កម្ពុជាគ្រោងរៀបចំផែនការវិនិយោគលើតំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិនៅខេត្តកែប​

0
9923

ប្រទេសកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានជំរុញការរៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីក តំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីប្រែក្លាយខេត្តកែបជា​តំបន់ភូមិសាស្ត្រទេសចរណ៍ ដ៏ទាក់ទាញមួយ។ នេះបើយោងតាមការប្រកាសព័ត៌មានផ្លូវការពីក្រសួងបរិស្ថានកម្ពុជា។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តី ពីការរៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីកតំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិក្នុងភូមិសាស្រ្ត ខេត្តកែប​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង អាជ្ញាធរខេត្តកែប អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ។

គម្រោងវិនិយោគតំបន់ទេសចរណ៍ស្ងប់ស្ងាត់នេះ ដើម្បីពង្រឹង ធ្វើយ៉ាងណាឱ្យរក្សាបាននូវការអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ដែលពោពេញទៅដោយសក្តានុពលដ៏សម្បូរបែប និងការវិនិយោគសេវាកម្មលើវិស័យទេសចរណ៍ ក៏ដូចជាប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបន្ថែមទៀត ការបង្កើនការងារដល់ប្រជាពលរដ្ឋនៅភូមិសាស្រ្ត ខេត្តកែប ឱ្យមាននិរន្តរភាព។

ឯកឧត្តម ក៏បានជំរុញដល់ថ្នាក់ដឹកនាំទទួលបន្ទុកការងារខាងលើ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ទាក់ទងការអនុវត្តការវិនិយោគសេវាកម្មទេសចរណ៍លើតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីគិតគូរអំពីបរិស្ថានធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពទេសចរណ៍បែបធម្មជាតិ។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងដែរ ចំពោះការប្រគល់តួនាទីនៅក្នុងការគ្រប់គ្រង ក្នុងការងាយស្រួលដល់ការអនុវត្តការងារនៅក្នុងឧទ្យានជាតិកែប ដោយគិតគូរទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការសង់អគារ រីសត ត្រូវចូលរួមនៅក្នុងការ បង់ថ្លៃសេវាកម្មទេសចរណ៍ និងចូលរួមក្នុងវិស័យបរិស្ថាន ពីព្រោះក្នុងភូមិសាស្រ្តខេត្តកែបនេះមានសក្តានុពលស្រាប់ហើយដូចជា សមុទ្រ កោះ និងឧទ្យានជាតិកែប ដែលជាកន្លែងទេសចរណ៍នៅជាប់ក្រុង ដើម្បីថែរក្សា អភិរក្សឱ្យបាននូវធនធានធម្មជាតិ និងប្រែក្លាយតំបន់នេះទៅជាតំបន់ដែលមានសក្តានុពល បន្ថែមទៀត សម្រាប់ភ្ញៀវទេសចរណ៍ទៅលំហែរកំសាន្តដ៏មានប្រជាប្រិយភាព៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here