Elon Musk: សួរតែមួយសំនួរនេះ អាចបញ្ជាក់ថាអ្នកមកសម្ភាសការងារនិយាយកុហកឬអត់

0
958

នៅពេលសម្ភាសរើសបុគ្គលិកធ្វើការងារ​ រឿងមួយចាំបាច់បំផុត ដែលអ្នកសម្ភាស ឬក្រុមហ៊ុនចង់បាននោះគឺភាពស្មោះត្រង់របស់បេក្ខជន។ តែវាក៏មិនមានភាពងាយស្រួលដែរ ហើយក៏មិនប្រាកដថា អ្នកដែលមកសម្ភាស សុទ្ធតែនិយាយត្រង់មួយរយភាគរយដែរ។ យោងតាមលោក Ron Friedman ដែលជាអ្នកចិត្តវិទូសង្គម និងជាអ្នកនិពន្ធសៀវភៅ “The Best Place to Work” បានលើកឡើងថា ៨១%នៃអ្នកមកសម្ភាសការងារគឺ បាននិយាយកុហកក្នុងកំឡុងពេលសម្ភាស។

នោះជាមូលហេតុដែល CEO របស់ក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk តែងចោទសំណួរសាមញ្ញមួយដើម្បីចាប់កំហុស ថាពួកគេនិយាយកុហកឬអត់ ទៅដល់អ្នកដែលមកសម្ភាសការងារទាំងអស់ថា៖ « តើអ្វីដែលជាបញ្ហាលំបាកបំផុតដែលអ្នកប្រឈមមុខ ហើយតើអ្នកដោះស្រាយវាដោយរបៀបណា »?​

លោក Musk បានពន្យល់ថា “មនុស្សដែលធ្លាប់ជួ​ប និងធ្លាប់បានដោះស្រាយបញ្ហា នោះពួកគេដឹងច្បាស់ពីរបៀបដែលពួកគេដោះស្រាយវា” ។ បេក្ខជនទាំងនេះ អាចនិយាយបានល្អិនល្អន់ពីការតស៊ូដែលពួកគេប្រឈម និងយុទ្ធសាស្រ្តដែលពួកគេប្រើ។ នៅពេលដែលពួកគេមិននិយាយកុហក​ គឺពួកគេនិយាយក្នុងទឹកមុខស្មើរ កែវភ្នែកមិនក្រឡាប់ចុះឡើង ហើយពួកគេនឹងឆ្លើយសំណួរមួយនេះ ប្រកបដោយជំនឿចិត្ត ហើយក៏ជាការបង្ហាញពីបទពិសោធន៍ ដែលពួកគេធ្លាប់ឆ្លងកាត់។ នៅពេលដែលអ្នកសម្ភាស សួរអំពីដំណោះស្រាយបញ្ហានោះ បេក្ខជនដែល្អ គេនឹងមានការបស្រាយប្រកបដោយគំនិតច្នៃប្រឌិត មិនមែនឆ្លើយថា គេអាចដោះសា្រយបានគ្រប់បញ្ហានោះទេ។

មហាសេដ្ឋីរូបនេះបន្តទៀតថា ផ្ទុយទៅវិញអ្នកដែល “ធ្វើពុត” ថាពួកគេជាអ្នកដោះស្រាយបញ្ហាអាច ឈានដល់កម្រិតមួយហើយបន្ទាប់មកពួកគេនឹងជាប់គាំង ។ នៅពេលដែលបេក្ខជនណាម្នាក់កំពុងតែនិយាយអ្វីដែលមិនមែនជាការពិត ពួកគេប្រហែលជាមិនអាចឆ្លើយបានយូរនោះទេ ពេលឆ្លើយប្រាកដជា និយាយរដាក់រដុប រកនឹកនិយាយតែរឿងល្អៗ និងស្តាប់ទៅហាក់ដូចជាអស្ចារ្យ តែការពិត ពួកគេអាចនឹងមិនដែលបានជួបបញ្ហាទាំងអស់នោះទេ។

មួយវិញទៀត នៅពេដែលអ្នកសម្ភាសសួរថា អ្នកមានបទពិសោធន៍គ្រប់គ្រងមនុស្សដែរឬទេ នោះបេក្ខជនដែលមិននិយាយកុហក ពួកគេអាចនិយាយថា ទោះបីជាមិនដែលមានបទពិសោធ តែគេមានឆន្ទៈក្នុងការរៀនសូត្រពីថ្នាក់លើ នឹងអ្នកដែលមានបទពិសោធច្រើនជាងពួកគេ។

ដូច្នេះហើយ ក្នុងការជ្រើសរើសបុគ្គលិក ឬអ្នកដែលមកសម្ភាសការងារ ភាពស្មោះត្រង់វាពិតជារឿងមួយសំខាន់បំផុត​ ព្រោះគ្រាន់តែមកសម្ភាសថ្ងៃដំបូង ពួកគេមិនមានភាពស្មោះត្រង់ផងនោះ បានន័យថា ពួកគេមកទីនេះដើម្បីចង់បានការងារធ្វើចង់បានតែប្រាក់ខែប៉ុណ្ណោះ មិនមែនមកដើម្បីអភិវឌ្ឍខ្លួន ឬចង់ឲ្យក្រុមហ៊ុនរីកចម្រើននោះឡើយ៕

អត្ថបទដោយ៖ វ៉ាត វឌ្ឍនា, Leadership Writer

LEAVE A REPLY

Please enter your comment!
Please enter your name here