ហេតុអ្វីខ្ចីលុយធនាគារចាប់ផ្តើមអាជីវកម្មដំបូង អាចធ្វើឲ្យអ្នកបរាជ័យងើបមុខមិនរួច?

0
5617

មនុស្សមួយចំនួនមានសំណាងកើតក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិហូរហៀរ​ ពួកគេមិនមានបញ្ហាខ្វះដើមទុនដើម្បីរកស៊ី ឬពង្រីកអាជីវកម្មរបស់ខ្លួនឡើយ។ ពួកគេគ្រាន់តែដឹងថា អាជីវកម្មរបស់ខ្លួនមើលទៅគឺមានឱកាសជោគជ័យ នោះគេក៏ស្នើសុំ​ប្រាក់ពីឪពុកម្តាយ ឬសាច់ញាត្តិដែលមានទ្រព្យធនស្រាប់ជាការស្រេច។ ប៉ុន្តែចំពោះសហគ្រិនមួយចំនួនធំដែលបានចាប់ផ្តើមការរកស៊ីពីដើមទុនបន្តិចបន្តួច ហើយខ្លះទៀតថែមទាំងគ្មានដើមទុនផ្ទាល់ខ្លួនផងនោះ មិនអាចមិនខ្វះពីចំណុចចាប់ផ្តើមដ៏សំខាន់មួយនេះបានឡើយ។

ដោយសារការខ្វះទុនដើម្បីចាប់ផ្តើមនូវក្តីស្រមៃ មានសហគ្រិនមួយចំនួនបានសម្រេចចិត្ត ឬគិតដល់មុនគេពីការខ្ចីលុយពីធនាគារ ដែលនេះជាជម្រើសដ៏គ្រោះថ្នាក់ដែលអ្នកជំនាញភាគច្រើនបានណែនាំឲ្យសហគ្រិនជំនាន់ក្រោយរបស់កម្ពុជា គួរចៀសវាងពីជម្រើសមួយនេះ។ មូលហេតុដែលថាការចាប់ផ្តើមអាជីវកម្មថ្មីថ្មោងដោយការខ្ចីធនាគារ ឬខ្ចីបុលគេមានគ្រោះថ្នាក់ខ្ពស់ ព្រោះអាជីវកម្មដែលទើបតែបានចាប់ផ្តើមដំបូងៗ ងាយនឹងដួលទៅវិញបំផុត និងមានឱកាសទទួលបានជោគជ័យមានភាគរយតិចពេក។

ឧទាហរណ៍ ប្រសិនបើអ្នកចង់បើកហាងកាហ្វេទំនើបមួយកន្លែង ដែលអាចនឹងចំណាយជាង១០ម៉ឺនដុល្លារអាមេរិក ស្របពេលជាមួយគ្នាអ្នកមានលុយតែ៥ម៉ឺនដុល្លារអាមេរិក ហើយត្រូវទៅកម្ចីធនាគារប្រមាណជាង៥ម៉ឺនដុល្លារបន្ថែមទៀត។ តើនឹងមានអ្វីកើតឡើង? ពេលដែលអ្នកចុះហត្ថលេខាទទួលលុយពីធនាគារភ្លាម វិនាទីការប្រាក់ក៏ចាប់ផ្តើមរត់ភ្លាម ខណៈពេលដែលហាងរបស់អ្នកមិនទាន់ទាញចំណូលនៅឡើយ ឬត្រូវចំណាយពេលដល់ទៅជាង១ខែ ដើម្បីរៀបចំហាង ទម្រាំអាចបើកជាផ្លូវការបាន។ នោះមានន័យថា អ្នកដល់ពេលចាប់ផ្តើមសង់លុយទៅធនាគារជាមួយនឹងការប្រាក់វិញបណ្តើរៗហើយ។ ចុះបើហាងកាហ្វេអ្នកដើរបានតែ៥ខែ ឬ១ឆ្នាំក៏ត្រូវបិទទ្វារ ឬមានបញ្ហាធំណាមួយកើតឡើងធ្វើឲ្យអ្នកត្រូវការលុយជាចាំបាច់ នោះអ្នកអាចនឹងត្រូវសេងហាងហើយ ហើយត្រូវចាំថា គ្រប់ពេលដែលអ្នកដាក់សេងហាង អ្នកត្រូវត្រៀមចិត្តខាតពី ៣០ ទៅ ៦០ភាគរយឲ្យហើយ។ ដូចនេះ ក្រោយបរាជ័យអាជីវកម្ម មិនមែនត្រឹមតែគ្មានការងារធ្វើ គ្មានប្រាក់ចំណូលប្រចាំខែនោះទេ ថែមទាំងជំពាក់បំណុលគេថែមទៀតផង។ តើអ្នកនឹងចំណាយពេលប៉ុន្មានឆ្នាំ ដើម្បីដោះបំណុលខ្ចង់៥ម៉ឺនដុល្លារអាមេរិកនោះ? តើអ្នកនឹងដោះបំណុលដោយរបៀបណា?

