មានដឹងអត់ថា iPhone Xs និង Xs Max មានចំណុចល្អនិងចំណុចទើសចិត្តកន្លែងណាខ្លះ

0
4160

ចេញ iPhone បីសេរ៊ីថ្មីកាលពីពាក់កណ្តាលខែនេះ Apple ហាក់ដូចជាខំកែប្រែចំណុចខ្វះខាតមួយចំនួនដើម្បីបំពេញចិត្តអតិថិជន ខណៈដែល iPhone បីម៉ូដថ្មីនេះកំពុងអង្រួនទីផ្សារទាំងក្រៅប្រទេសនិងក្នុងស្រុក ប៉ុន្តែមុននឹងអ្នកកាន់លុយខ្ទង់ពាន់ដុល្លារទៅទិញ iPhone ទាំងនេះត្រូវដឹងពីចំណុចពិសេសៗ និងកន្លែងខ្វះខាតទាំងនេះសិន ។

ចំណុចសំខាន់

១-អេក្រង់ធំ ម៉ាស៊ីនធំ

ម្តងនេះ Apple ហាក់ធ្វើបានល្អត្រង់ចំណុចនេះ ហើយអេក្រង់ធំនិងម៉ាស៊ីនធំនេះហើយដែលធ្វើឲ្យ Apple តម្លើងថ្លៃ iPhone ខ្ពស់កប់ ។ iPhone Xs បំពាក់អេក្រង់ OLED ទំហំ ៥.៨ អ៊ីញដូច iPhone X ដែរ វាមានកម្រិតបង្ហាញរូបភាព ២៤៣៦x១១៣៥ ភិចស៊ែល ។ ចំណែក iPhone Xs Max វិញមានអេក្រង់ធំ ៦.៥ អ៊ីញ មានកម្រិតបង្ហាញរូបភាពច្បាស់ល្អ ១៦៨៨x១២៤២ ចំណែកឯមេម៉ូរីវិញមានចាប់ពី ៦៤ ,១២៨ និង ៥១២ ជីហ្កាបៃ ។

ត្រង់កន្លែងនេះ ជាអ្វីដែលផ្លាស់ប្តូរធំ ខណៈដែល Apple មិនដែលបានធ្វើពីមុនមក ហើយវាក៏ជាអ្វីដែលលេចធ្លោជាងស្មាតហ្វូនផ្សេងៗទៀតដែរ ដូចច្នោះបើអ្នកស្រឡាញ់អេក្រង់ធំៗ និងកន្លែងទុកទិន្នន័យធំ ចាយលុយទិញវាទៅមិនខុសទេ ។

២-មុខងារកាមេរ៉ាថ្មី

បើគិតទៅក៏មិនលើសពី iPhone X ប៉ុន្មានដែរ ប៉ុន្តែក៏ចាត់ទុកថាជាមុខងារថ្មីមួយដែរ ជាមួយនឹង IOS 12 និងបន្ទះឈីសថ្មីជំនាន់ទី ១២ (A12 Bionic chip) វាបានជួយឲ្យ iPhone Xs និង Xs Max ធ្វើការជាមួយបច្ចេកវិទ្យា machine learning និង AI ។

មុខងារទីមួយសម្រាប់កាមេរ៉ាគឺ Smart HDR ដែលសមត្ថភាពធំរបស់វាគឺចេះសម្រួលកម្រិតពន្លឺនិងកម្រិតព្រិលនៅផ្ទៃក្រោយដោយស្វ័យប្រវត្តិ ដូចប្រភេទកាមេរ៉ា Professional ដែរ ។ ជាមួយគ្នានេះ Software ប្រភេទថ្មីនៅលើ iPhone Xs និង Xs Max នេះផ្តោតសំខាន់ទៅលើបច្ចេកទេសក្នុងការថតរូប ដែលមាន Mode កំណត់ស្រាប់ៗ និងមុខងារ Portrait ។

