បែលហ្សិក៖ កម្ពុជាមានអំណោយផលជាងគេក្នុងតំបន់ សម្រាប់ធ្វើធុរកិច្ច និងវិនិយោគ

0
411

វិនិយោគគិនបែលហ្សិកជាច្រើនកំពុងតែចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា នេះដោយសារតែកម្ពុជាជាប្រទេសមួយដែលមានស្ថេរភាពនយោបាយ និងលក្ខណៈអំនោយផលជាងគេនៅក្នុងតំបន់។ ​នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហ្វីលីព គ្រីដែលកា​ (Phillipe Kridelka) ឯកអគ្គរាជទូត នៃព្រះរាជាណាច្រកបែលហ្សិក និងលោក Phillip Coates នាយគប្រតិបត្តិសភាពាណិជ្ជកម្ម បែលហ្សិ-លុចហ្សំបួរ-ថៃ ។

នៅក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងេពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក Phillipe Kridelka និង លោក Phillip Coates បានលើកសសើរអំពីលក្ខណៈពិសេសនៃទីតាំងភូមិសាស្រ្ត និងវឌ្ឍនភាពនៃកម្ពុជា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបរិយាកាសនៃការវិនិយោគដ៏គួរឱ្យទាក់ទាញ។

នៅក្នុងជំនួបនេះ បេសកកម្មទាំងពីរក៏បានគោរពអញ្ជើញ ឯកឧត្តមប៉ាន សូរស័័ក្តិទៅចូលរួមវេទិការធុរកិច្ចកម្ពុជា-បែលហ្សិក ដែលគ្រោងធ្វើនៅដើមខែធ្នូខាងមុខ ដើម្បីជំរុញកិច្ចសហការណ៍នៃវិស័យឯកជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតបឯកឧត្តម ប៉ាន សូរស័ក្តិ បានឯកភាពចូលរួមនិងថ្លែងអំណរគុណ ចំពោះបេសកជនទាំងពីរ​ ដែលបានគាំទ្រ និងផ្តល់សេចក្តីទុកចិត្តមកលើកម្ពុជា។ ឯកឧត្តមបានជម្រាបជូនបេសកជនទាំងពីរ អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា គោលនយោបាយវិនិយោគ និងគោលការណ៍វិនិយោគផ្សេងៗដែលលើកទឹកចិត្តចំពោះការមកវិនិយោគនៅកម្ពុជា ទៅលើវិស័យជាច្រើនដូចជា វិស័យអចលនទ្រព្យនិងសំណង់ វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យកសិឧស្សាហកម្ម និងវិស័យដែលមានសក្តានុពលផ្សេងៗទៀតនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីអត្ថប្រយោជន៍ តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម Techno Park ដែលអនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើការផលិតគ្រឿងបង្គុំរថយន្ត ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ ផ្តល់ដោយប្រទេសចំនួន ៣២ រួមទាំងសហគមន៍អឺរ៉ុបផងដែរ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ព្រមទាំងទស្សនទាន ក្នុងការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីទប់ទល់ផលប៉ះពាល់ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្សិក បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាសាឡើងវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩២។ បច្ចុប្បន្ន ប្រទេសទាំងពីរ បានក្លាយជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានកំពុងគាំទ្រគ្នាទៅវិញទៅមកលើសៃវៀនអន្តរជាតិ។ កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបែលហ្សិក សម្រេចបាន ៤១១លានដុល្លារសហរដ្ឋអាមេរិក ហើយសម្រាប់រយៈពេល៧ខែនៃឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានចំនួន ២៩២លានដុល្លារសហរដ្ឋអាមេរិក៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទដោយ៖ ប៉េង ផានិត

LEAVE A REPLY

Please enter your comment!
Please enter your name here