បើមានរឿង ១០ ចំណុចនេះក្នុងចិត្ត សូមកុំទិញ iPhone Xs ឬ iPhone Xs Max អី នាំតែស្តាយក្រោយ

0
13063

ទើបតែចេញក្តៅៗកាលពីពាក់កណ្តាលខែនេះ iPhone បីម៉ូឌែលថ្មីកំពុងអង្រួនទីផ្សារស្មាតហ្វូន មានអ្នកដេកចាំមុខហាង Apple មិនតិចទេដើម្បីទទួលបាន iPhone ជំនាន់ថ្មីមុនគេ ខណៈដែលស្រុកខ្មែរយើងបើកឲ្យកុម្ម៉ងទុកមុនតាំងពី Apple ប្រកាសជាផ្លូវការម្លេះ ប៉ុន្តែបើអ្នកកំពុងមានរឿង ១០ ចំណុចនេះដក់ជាប់ក្នុងចិត្តអ្នកមិនគួរទិញ iPhone Xs ឬ iPhone Xs Max ទេ ។

១-តម្លៃថ្លៃកប់

iPhone Xs Max ម្តងនេះមានទំហំមេម៉ូរីពី ៦៤ ជីហ្កាបៃ ដល់ ៥១២ជីហ្កាបៃ ចំណែកតម្លៃចេញដំបូងនៅ Apple Store ១៤៤៩ ដុល្លារ ជាមួយគ្នានេះ iPhone Xs ក៏មិនថោកប៉ុន្មានដែរ វាមានតម្លៃ ៩៩៩ ដុល្លារ ។ ដូចនេះបើអ្នកមាន iPhone X នៅក្នុងដៃហើយចាំបាច់អីទៅចាយលុយជាង ៥០០ ដុល្លារទិញ Xs Max មួយទៀតនាំតែខាតលុយ បើយកលុយប៉ុននេះទៅទិញ MacBook Air វិញមិនល្អទេឬ?

២-ទិញ iPhone X ជំនួស

បើអ្នកកំពុងគិតថាចង់ទិញ iPhone X វិញ អ្នកមិនបាច់គិតច្រើនទេ ព្រោះតម្លៃ iPhone X ឥឡូវនេះក៏ធូរថ្លៃដែរ ហើយម៉ាស៊ីនរបស់វាក៏មិនអស់ដែរទោះបីជារបស់មួយទឹកក៏ដោយ ខណៈដែរវាទើបតែចេញមិនទាន់បាន១ ឆ្នាំស្រួលបួលផង ហើយវាក៏មានមុខងារសំខាន់ៗដូចជា Face ID និងកាមេរ៉ាពីរគ្រាប់ដូចគ្នា ។ នេះក៏ជាហេតុផលមួយដែល Apple ចេញ iPhone X មិនទាន់បានប៉ុន្មានផងក៏ឈប់ផលិតវិញ ព្រោះបើ Apple ផលិត iPhone X ហើយលក់ ១០០ ក្រោម iPhone Xs ច្បាស់ជាគ្មានអ្នកណាទិញ iPhone Xs ទេ ព្រោះវាស្ទើរតែដូចគ្នា ៩៩% ទៅហើយ ។

៣-iPhone Xs គ្មានមុខងារថ្មីទេ

កាលជំនាន់ iPhone 5s មានមុខងារស្កេនក្រយៅដៃ iPhone 6s មាន 3D Touch ជំនាន់ iPhone 7Plus មានកាមេរ៉ា ២ គ្រាប់ ជំនាន់ iPhone X មានកាមេរ៉ាថតព្រិលផ្ទៃក្រោយបាន តែជំនាន់ iPhone Xs ដូចជាមិនមានអ្វីលើសពីហ្នឹង ក្រៅពីដាក់ស៊ីមបានពីរទេ ។

៤-មិនដើរលឿនជាង iPhone ចាស់ប៉ុន្មានទេ

បើធៀបគ្នាជាមួយ iPhone ជំនាន់ប្រហែលគ្នា iPhone Xs ឬ iPhone Xs Max មិនដើរលឿនជាងគ្នាប៉ុន្មានទេ ខណៈដែលឆ្នាំនេះ iPhone X មិនទាន់ទទួលកាលរិះគន់ធ្ងន់ធ្ងរណាមួយថាដើរយឺតនៅឡើយទេ ជាមួយនឹង IOS 12 ។

៥-iPhone ចាស់ៗនៅតែដើរលឿន

ស្រដៀងគ្នាដែរ បើ iPhone ចាស់ដូចជា iPhone 7 ឬ 8 នៅតែដើរលឿនធម្មតាទេ កុំចាយលុយទិញ iPhone ជំនាន់ថ្មីអី ។ បើអ្នកដំឡើងទៅ IOS 12 ល្បឿនក៏ដើរលឿនមិនចាញ់ iPhone សេរ៊ីថ្មីដែរ ព្រោះរាល់ឆ្នាំតែងតែប្រកាសពីកំណែទម្រង់ IOS ជំនាន់ថ្មីដែលជួយឲ្យ iPhone ដើរស្រួលជាងមុន ហើយក៏មានអ្នកធ្វើតេស្តវារួចហើយដែរ បើអ្នក Update ទៅ IOS 12 Beta វានឹងជួយឲ្យ iPhone ចាស់នៅតែដើរលឿនដដែល ។