៣-ការពារទឹកបានល្អជាងមុន

ក្រៅពីដាក់ស៊ីមបានពីរ និងមានម៉ាស៊ីនធំ iPhone Xs និង Xs Max ធ្វើបានល្អបំផុតត្រង់ថាវាអាចការពារជម្រាបទឹកនិងធូលីបានល្អជាង iPhone X ។ អ្នកអាចបោះ iPhone Xs និង Xs Max ចូលទឹកជម្រៅ ២.១ ម៉ែត្រ រយៈពេល ៣០ នាទីដោយគ្មានបញ្ហា ដូចច្នោះមុខងារមួយនេះបើធ្លាក់ចូលទឹកល្មមៗ វាមិនទាមទារឲ្យអ្នកត្រូវជួសជុលម៉ាស៊ីនទេ ។

ចំណុចទើសចិត្ត

១-ថ្លៃហួសពេក

កាលពីឆ្នាំមុន Apple ចេញលក់ iPhone X តម្លៃ ៩៩៩ ដុល្លារនៅអាមេរិក បើបូកទាំងពន្ធនាំចេញក្រៅប្រទេសអាចឡើងដល់ ១១០០ ដុល្លារ នៅមានអ្នកខ្លះស្រែកថាវាថ្លៃពេកហើយ ចុះទម្រាំតែឆ្នាំនេះ iPhone Xs Max ស្រាប់តែហក់លោតដល់ ១៤៤៩ ដុល្លារទៀត រឿងអីដែលថាមិនថ្លៃ ។ តម្លៃប៉ុននេះគេហៅថា ទូរស័ព្ទប្រណិតសម្រាប់អ្នកមាន ហើយតម្លៃវាក៏ថ្លៃជាងតម្លៃទូទៅរបស់ Macbook Air ផងដែរ ។

២-មិនលើសពី iPhone XR ប៉ុន្មានទេ

ការរចនាម៉ូដតែមួយ បំពាក់ឈីប A12 ដូចគ្នា មានមុខងារស្កេនមុខ និង Animoji ដូចគ្នា គ្រាន់តែ iPhone XR មានកាមេរ៉ាក្រោយតែមួយគ្រាប់ និងប្រើអេក្រង់ LCD ប៉ុន្តែតម្លៃខុសគ្នាដាច់ ខណៈដែល iPhone XR មានតម្លៃប្រមាណ ៧០០ ដុល្លារនៅអាមេរិក អាចបូកពន្ធថែមទៀតប្រហែល ៨០០ ដុល្លារសម្រាប់នាំចេញ ។ លេនកាមេរ៉ាភ្លោះដែល iPhone Xs និង Xs Max មាន ក៏ជាអ្វីដែល iPhone X មានរួចហើយដែរ គ្រាន់តែអេក្រង់ពីរម៉ូឌែលថ្មីនេះអាចបង្ហាញរូបភាពបានកម្រិតខ្ពស់ជាងមុនប៉ុណ្ណោះ ។

៣-មានតែ ៣ ពណ៌ប៉ុណ្ណោះ

iPhone Xs និង Xs Max មានតែ ៣ ពណ៌ប៉ុណ្ណោះសម្រាប់អ្នកជ្រើសរើសគឺ ពណ៌មាស ទឹកប្រាក់ និង ប្រផះ ចំណែក iPhone XR មានច្រើនពណ៌គួរសមដូចជា ស្មៅ ខៀវ ផ្កាថ្ម ក្រហម លឿង និងពណ៌ស ។

៤-សាកថ្មធម្មតា Wifi ដើរយឺត

ទើបតែចេញមិនទាន់បានប៉ុន្មានផងមានសារព័ត៌មាននៅអាមេរិកចុះផ្សាយថា អតិថិជនជាច្រើនបានរិះគន់ iPhone Xs Max រឿង Wifi ដើរយឺត ប៉ុន្តែ Apple ប្រហែលមិនទុកបញ្ហាប៉ុននេះនាំឲ្យខូសយីហោទេ ទម្រាំមកដល់ស្រុកខ្មែរ វាអាចនឹងលែងមានបញ្ហានេះហើយ ។ បញ្ហាមួយទៀតគឺវាមិនមានមុខងារសាកថ្មលឿនទេ ទោះបីជាតម្លៃខ្ទង់ពាន់ក៏ដោយ ដូចនេះវាសាកថ្មយឺតដូចតែសេរ៊ីចាស់ដែរទេ បើទិញវាមកសូមកុំរអ៊ូត្រង់ចំណុចនេះ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here