ស្ថាបនិក ArrowDot៖ សហគ្រិនភាគច្រើនមិនសូវចាប់អារម្មណ៍អាជីវកម្មប្រភេទស្វ័យប្រវត្តិកម្ម ស្របពេលឧស្សាហកម្មតូចធំអត់វាមិនបាន

0
728

បច្ចេកវិទ្យាកាន់តែរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើជីវិតមនុស្សរស់នៅប្រចាំថ្ងៃគឺត្រូវពឹងផ្អែកលើបច្ចេកវិទ្យាស្ទើរតែទាំងស្រុង ហើយពិសេសពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម ព្រោះខ្សែសង្វាក់ផលិតកម្ម ឬសេវាកម្មសុទ្ធត្រូវបានប្រើប្រាស់ដោយប្រព័ន្ធបច្ចេកវិទ្យា។

បើយើងក្រឡេកមើលលើរោងចក្រឧស្សាហកម្មតូចធំ សុទ្ធតែប្រើប្រាស់ការផលិតដោយប្រើគ្រឿងម៉ាស៊ីន ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ ឬហៅថា ស្វ័យប្រវត្តិកម្ម ដែលវាបានជួលកាត់បន្ថយដល់កម្លាំងពលកម្មបានជាច្រើន និងជួយពន្លឿនការងារកាន់តែឆាប់រហ័ស។

ទាក់ទិននឹងបញ្ហានេះ យើងសង្កេតឃើញថា ការងារមួយចំនួនធំសុទ្ធតែត្រូវការបច្ចេកវិទ្យាទាំងអស់នេះ តែសហគ្រិននៅកម្ពុជាភាគច្រើន ហាក់មិនសូវមានអ្នកណាចាប់អារម្មណ៍រកស៊ីទៅលើកផ្នែកស្វ័យប្រវត្តិកម្ម ឬមេកានិចទាំងអស់នេះឡើយ។

បើតាមប្រសាសន៍របស់លោក លឹម សង្វារ ជាសហស្ថាបនិក និងនាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ArrowDot ដែលជាក្រុមហ៊ុនបម្រើសេវាកម្មផ្គត់ផ្គង់ផ្នែកមេកានិក ប្រព័ន្ធស្វ័យប្រវត្តិកម្ម គ្រប់គ្រងនិន្នន័យ និងរៀបចំប្រព័ន្ធអេឡិចត្រូនិច បានប្រាប់សារព័ត៌មានពាណិជ្ជកម្មកម្ពុជា (Business Cambodia) ថា បច្ចេកវិទ្យាពិតជាដើរតួរយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយវាក៏ជាហេតុផលចំម្បងមួយដែលធ្វើឲ្យលោក សម្រេចចិត្តបើអាជីវកម្មប្រភេទបច្ចេកវិទ្យានេះឡើង។

មួយវិញទៀតនោះលោក លឹមម សង្វារ សង្កេតឃើញថា ម្ចាស់ឧស្សាហកម្ម សិប្បកម្ម សហគ្រាសតូចធំជាច្រើន គាត់ពិបាកក្នុងការស្វែងរកអ្នកដែលមានជំនាញក្នុងការតម្លើង ថែទាំ និងជួសជុលម៉ាស៊ីន ឬឧបករណ៍ផលិតរបស់ពួកគាត់ ហើយមួយវិញទៀត ការរៀបចំ ​បំពាក់ប្រព័ន្ធបញ្ជា ឬប្រព័ន្ធស្វ័យប្រវត្តិទៅលើ រោងចក្រ ឧស្សាហកម្មទាំងអស់នោះ ភាគច្រើនត្រូវស្វែងរកទិញ ឬរកអ្នកជំនាញពីក្រៅប្រទេស ដែលធ្វើឲ្យពួកគាត់ចំណាយថវិកាច្រើន ហើយត្រូវចំណាយពេលវេលាយូទៀត  ទើបលោកសម្រេចចិត្ត បើកអាជីវកម្មដើម្បីផ្តល់នូវសេវាកម្មទាំងអស់នេះទៅដល់ពួកគាត់។

ថ្វីត្បិតតែបច្ចេកវិទ្យាទាំងនេះ វាបានដើរតួរយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ច តែហាក់បីដូចជាមានសហគ្រិនតិចតួចបំផុត ដែលបានបង្កើតនូវអាជីវកម្មប្រភេទនេះឡើង។ លោក សង្វារ ក៏បានបន្ថែមថា ដោយសារតែបច្ចុប្បន្នបច្ចេកវិទ្យាត្រូវគ្រប់គ្រងលើកការរីកចម្រើននៃសេដ្ឋកិច្ច ក៏ដូចជាប្រទេសជាតិនិមួយៗនៅលើពិភពលោក ដូច្នេះ ការបើកអាជីវកម្មប្រភេទបច្ចេកវិទ្យា វាពិតជាអាចឲ្យអាជីវកម្មទទួលបានជោគជ័យ ហើយវាក៏ជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ឲ្យកាន់តែរីកចម្រើនផងដែរ៕

អត្ថបទដោយ៖ វ៉ាត វឌ្ឍនា, Leadership Writer

LEAVE A REPLY

Please enter your comment!
Please enter your name here