ហេង រចនា៖ មកស្គាល់ពីចំណុចខ្លាំងរបស់កម្មវិធីសិក្សា UCMAS ដែលជួយឲ្យកុមារអាចគណនាលេខបានលឿនជាងម៉ាស៊ីនគិតលេខ

0
744

កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅនៃកម្មវិធីសិក្សា UCMAS CAMBODIA នៃសាលាអាយឃីដ ដែលជាកម្មវិធីសិក្សាបន្ថែម ជួយអភិវឌ្ឍសមត្ថភាពខួរក្បាលទាំងសងខាងរបស់កុមារ ដែលបង្កើតឡើយសម្រាប់កុមារ ដើម្បីបង្កើនភាពវៃឆ្លាតដ៏ស្ទាត់ជំនាញរបស់ពួកគេ ហើយកម្មវិធីនេះត្រូវបានផ្តល់សម្រាប់កុមារដែលមានអាយុចន្លោះពី៤ ដល់១២ឆ្នាំ។

ក្នុងការធ្វើបទបង្ហាញរបស់ កញ្ញា ហេង រចនា​ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា UCMAS គឺជាកម្មវិធីសិក្សាក្រៅម៉ោង សម្រប់ឲ្យកុមារសិក្សាបន្ថែម ក្រៅការសិក្សានៅសាលារៀន ដែលផ្តោតសំខាន់ទៅលើការគណនាលេខ​ដោយប្រើចុងម្រាមដៃ ជាមួយនឹងឧបករណ៍គិតលេខចិន ព្រោះការប្រើប្រាស់នូវចុងម្រាប់ដៃ វានឹងធ្វើការរំញោចទៅដល់ខួរក្បាល ធ្វើឲ្យកុមារមានការគិតបានលឿន ស្តាប់ឆាប់យល់ និងមានគំនិតច្នៃប្រឌិខ្ពស់។

លើពីនេះទៅទៀត ក្រៅពីការគណនាលេខបានលឿន UCMAS អាចធ្វើឲ្យកុមារមានការផ្តោតអារម្មណ៍បានល្អយ៉ាងយកចិត្តទុកដាក់ ពូកែអង្កេតមើលគ្រប់ស្ថានភាព ពូកែស្តាប់ មានការចង់ចាំខ្ពស់ និងការនឹកឃើញនូវការស្រមៃដែលមានរូបភាពច្បាស់លាស់ ព្រមទាំងមានគំនិតគិតពិចារណាខ្ពស់ ដោយមានទំនុកចិត្តលើខ្លួនឯងយ៉ាងល្អ។

នាយិការគ្រប់គ្រងទូទៅរបស់ UCMAS រូបនេះក៏បានលើកឡើងពីដើមហេតុ ដែលធ្វើឲ្យមានវត្តមានកម្មវិធី UCMAS នៅក្នុងប្រទេសកម្ពុជា ដោយលកាលពីជាងដប់ឆ្នាំមុន កញ្ញាធ្លាប់បានទៅកាន់ប្រទេសម៉ាឡេស៊ី ហើយបានធ្វើការសាកល្បងទៅដល់កុមារម៉ាឡេស៊ី ដែលកំពុងសិក្សាកម្មវិធីមួយនេះ ហើយមើលឃើញថា កុមារទាំងអស់នោះមានសមត្ថភាពគណនាលេខលឿនជាងម៉ាស៊ីគិតលេខទៅទៀត។ ចាប់ពីពេលនោះមក កញ្ញា រចនា ក៏បានរំពឹងទុកជាមួយក្រុមការងារថា ថ្ងៃណាមួយ នឹងនាំយកកម្មវិធីសិក្សានេះ មកបង្ហាត់បង្រៀនដល់កុមារកម្ពុជា។

ក្រោយមក កញ្ញា និងក្រុមការងារក៏បាននាំយកកម្មវិធីសិក្សាមួយនេះ មកដល់ប្រទេសកម្ពុជាដំបូងគេ នៅកំឡុងឆ្នាំ២០០៩ ជាមួយនឹងឧបសគ្គគ្រប់បែបយ៉ាង។ កញ្ញា រចនា បានបញ្ជាក់ថា នៅពេលដែលចាប់ផ្តើមបើកដំណើរការនូវកម្មវិធីសិក្សា UCMAS ដំបូង គឺគ្មានអ្នកម្នាក់ចាប់អារម្មណ៍ឡើយ សូម្បីតែកញ្ញានិយាយប្រាប់បងប្អូនមិត្តភក្ត័ ក៏ពួកគេមិនបានចាប់អារម្មណ៍ឡើយ ព្រោះវាជាកម្មវិធីមួយថ្មីសម្រាប់ប្រទេសកម្ពុជា។ ក៏ប៉ុន្តែដោយការខិតខំតស៊ូរបស់កញ្ញា មកទល់ពេលនេះ UCMAS ទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាណាព្យាបាលសិស្សកុមារតូចៗ ក៏ដូចជាទទួលបានកាគាំទ្រពីក្រសួងអប់រំយ៉ាងពេញទំហឹងផងដែរ។

គួរបញ្ជាក់ដែរថា កម្មវិធី UCMAS (Universal Concept Mental Arithmetic System) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដោយសាស្ត្រាចារ្យបណ្ឌិត Dino Wong ជនជាតិម៉ាឡេស៊ី ដែលមានបង្រៀនច្រើនជាង៧៨ ប្រទេសលើពិភពលោក មានច្រើនជាង ១ ម៉ឺន សាខា និងមានសិស្សជិត ៣លាននាក់ ហើយបច្ចុប្បន្ននេះ UCMAS កម្ពុជា មាន៣៨សាខា និងកំពុងពង្រីកបន្ថែមតាមបណ្តាខេត្ត ក្រុង នៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទដោយ៖ វ៉ាត វឌ្ឍនា, Leadership Writer

LEAVE A REPLY

Please enter your comment!
Please enter your name here