវាកម្មអ្វី​ដែលគេហៅថា ផ្តល់ភាពងាយស្រួល គុណភាព និងសេវាកម្ម។

ថ្ងៃនេះ Business Cambodia សូមលើកយកអាជីវកម្មតូចៗ៣ប្រភេទទំនងនឹងអាច វិវត្តខ្លួនជា​អាជីវកម្ម​ហ្វេ្រនឆាយនៅកម្ពុជាបាន ខណៈរបរតូចៗទាំងនេះមានសឹងគ្រប់ទីកន្លែង គ្រប់ច្រកល្ហក​ក្រុង និងទីប្រជុំជន៖

 

 

១/ ហាងកាត់សក់

សម្រាប់អាជីវកម្មដំបូងនេះ ហាក់កំពុងតែវិវត្តខ្លួន គួរឲ្យកត់សម្គាល់ទាំងហាងនៅភ្នំពេញ និងបណ្តា​ខេត្ត​នានា ប៉ុន្តែនៅមិនទាន់មានហាង​ណាមួយនៅក្នុងស្រុកចេញមុខចេញមាត់​លក់ហ្វ្រេនឆាយ​បន្តនៅ​ឡើយ​ទេ ព្រោះតែរបរដែលអាចរកស៊ីបាន​មួយជីវិតមួយនេះ តម្រូវឲ្យមានទឹកដៃល្អ និងកេរ្តិ៍ឈ្មោះល្បីជាមុន​សិន​​ ប្រសិនបើចង់បង្កើត​ជា​ហ្វេ្រន​ឆាយ​​ហាងកាត់សក់។ មួយវិញទៀត មុនបើកអាជីវកម្មនេះបាន ទាល់​តែម្ចាស់​យីហោរៀប​​ចំឲ្យ​អាជីវ​​កម្ម​​​របស់ខ្លួនងាយចម្លងផងដែរ មិនមែនមានតែជំនាញកាត់សក់​មួយមុខ​ប៉ុណ្ណោះទេ ហើយនៅមាន​រឿងច្រើនទៀតដែលអ្នកត្រូវធ្វើ មុនចេញលក់សិទ្ធធ្វើបន្ត អញ្ចឹង​ហើយ​ទើប​កម្រ​ឃើញហ្វ្រេនឆាយ​ក្នុងស្រុក​ចេញលក់ណាស់ ត្បិដមានរឿងជាច្រើនដែលត្រូវធ្វើ និងកសាង​ចេញពី​យីហោខ្លួន។

២/ ម្ហូបអាហារ

ងាកមកអាជីវកម្មបន្ទាប់នេះ ហាក់ទូលំទូលាយបន្តិចហើយសម្រាប់អ្នករកស៊ីទូទៅ ព្រោះថានៅ​ក្នុង​ឧស្សា​ហ​កម្ម​អាហារមានចំណុចចាប់ផ្តើមច្រើនណាស់​ដែលអ្នកអាចធ្វើបាន ខណៈគេមើលឃើញថា យីហោខ្មែរ​មិន​មែន​មានតែរទេះតូចៗតាមផ្លូវ ឬធំល្ហល្ហេវគ្មានចំណុចទាក់ទាញតទៀតទេ គ្រាន់តែថា មានតិចតួច​នៅ​ឡើយ​នៃចំនួនយីហោអាជីវកម្មខ្មែរទាក់ទងនឹងម្ហូបអាហារនេះ​ បើកលក់សិទ្ធអាជីវ​កម្ម​បន្ត។ មិនខុស​ពី​​យីហោកាត់សក់ដែរ មិនមែនមានមុខម្ហូប ឬភេសជ្ជៈមួយល្បីហើយ ចេញលក់ហ្វ្រេន​ឆាយបាននោះទេ អ្នក​ត្រូវចេះរៀបចំវាឲ្យក្លាយជាអាជីវកម្មមួយអាចបោះទីតាំងលក់នៅកន្លែងផ្សេងបាន អាចរកចំណូល​ច្បាស់​​លាស់ ងាយស្រួលគ្រប់គ្រង និងចំណុចសំខាន់ៗទៀតដែលម្ចាស់សិទ្ធអាជីវកម្ម​ចាំបាច់ត្រូវ​តែមាន​។

៣/ ហាងលក់រាយ

និយាយពីកន្លែងលក់រាយ មានសឹងជាប់ផ្ទះគ្នាទៅហើយនៅស្រុកខ្មែរ ក៏មិនរំលងបានដែរ​ពីម៉ាតទំនិញ​ដែលចាប់ផ្តើមចូលទីប្រជុំនៃបណ្តាខេត្តនានា និងហ្រ្វេនឆាយលំដាប់កំពូល​ក្នុងពិភពលោកចាប់ផ្តើម​មានវត្តមាននៅទីក្រុងភ្នំពេញ តួយ៉ាង ម៉ាតទំនិញ Circle K យីហោ Jiffy របស់ថៃ និងវត្តមានយូរឆ្នាំ​នៃម៉ាតទំនិញនៅជាប់ការ៉ាស់សាំងជាច្រើនកន្លែង។ សម្រេចសម្រួលទៅ ក្រៅពីកន្លែងលក់អីវ៉ាន់ ចាប់ហួយ និងម៉ាតជាប់ការ៉ាស់សាំង នៅកម្ពុជាមិនសូវមានឡើយម៉ាតខ្មែរលក់អីវ៉ាន់រាយ​ដែលបោះលក់​ហ្រ្វេនឆាយ ប្រហែលមកពីជីវភាពប្រជាជននៅមិនទាន់ដល់កម្រិតឬក៏យ៉ាងណា ត្បិដមានការស្រាវជ្រាវ​មួយបានបង្ហាញថា ចំណូលប្រចាំឆ្នាំរបស់ប្រជាជនយ៉ាងហោចត្រឹម២ពាន់ដុល្លារអាមេរិកសិនដែរ ​ទើបមាន​លទ្ធ​ភាព​ប្រើប្រាស់​ទំនិញក្នុងម៉ាតបាន ខណៈតម្លៃផលិតផលខ្ពស់ជាងកន្លែង​លក់ទំនិញ​មិនមែន​ជាម៉ាត។ យ៉ាងណាក្តី គេមិនអាចប្រកែកបានទេថា មានអ្នកមានលទ្ធភាពកំពុងប្រើប្រាស់​ម៉ាតទំនិញ ឬហាង​លក់រាយ រហូតដល់ផ្សារទំនើបច្រើននាក់ណាស់ក្នុងមួយថ្ងៃៗ នេះក៏ជាឱកាស​មួយសម្រាប់សហគ្រិនវ័យក្មេងក្នុងស្រុកពិចារណា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដែលមានចំនួនច្រើន ពិសេសនៅទីប្រជុំជន៕

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here