ហេតុអ្វីគ្រប់អាជីវកម្មត្រូវត្រៀមផ្លាស់ប្តូរ ដើម្បីរស់?

0
2766

អាជីវកម្មដែលអាចមានជីវិតរស់រានបានយូរ ចាំបាច់ត្រូវតែចេះបត់បែនតាមសម័យកាល និងត្រូវចេះច្នៃប្រឌិតឲ្យអាជីវកម្មកាន់តែមានភាពលេចធ្លោ និងមានសក្តានុពល មានលទ្ធភាពប្រកួតប្រជែងបានយូរអង្វែងជាដាច់ខាត។ និយាយដោយខ្លី ពេលណាដែលអ្នកឈប់ផ្លាស់ប្តូរខ្លួនឯង អាជីវកម្មអ្នកស្ថិតនៅក្នុងរូបភាពដដែល នោះមានន័យថាអ្នកជិតដល់ទីបញ្ចប់ហើយ។

លោកសោម សម្បត្តិ ស្ថាបនិកថ្នាំពណ៌ជាតិ Cam-Paint ក៏ធ្លាប់មានប្រសារសន៍ផងដែរថា៖ “ពេលណាដែលអ្នកយល់ថាអ្នកខ្លួនឯងនៅតំបន់សុវត្ថិភាព (Comfort Zone) ហើយមិនព្រមផ្លាស់ប្តូរខ្លួនឯងបន្តទៀតទេ នោះអាយុកាលនៃអាជីវកម្មអ្នកក៏ជិតមកដល់ទីបញ្ចប់ដូចគ្នាដែរ។”

អាជីវកម្មមួយចំនួនធំនៅកម្ពុជា ខ្លះក៏បានដួលរួចហើយ ខ្លះទៀតក៏កំពុងតែដើរទៅរកទីទាល់គ្មានច្រកចេញទាំងមិនដឹងខ្លួន ខ្លះទៀតមើលមិនយល់ពីជោគវាសនាខ្លួនឯង រកស៊ីតាមតែគ្នា តាមតែការមើលឃើញក្នុងពេលបច្ចុប្បន្ន តាមតែការចេះដឹងរបស់ខ្លួនពីគ្រួសាររ មិនព្រមអភិវឌ្ឍន៍ខ្លួនបន្តទៅទៀតឡើយ ដល់ពេលដែលទឹកលេចដល់ច្រមុះ តាំងបន្ទោសព្រេងវាសនា។

តួយ៉ាងដូចជាអ្នកលក់កាសែត ទស្សនាវដ្តី៍ កាលពីប៉ុន្មានឆ្នាំមុន គាត់នៅតែសប្បាយរីករាយនឹងការបោះពុម្ពជាច្រើនម៉ឺនច្បាប់ ដោយមិនបានគិតគូរពីការវិវត្តន៍នៃបច្ចេកវិទ្យាឡើយ ទើបតែភ្ញាក់ខ្លួនក្នុងពេលថ្មីៗនេះឯង ដោយសាររតែមនុស្សសម្រុកអានតាមអនឡាញនៅលើទូរស័ព្ទដៃ កុំព្យូទ័រ ជំនួសវិញ ព្រោះតែវារហ័ស ទាន់ហេតុការណ៍ ងាយស្រួល និងចំណេញថវិកាជាង។

ហាងកាហ្វេមួយចំនួនធំក៏ដូចគ្នាដែរ បានបិទទ្វារបន្តបន្ទាប់គ្នា ដោយសាររតែវត្តមានហាងកាហ្វេទំនើបស្តង់ដា សម្រុកបើកឥតសម្រាក់ ធ្វើឲ្យអ្នកលក់កាហ្វេបែបសារមញ្ញ និងលក់តាមដងផ្លូវ រកដង្ហើមដកសឹងតែមិនបាន។ ហើយបើយើងពិនិត្យមើលឲ្យមែនទែន ទីផ្សារប្រកួតប្រជែងអាជីវកម្មកាហ្វេ ហាងកាហ្វេដែលនឹងដេកស្លាប់មុនគេ គឺអ្នកលក់កាហ្វេតាមដងផ្លូវ តាមរទេះ ហាងដែលបើកឲ្យតែមាន មិនដឹងយកកាហ្វេមកពីណា ឆុងដោយរបៀបណាក៏មិនដឹង គ្មានអនាម័យ គ្មានអ្វីថ្មីប្លែក។ ហាងកាហ្វេដែលនឹងត្រូវរងគ្រោះបន្ទាប់ អាចជាហាងកាហ្វេដែលមានទុនបម្រុងតិច មិនសូវមានលទ្ធភាពប្រកួតប្រជែងបានយូរនៅក្នុងទីផ្សារនឹងគេ ដែលចុងបំផុតទៅ ហាងកាហ្វេប្រហែលជាមិនដល់១០យីហោទេ ដែលអាចនៅរស់នៅក្នុងទីផ្សារកម្ពុជាបាននាពេលខាងមុខ។

អាជីវកម្មផ្សេងទៀត ដូចជាសាលារៀនឯកជនតូចៗ ដែលគ្មានចំណុចពិសេស គ្មានស្តង់ដា និងគ្មានលទ្ធភាពប្រកួតប្រជែងនឹងគេ អាចនឹងត្រូវប្រឈមមុខនឹងបញ្ហា ដោយសាររតែការវិវត្តន៍នៃបច្ចេកវិទ្យា បង្រៀនតាមអនឡាញ។ អាជីវកម្មបើកហ្គារាស់សាំង ប្រឈមមុខនឹងយានជំនិះប្រើប្រាស់ហ្គាស ឬប្រើប្រាស់អគ្គិសនី និងតូបលក់ចាប់ហួយជាដើម ដែលអាចនឹងត្រូវជំនួសដោយមីនីម៉ាត (Mini Mart)។