៦-Apple សន្យាថានឹងធ្វើឲ្យ iPhone ចាស់រស់បានយូរ

នៅចាំបានទេ ថាមុនពេលចេញ iPhone X ស្រាប់តែមានផ្ទុះការតវ៉ាឡើងផ្អើលក្រុមហ៊ុន Apple រឿងទូរស័ព្ទចាស់ដើរយឺតខុសពីធម្មតា ទើបក្រោយមក Apple ចេញមុខសារភាព និងសុំទោសសាធារណៈជនហើយសន្យាថានឹងធ្វើឲ្យ iPhone ជំនាន់ចាស់ដើរស្រួលវិញ និងមានអាយុកាលប្រើបានយូរ ។

ដូចច្នោះគ្រាន់តែ Update ទូរស័ព្ទចាស់របស់អ្នកទៅ IOS 12 ទៅបានហើយ ព្រោះ Apple ចេញមុខអះអាងប៉ុននេះហើយនៅភ័យអីទៀត ។

៧-ចាំទិញ iPhone ជំនាន់ក្រោយមួយទៀត

ដោយសារ iPhone ថ្មីនេះមិនមានអ្វីលើស iPhone X ក្រៅពីមេម៉ូរី និងអេក្រង់ អ្នកគួរតែចាំ iPhone ជំនាន់ ២០១៩ តែម្តងទៅ បើអ្នកគិតថាចាំទិញ iPhone មួយជំនាន់ទៀតប្រហែលអ្នកគិតត្រូវហើយ ។ ទុកពេលឲ្យ Apple រកអ្វីថ្មីផង ដោយសារឆ្នាំនេះ Apple យឺតពេលក្នុងការទម្រង់ iPhone បានជាចេញម៉ូឌដដែលៗ ដូចច្នោះទម្រាំដល់ឆ្នាំក្រោយប្រហែល Apple មានពេលគ្រប់គ្រាន់ដើម្បី Update ស្មាតហ្វូនដូចជា ប្រព័ន្ធកាមេរ៉ាថ្មី ម៉ាស៊ីន ឬអេក្រង់កាន់តែល្អជាងមុន ។

៨-ទិញ iPhone XR ជំនួស

ដូចដែល Apple ធ្លាប់សន្យាថាចេញ iPhone ថ្មីដែលមានតម្លៃថោកជាង iPhone X កាលពីពាក់កណ្តាលឆ្នាំនេះ ឥឡូវអ្នកមានជម្រើសទិញ iPhone XR ជំនួសវិញ ។ ទោះបីជាវាត្រូវបានកាត់ចំណុចពិសេសមួយចំនួនដូចជា ប្រើអេក្រង់ LCD ធម្មតាជំនួសឲ្យអេក្រង់ OLED មានកាមេរ៉ាតែមួយគ្រាប់ ប៉ុន្តែវាមានតម្លៃប្រមាណ ៧០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែអ្នកត្រូវចាំរហូតដល់ចុងខែ ១០ ឬដើមខែ ១១ ទើប Apple ចេញលក់វា ។ បើអ្នកនៅតែមិនទុកចិត្ត iPhone ចាស់ៗរបស់អ្នក អ្នកគួរតែរងចាំទិញ iPhone XR ទៅ ព្រោះវាក៏ជាម៉ូឌែលថ្មីមួយដែរ គ្រាន់តែមិនសូវពិសេស ។

៩-iPhone ថ្មីមិនអាចសាកថ្មីលឿនទេ

ទោះបីជា iPhone ថ្មីនេះមានតម្លៃពាន់ដុល្លារក៏ដោយ ការពិតវាមិនមានបំពាក់ជាមុខងារឬឆ្នាំងសាកលឿនទេ (Fast Charge) ដូចច្នោះវាក៏មិនខុសអីពី iPhone ចាស់ដែរ បើអ្នកកំពុងគិតថាខ្ជិលសាកថ្មយូរផង មិនបាច់ទិញវាក៏បាន នាំតែទើសចិត្តហើយស្តាយលុយ ។

១០-មុខងារថ្មីមិនមានគ្រប់ប្រទេសទេ

រឿងទីមួយគឺ iPhone Xs អាចឲ្យអ្នកកំណត់កម្រាស់រូបភាពព្រិលនៅផ្ទៃក្រោយបាន តែ iPhone X ឬ iPhone 8 Plus ក៏ធ្វើបានដូចគ្នា គ្រាន់តែវាកំណត់ស្វ័យប្រវត្តិ តែក៏មាន App មួយចំនួនជួយឲ្យ iPhone ចាស់ៗធ្វើបានដូច iPhone Xs ដូចគ្នា ។ មួយទៀត iPhone ដែលដាក់ស៊ីមបានពីរនោះប្រើបានតែនៅប្រទេស ៩ ប៉ុណ្ណោះ ហើយដំណើរការជាមួយស៊ីមប្រភេទថ្មីដែលបំពាក់បច្ចេកវិទ្យា eSim ប៉ុណ្ណោះ ដូចច្នោះអតិថិជននៅស្រុកខ្មែរប្រហែលគ្មានសំណាងទេ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here