អ្នកជំនាញ៖«ផែនការអាជីវកម្ម ឬBusiness Plan» ជាចំណុចស្លាប់រស់នៃដំណើរការអាជីវកម្ម

0
1451

អាជីវកម្មមួយអាចមានដំណើរការល្អទៅបាន លុះត្រាតែយើងរៀបចំគោលដៅ ផ្លូវដើរ បេសកកម្ម និងយុទ្ធសាស្ត្ររួចរាល់ មុនចេញរកស៊ី ទើបអាជីវកម្មយើងទទួលបានជោគជ័យក្នុងអត្រាខ្ពស់។ យើងមិនអាចចេញរកស៊ីទាំង មិនទាន់ស្គាល់ថាខ្លួនឯង ជានរណា ប្រភពខាងក្រៅមានសភាពបែបណានោះទេ។ ហើយជាទូទៅ ត្រូវបានគេឲ្យឈ្មោះថា «ការធ្វើផែនការអាជីវកម្ម ឬ Business Plan» ជាចំណុចស្លាប់រស់នៃអាជីវកម្ម។ អាជីវកម្មតូចចង់ធំ ហើយអាជីវកម្មធំស្រាប់ ចាំបាច់ត្រូវតែមានផែនការអាជីវកម្មមិនអាចខ្វះបាន។

សយ ដារ៉ាទីតូ អ្នកជំនាញប្រឹក្សាផ្នែកអាជីវកម្ម ថ្លែងប្រាប់ Business Cambodia ថា«ផែនការអាជីវកម្ម ដូចជាផែនទីបង្ហាញផ្លូវ ហើយវាជាផែនការយុទ្ធសាស្ត្រដ៏សំខាន់ ញំាឲ្យអាជីវកម្មមួយទទួលបានជោគជ័យ មិនអាចដើរដោយគ្មានផែនទីនោះទេ»។

លោកបន្តថា «ការធ្វើផែនការអាជីវកម្ម ឬ Business Plan» ជាឧបករណ៍ដ៏សំខាន់មួយ មិនអាចខ្វះបានសម្រាប់ម្ចាស់អាជីវកម្ម ព្រោះវាបង្ហាញឲ្យយើងដឹងថា តើអាជីវកម្មមួយត្រូវចាប់ផ្តើមពីចំណុចណា ទៅចំណុចណា។ ហើយត្រូវរៀបចំខ្សែចង្វាក់ផលិតកម្មយ៉ាងម្តេច ត្រូវមានកម្លាំងពលកម្មប៉ុន្មាន ដើម្បីឆ្លើយតបនូវប្រតិបត្តិការ។ ជាពិសេសវាបានបង្ហាញប្រាប់យើងថា ក្រុមហ៊ុនមួយរៀបចំឡើងត្រូវមានផ្នែកអ្វីខ្លះ រៀបចំយុទ្ធសាស្ត្រ ផ្លូវដើរដោយវិធីណា?»។

អ្នកជំនាញអាជីវកម្មរូបនេះបន្ថែមថា«ផែនការអាជីវកម្ម អាចប្រាប់យើងអំពីផ្លូវត្រូវដើរ កន្លែងណាមានឧបសគ្គ ត្រូវដោះស្រាយដោយវិធីណា តែបើយើងមិនបានធ្វើទេ នោះច្បាស់ជាមិនអាចដោះស្រាយបានភ្លាមៗ បទបែនតាមស្ថានកាល»។

លោកបានបញ្ជាក់ថា អាជីវកម្មបរាជ័យភាគច្រើន ខ្វះយុទ្ធសាស្ត្រធ្វើ Branding គ្រប់គ្រងហិរញ្ញវត្ថុទាក់ទងការព្យាករណ៍ការលក់ និងការចំណាយរបស់ក្រុមហ៊ុន សុទ្ធសឹងតែជាផ្នែកតូចៗនៅក្នុងផែនការអាជីវកម្ម។ អាជីវកម្មតូចល្មមលក្ខណៈគ្រួសារ យ៉ាងយោចណាស់ត្រូវធ្វើបញ្ចីហិរញ្ញវត្ថុឲ្យច្បាស់លាស់ផងដែរ។

ជាសរុប ការធ្វើផែនការអាជីវកម្មវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ម្ចាស់អាជីវកម្មក្នុងការដឹកនាំឲ្យទទួលបានជោគជ័យ។ ជាពិសេសយុវជន ចេញរកស៊ីអាជីវកម្មតូចក្តី ត្រូវតែធ្វើផែនការអាជីវកម្មដាច់ខាត សម័យនេះហើយយើងមិនអាចចេញរកស៊ីតាមទម្លាប់បូរាណពេកនោះទេ ត្រូវតែចេះអភិវឌ្ឍន៍ខ្លួនតាមសម័យកាល ដើម្បីភាពរីកចម្រើននៃអាជីវកម្មខ្លួន៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here