រៀនត្រឹមថ្នាក់ទី១០ ធ្វើការមិនបានប៉ុន្មានត្រូវគេបញ្ឈប់ ទើបមករកស៊ីខ្លួនឯងចំណូលខ្ទង់ម៉ឺន$

0
15688

ត្បិតថាសព្វថ្ងៃនេះ យុវជនដែលហ៊ានចេញរកស៊ីដោយខ្លួននៅកម្ពុជាមានច្រើនក៏ពិតមែន ក៏ប៉ុន្តែភាគច្រើននៃយុវជនទាំងនោះ សុទ្ធសឹងតែបានបញ្ចប់ការសិក្សានៅថ្នាក់ឧត្តមសិក្សាហើយ ទើបសម្រេចចិត្តចេញរកស៊ី ពោលគឺមិនសូវមានយុវជនណារៀនត្រឹមថ្នាក់ទី១០ អាចចេញរកស៊ីរហូតរកចំណូលខ្ទង់ម៉ឺនដុល្លារនោះទេ។

យុវជន រ៉ុន ប៊ីនណា ម្ចាស់ហាងផ្កា “PKAA EMBASSY” ដែលកំពុងពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នករៀបចំកម្មវិធីជាច្រើន ជាពិសេសយុវវ័យសម័យថ្មី បានបញ្ចប់ការសិក្សាត្រឹមតែថ្នាក់ទី ១០ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អាម្មរណ៍ចំពោះយុវជនម្នាក់នេះ គឺគាត់បានប្រលូកក្នុងវិស័យការងារជាច្រើនកន្លែង និងធ្លាប់ត្រូវបានគេបញ្ឈប់ពីកន្លែងការងារ ទម្រាំរូបគាត់អាចរកចំណូលខ្ទង់ម៉ឺនដុល្លារដូចសព្វថ្ងៃ។

រំលឹកកាលនៅកុមារភាព យុវជនមានស្រុកកំណើតនៅភ្នំពេញរូបនេះ បានឱ្យដឹងថា ខ្លួនធ្លាប់ទៅទិញរបស់ក្មេងលេងដែលមានភ្លើងភ្លីបភ្លេបនៅផ្សារអូឬស្សី យកមកលក់បន្តនៅថ្ងៃបុណ្យអ៊ុំទូក ចំនួនពីរឆ្នាំជាប់គ្នា ព្រោះ​​​មើលឃើញថា នៅថ្ងៃបុណ្យបែបនេះប្រាកដជាសំបូរមនុស្សម្នាមកដើរកម្សាន្ត ជាពិសេសក្មេងៗជាដើម។ យុវជនម្នាក់នេះ បានបន្តទៀតថា កាលខ្លួនមានវ័យ១៧ឆ្នាំ រូបគេបានចូលបម្រើការងារនៅក្នុងសណ្ឋាគារមួយកន្លែងជាអ្នកផ្តល់សេវាកម្ម ហើយបានធ្វើការនៅទីនោះមួយរយៈពេលខ្លីក៏ត្រូវបានគេបញ្ឈប់ ព្រោះដោយសារខ្លួនមិនទាន់គ្រប់អាយុ។

បន្ទាប់ពីត្រូវបានគេបញ្ឈប់ពីកន្លែងការងារ យុវជន ប៊ីនណា បានចូលធ្វើការនៅក្នុងហាងកាហ្វេមួយកន្លែងនៅភ្នំពេញ និងបានជួលទីតាំងគេមួយកន្លែងបើកលក់សម្លៀកបំពាក់ ដោយបានចូលហ៊ុនគ្នាជាមួយមិត្តភក្ត។ ដោយសារខ្លួនជាប់ធ្វើការនៅឡើយ គាត់និងដៃគូររកស៊ីរបស់គាត់បានផ្លាស់ប្តូរគ្នាលក់ ដោយម្នាក់លក់នៅពេលព្រឹក និងម្នាក់ទៀតលក់ពេលល្ងាច។ យុវជន ប៊ីនណា បានប្រាប់ថា ការប្រកបរបរលក់សម្លៀកបំពាក់នេះ មិនកាកកបនោះទេ ជាពិសេសទីតាំងជួលចេះតែឡើងថ្លៃរហូត ទើបបើកបានមួយរយៈក៏ផ្ទេរទៅឱ្យគេវិញ។ ចំណែកឯ កន្លែងធ្វើការជាបុគ្គលិកក្នុងហាងកាហ្វេរូបគេ បានបម្រើការនៅទីនោះបានជាង២ឆ្នាំ ហើយក៏បានលាឈប់ ព្រោះចង់រកអ្វីធ្វើថ្មីៗផ្សេងទៀត។

ក្រោយពីលាឈប់ពីបុគ្គលិកក្នុងហាងកាហ្វេ យុវជនវ័យ២៥ឆ្នាំរូបនេះ បានចូលបម្រើការងារនៅក្នុងហាងលក់ផ្កាមួយកន្លែងអស់រយៈពេលប្រមាណ ៨ខែទៀត មុននិងចាប់ផ្តើមបើកហាងលក់ផ្កាជាមួយដៃគូរម្នាក់ ដែលខ្លួនធ្លាប់បានស្គាល់ជាច្រើនឆ្នាំ។ ការចាប់ផ្តើមដំណើរការដំបូង ម្ចាស់ហាង “PKAA EMBASSY” ម្នាក់នេះ បាននិយាយទាំងអស់សំណើចថា ខ្លួនត្រូវដាច់យប់ស្ទើរតែរៀលរាល់ថ្ងៃជាមួយដៃគូរ ហើយចំណូលដែលរកបានវិញគឺខាតរហូតមិនដែលចំណេញពេលបើកដំបូងនោះ ប៉ុន្តែមិនច្រើនប៉ុន្មានទេ។

ម្ចាស់ហាងផ្កា “PKAA EMBASSY” រូបនេះ បានសង្កត់ធ្ងន់ផងដែរថា ប្រសិនជាអ្នកចង់ចេញរកស៊ី ហើយរកស៊ីទៅលើមុខរបរដែលគេមានច្រើនរួចហើយ អ្នកត្រូវតែធ្វើឱ្យប្លែកពីគេ និងល្អជាងគេ ទើបអាជីវកម្មរបស់អ្នកអាចឈរជើងបាន ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here