ប្រាកដណាស់ គ្រប់អាជីវកម្ម ក្រុមហ៊ុនធំតូច សុទ្ធតែចៀសមិនផុតពីការខ្ចីលុយពីធនាគារឡើយ ប៉ុន្តែគ្រប់ពេលដែលគេខ្ចី គេមានកម្រិតក្នុងការខ្ចី និងមានអ្នកជំនាញហិរញ្ញវត្ថុទូទាត់ផលចំណេញល្អិតល្អន់ពីកម្ចីធនាគារនោះរួចស្រេចទៅហើយ។ ឧទាហរណ៍ អ្នកបើកហាងលក់បាយ ដែលមានភ្ញៀវចូលច្រើនៗរៀងរាល់ថ្ងៃ រហូតធ្វើឲ្យអ្នកផ្តល់សេវាកម្មលែងទាន់ឲ្យភ្ញៀវ នោះជាសញ្ញាបញ្ជាក់ប្រាប់ថា ដល់ពេលហើយដែលអ្នកត្រូវពង្រីកសាខា ឬពង្រីកហាងរបស់អ្នក។ កត្តាបែបនេះ អ្នកគួរតែពិចារណាកម្ចីពីធនាគារហើយ ហើយវាជារឿងដ៏ត្រឹមបំផុតក្នុងការរកស៊ី ព្រោះថាបើអ្នកមិនព្រមពង្រីកខ្លួននៅពេលដែលគួរតែពង្រីកទេ នោះអ្នកនឹងប្រឈមមុខបិទទ្វារអាជីវកម្មនាពេលដ៏ខ្លីណាមួយ។

ការរកស៊ី និងវិនិយោគគឺចៀសមិនផុតពីការហ៊ានប្រថុយ ហ៊ានចាប់ផ្តើមឡើយ ប៉ុន្តែត្រូវហ៊ានឲ្យសមហេតុផល និងច្បាស់លាស់ចំពោះខ្លួនឯងថាវាពិតជាឱកាស ឬក៏ជាហានិភ័យ។

 

ដកស្រង់ចេញពីសៀវភៅ “ត្រៀមចេញរកស៊ីឲ្យចំគោលដៅ” មានលក់នៅលើទីផ្សារហើយ

ខេត្តបាត់បង មាននៅបណ្ណាគារ ឥន្ទ្រទេវី

ខេត្តកំពង់សោម មាននៅបណ្ណាគារលី ហេង

ខេត្តតាកែវ មាននៅបណ្ណាគារ បញ្ញា ស័ក្តិសិទ្ធ

សៀមរាប អាចទាក់ទងលេខ 095 57 7171

អ្នកនៅភ្នំពេញអាចរកបាននៅតាមបណ្ណាគារមួយចំនួនដូចជា បណ្ណាគារបាក់ទូក ប្រជាប្រិយ អង្គរធំ សន្តិភាព និងABC ជាដើម។ ឫទាក់ទងតាមលេខ 016 300 843/ 017 300 844 ដឹកជូនដោយមិនគិតថ្លៃ។

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here