ក្រុមហ៊ុនចិននឹងបង្កើតសាលារៀនអនឡាញនៅកម្ពុជាឆាប់ៗនេះ

0
1106

ក្រុមហ៊ុនវិនិយោគលើវិស័យអប់រំកម្ពុជា គ្រោងបោះទុនវិនិយោគបង្កើតសាលារៀនតាមប្រព័ន្ធអនឡាញនៅកម្ពុជា ដើម្បីឱ្យសិស្ស-និស្សិតនៅកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការសិក្សា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ដោយខាងក្រុមហ៊ុនចិនបានបញ្ជាក់ថា ខ្លួនទទួលបានជោគជ័យខ្ពស់ក្នុងការបង្កើតសាលាអនឡាញនេះនៅប្រទេសចិន។ នេះបើតាមការប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការងារកម្ពុជាព្រឹកមិញនេះ។

ក្នុងឱកាសជំនួពរវាងឯកឧត្តម ឡៅ ហ៊ឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលបានធ្វើឡើងក្រោយជំនួបរវាង ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក ជាំង ហៅ អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន Join Capital Investment & Management Co.,LTD លោក វិន ធានអ៊ូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Hangu Education Technology Co.,LTD និងលោក ហ៊ង ហ៊ អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ខូអ៉ិលធីឌី។

ឯកឧត្តមបានឱ្យដឹងថា ក្រុមហ៊ុនចិននេះមកជម្រាបដំណឹងថា ពួកគេនឹងបង្កើតសាលាឯកជននៅកម្ពុជា តាមរយៈការរៀនតាមអនឡាញ ហើយក្រុមហ៊ុននេះក៏ធ្លាប់វិនិយោគច្រើននៅប្រទេសចិន ដែលមានថវិកាវិនិយោគរហូតដល់រាប់ពាន់លានដុល្លារ។

ឯកឧត្តមបានបន្តថា បើតាមការគ្រោងទុករបស់ក្រុមហ៊ុនចិន សាលាអនឡាញនោះនឹងបង្កើតនៅអំឡុងឆ្នាំ២០១៨នេះ ប៉ុន្តែទោះយ៉ាងណាភាគីពាក់ព័ន្ធក៏ត្រូវជជែកពិភាក្សាគ្នា និងសុំអនុញ្ញាតច្បាប់ បំពេញបែបបទនានាជាបន្តបន្ទាប់ទៀត ដើម្បីជំរុញឱ្យសាលាអនឡាញនេះចេញជារូបរាងឱ្យបានឆាប់ ខណៈក្រុមការងារមួយចំនួនដែលជាដៃគូរបស់ក្រុមហ៊ុនខាងលើ ក៏កំពុងបើកការបង្រៀនសិស្សតាមអនឡាញជាបណ្ដើរៗហើយដែរ។

ការបង្កើតសាលាអនឡាញនេះ ធ្វើឡើងក្នុងគោលបំណងធំផ្តោតលើការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ឱ្យត្រូវនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពជា និយាយដោយឡែក និងនិយាយជារួម នៅក្នុងបណ្ដាប្រទេសអាស៊ានទាំងមូល។

ឯកឧត្តមបានបញ្ជាក់ថា ជាការចាបផ្ដើម សាលានឹងបណ្ដុះបណ្ដាលមានជំនាញបច្ចេកវិទ្យា IT ទេសចរណ៍ ពាណិជ្ជកម្ម គណនេយ្យ និងជំនាញផ្សេងៗទៀត ដែលសាលានឹងពង្រីកជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីឱ្យស្របនឹងស្ថានភាពអប់រំ ធ្វើយ៉ាងណាត្រូវនឹងនីតិវិធី និងគោលការណ៍នៃវិស័យអប់រំរបស់កម្ពុជា៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here