ក្មេងស្រីម្នាក់ច្នៃបង្កើតផលិតផលថែរក្សាសម្រស់ ចេញរកស៊ីអាយុ៩ឆ្នាំ រកចំណូលបានជាង៥លានដុល្លារ

0
634

ក្មេងស្រីជនជាតិអាមេរិកម្នាក់ Leanna Archer ចេះយករូបមន្តកេរ្តិ៍ពីយាយមកសហការជាមួយម្តាយបង្កើតបានជាផលិតផលថែរក្សាស្បែក និងសក់ ទទួលបានជោគជ័យក្លាយជាសហគ្រិនទាំងវ័យក្មេង។​

ក្មេងស្រី Leanna Archer បច្ចុប្បន្នមានអាយុ២៣ឆ្នាំ បានចាប់ផ្តើមបង្កើតក្រុមហ៊ុនលក់ផលិតផលថែរក្សាសក់និងរាងកាយបែបធម្មជាតិកំឡុងឆ្នាំ២០០៥ ខណៈក្មេងស្រីរូបនេះមានអាយុទើបតែ៩ឆ្នាំប៉ុណ្ណោះ។

គំនិតចាប់ផ្តើមអាជីវកម្មនេះដំបូងឡើយ កើតចេញពីម្ដាយរបស់នាងបានធ្វើក្រមួនលាបសក់ប្រើជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ដែលជារូបមន្តតពីលោកយាយរបស់នាង។ Leanna ទទួលបានពាក្យសរសើរជាច្រើនពីមនុស្សជុំវិញខ្លួនថាសក់ស្អាត ធ្វើឲ្យនាងគិតថានេះគឺដោយសារក្រមួនលាបសក់នោះហើយ។

កុមារីវ័យ៩ឆ្នាំរូបនេះបានទៅផ្ទះប្រាប់ម្ដាយនាងអំពីរឿងនេះ និងប្រាប់ពីគំនិតបង្កើតផលិតផលដើម្បីលក់នៅលើទីផ្សារ ប៉ុន្តែម្តាយរបស់នាងមិនទាន់ចាប់អារម្មណ៍នឹងគំនិតរបស់កូននៅឡើយទេ ព្រោះតែនាងនៅក្មេងពេក ហើយគាត់គិតថាវាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ។

នឹកមិនអស់ចិត្ត Leanna បានយកក្រមួនលាបសក់នោះទៅឱ្យមិត្តភក្ដិប្រើសាកល្បងដើម្បីចង់ដឹងថានឹងទទួលបានលទ្ធផលសក់ស្អាតដូចនាងដែរឬទេ ហើយជាលទ្ធផល វាមានប្រសិទ្ធភាពណាស់។ ក្រៅពីនេះ ក្មេងស្រីរូបនេះបានទៅស្រាវជ្រាវអំពីរបៀបចាប់ផ្ដើមអាជីវកម្មតាមអនឡាញបន្ថែមទៀត ដើម្បីបញ្ចុះបញ្ចូលឪពុកម្ដាយនាងចាប់ផ្តើមលក់ផលិតផលនេះ។

ខណៈពេលចាប់ផ្ដើមអាជីវកម្មដំបូងៗ ឪពុកម្ដាយនាងបានចូលរួមចំណាយពេលមកជួយធ្វើក្រមួនលាបសក់ជាមួយកូន ជួយវេចខ្ចប់ និងរៀបចំផ្ញើទំនិញជូនអតិថិជន ព្រោះការកម្ម៉ង់ទិញពេលនោះចាប់ផ្ដើមផ្ទុះឡើងខ្លាំង។

ផលិតផលដែល Leanna បានច្នៃបង្កើតមកដល់ពេលនេះរួមមាន ក្រមួនលាបសក់ សាប៊ូកក់សក់ សាប៊ូអប់សក់ ឡេលាបខ្លួន និងផលិផលផ្សេងៗទៀតដែលផ្សំឡើងពីរុក្ខជាតិ និងផ្លែឈើធម្មជាតិផ្សេងៗជាច្រើនមុន ហើយដាក់លក់ផលិតផលរបស់នាងនៅលើអនឡាញ។

បច្ចុប្បន្ន សហគ្រិនស្ត្រីវ័យក្មេងរូបនេះមានទ្រព្យសរុបជាង៥លានដុល្លារអាមេរិក និងជាបុគ្គលចូលចិត្តបរិច្ចាកជួយមនុស្សសង្គមជាតិមួយរូបផងដែរ។ លើសពីនេះ រូបនាងច្រើនត្រូវបានគេអញ្ជើញជាវាគ្មិននិយាយចែករំលែកពីបទពិសោធទៅកាន់យុវជនផ្សេងទៀតជាញឹកញាប់៕

 

អត្ថបទដោយ៖ ស្រី សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here