ក្រុមហ៊ុនចិនដ៏ធំមួយគ្រោងវិនិយោគអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីបែបវិទ្យាសាស្ត្រ និងឧទ្យានកែច្នៃបែបធម្មជាតិនៅកម្ពុជា

0
3708

ប្រទេសចិន៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចសិក្សាស្វែងយល់ និងពិភាក្សាការងារលើការអភិវឌ្ឍផលិតផលទេសចរណ៍បែបទំនើបនៅជ្រលងភ្នំស្រមើស្រមៃបែបវិទ្យាសាស្ត្រ (Oriental Scientific Valley) ដែលជាគម្រោងដ៏ធំមួយរបស់ក្រុមហ៊ុន តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Lingnan Eco & Culture Tourism Co., Ltd។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់លោក Song Yanjun ប្រធានក្រុមហ៊ុន Lingnan Eco & Culture Tourism Co., Ltd ដែលបានអញ្ជើញប្រតិភូកម្ពុជាមកទស្សនាដោយផ្ទាល់ និងកោតសរសើរចំពោះបច្ចេកទេស និងសមត្ថភាពរបស់ក្រុមហ៊ុន ដែលអាចសាងសង់មជ្ឈមណ្ឌលទេសចរណ៍បែបស្រមើស្រម៉ៃវិទ្យាសាស្ត្រនេះ នៅផ្ទៃដីទំហំ ១៣៥ហិកតា នៅតាមជ្រលងភ្នំតុងគ័ងហ្វ័រហ៊ង របស់ខេត្តគួយចូវ ក្នុងនោះរួមមានដូចជាសួនកម្សាន្តបែបវិទ្យាសាស្ត្រស្រមើស្រម៉ៃ យាន្តអវកាសក្រៅភព និងសំណង់ស្ថានអាវកាស បែបស្រមើស្រម៉ៃគ្រប់ប្រភេទ (UFOs and Spaceships) មនុស្សយន្តសប្បនិម្មិតដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសចិន ដែលមានកម្ពស់ ៥៥ម៉ែត្រ និងទម្ងន់ ១៣០តោន ទីលានលេងកីឡាទំនើបបែបស្រមើស្រម៉ៃ និងភោជនីយដ្ឋាន ហើយក្រុមហ៊ុននឹងមានគម្រោងសាងសង់សណ្ឋាគារផ្កាយលំដាប់៥ នាពេលអនាគត។

បន្ទាប់មក ប្រតិភូកម្ពុជាក៏បានបន្តទៅសិក្សាស្វែងយល់ពីការរៀបចំឧទ្យានកែច្នៃបែបធម្មជាតិគ័ងហ៊រ (Quanhu Park) ដែលស្ថិតនៅកណ្តាលភាគខាងត្បូងរបស់ស្រុកបេយន់ ទីក្រុងគួយយ៉ាង ដែលមានទំហំផ្ទៃដី ៩០ហិកតា ដោយរៀបចំសួនច្បារច្នៃប្រឌិតដ៏ស្រស់ស្អាតនៅជុំវិញបឹង និងភ្នំ ដែលតំបន់នេះពីមុនមកគឺជាទីលានចាក់សំរាម។

ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រចំពោះផែនការគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងរងចាំជួយសម្របសម្រួលបង្កលក្ខណៈ ឱ្យក្រុមហ៊ុនធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅនៅកម្ពុជា ដើម្បីឈានទៅធ្វើគម្រោងនិយោគបែបនេះ ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀត នៅតំបន់ទេសចរណ៍ណាមួយនៅកម្ពុជា ដើម្បីឆ្លើយតបនឹងកំណើនទេសចរជាតិ និងអន្តរជាតិ និងសម្រាប់យុវជនជំនាន់ក្រោយ។

សូមបញ្ជាក់ថា នេះជាគម្រោងអភិវឌ្ឍន៍ថ្មីមួយដែលមិនធ្លាប់មាននៅកម្ពុជា ដែលនឹងជំរុញឱ្យមានការទាក់ទាញភ្លៀវទេសចរកាន់តែច្រើន និងជាបទពិសោធន៍វិនិយោគថ្មីមួយទៀត ដែលជាមេរៀនដ៏ល្អសម្រាប់អ្នកវិនិយោគិនក្នុងស្រុក ក្នុងការច្នៃប្រឌិតអភិវឌ្ឍន៍នៅគម្រោងថ្មីៗបន្តទៀត។ សម្រាប់គម្រោងវិនិយោគនេះ បើទោះបីមិនទាន់សិក្សាស៊ីជម្រៅក្តី តែទំហំទឹកប្រាក់ក្នុងការវិនិយោគទៅតាមទំហំនៃគម្រោង អាចចាយលុយខ្ទង់ពាន់ដុល្លារអាមេរិកឯណោះ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here