ជារួម ដើម្បីឲ្យអាជីវកម្មអ្នកអាចរស់រានមានជីវិតបានយូរអង្វែង អ្នកដែលជាម្ចាស់អាជីវកម្មមិនអាចឈរនៅស្ងៀម សោយសុខក្នុងរយៈពេលខ្លីដោយមិនគិតពីអនាគតបានឡើយ ពុំនោះទេអ្នកនឹងប្រឈមមុខនឹងការបិទទ្វារអាជីវកម្មទាំងមិនអស់ចិត្តជាមិនខានឡើយ។ ខ្ញុំសុំលើកយកឧទាហរណ៍មួយទៀតពី មូលហេតុបរាជ័យយ៉ាងធ្ងន់ធ្ងររបស់Nokia។

ក្រុមហ៊ុនផលិតទូរស័ព្ទមួយនេះ បានក្លាយជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោក ខណៈពេលដែលមិនទាន់មានវត្តមានទូរស័ព្ទ iPhone កាលពីឆ្នាំ ២០០៧។ ប៉ុន្តែក្រោយពេលដែលមានវត្តមានទូរស័ព្ទស្មានហ្វូននេះភ្លាម បានធ្វើឲ្យមនុស្សម្នាងាកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ ស្របពេលជាមួយគ្នា បណ្តាក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងៗទៀត បានព្យាយាមអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ នៅសល់តែក្រុមហ៊ុន Nokia ប៉ុណ្ណោះដែលនៅតែយល់ថា ផលិតផលរបស់ខ្លួននៅតែល្អដាច់គេ និងនៅតែជឿជាក់ថា មនុស្សនឹងនៅតែប្រើប៊ូតុងចុចដដែល។

ដោយមានអំនួតលើផលិតផលរបស់ខ្លួន ហើយដោយសាររតែមិនសម្លឹងមើលឲ្យបានវែងឆ្ងាយ ធ្វើឲ្យកាលលក់នៅលើទីផ្សាររបស់ Nokia កាន់តែធ្លាក់ចុះបន្តិចម្តងៗប្រមាណ៦០ភាគរយជាប់ៗគ្នារយៈពេល២ឆ្នាំ រហូតទម្រាំតែភ្ញាក់ខ្លួនអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួន ចាប់ផ្តើមផលិតស្មាតហ្វូននឹងគេនៅឆ្នាំ២០១០ វាស្ទើរតែហួសពេលបាត់ទៅហើយ ព្រោះបច្ចេកវិទ្យាដើរយឺតជាងគេដល់ទៅ៣ឆ្នាំឯណោះ។

ក្រោយពីព្យាយាមអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនបរាជ័យជាច្រើនលើក ធ្វើឲ្យក្រុមហ៊ុននេះអស់ជំនឿថានឹងអាចប្រកួតប្រជែងលើទីផ្សារបានតទៅទៀត ដោយសាររតែការអភិវឌ្ឍន៍ទៅលើរូបរាង នៅផ្ទៃផ្នែកខាងក្នុងនៃទូរស័ព្ទ ទៅលើ Software និងHardware ពុំសូវទទួលបានការចាប់អារម្មណ៍ ទើបក្រុមហ៊ុនដែលមានតម្លៃជាង៥០ពាន់លានដុល្លារអាមេរិកកាលពីមុន ត្រូវបង្ខំចិត្តលក់ក្រុមហ៊ុនទាំងមូលទៅឲ្យក្រុមហ៊ុន Microsoft តែម្តងក្នុងតម្លៃតែជាង៧ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ និងបានបញ្ឈប់បុគ្គលិករបស់ខ្លួននៅក្នុងឆ្នាំ ២០១៣នោះ ប្រមាណជិត៣ម៉ឺននាក់ថែមទៀត។

 “ការផ្លាស់ប្តូរគឺជារឿងដ៏លំបាក ប៉ុន្តែវានៅតែជាជម្រើសដ៏ល្អបំផុត”

ដកស្រង់ចេញពីសៀវភៅ “ត្រៀមចេញរកស៊ីឲ្យចំគោលដៅ” មានលក់នៅលើទីផ្សារហើយ

ខេត្តបាត់បង មាននៅបណ្ណាគារ ឥន្ទ្រទេវី

ខេត្តកំពង់សោម មាននៅបណ្ណាគារលី ហេង

ខេត្តតាកែវ មាននៅបណ្ណាគារ បញ្ញា ស័ក្តិសិទ្ធ

ខេត្តកំពង់ស្ពឺ មាននៅបណ្ណាគារ វឌ្ឍនជ័យ

សៀមរាប អាចទាក់ទងលេខ 095 57 7171

អ្នកនៅភ្នំពេញអាចរកបាននៅតាមបណ្ណាគារមួយចំនួនដូចជា បណ្ណាគារបាក់ទូក ប្រជាប្រិយ អង្គរធំ សន្តិភាព និងABC ជាដើម។ ឫទាក់ទងតាមលេខ016/017/068 53 9897 /016 300 843/ 017 300 844 ដឹកជូនដោយមិនគិតថ្លៃ។

 

អត្ថបទដោយ៖ MENG SONGHUA

Co-founder Cambotrips

 

LEAVE A REPLY

Please enter your comment!
Please enter your name here