ស្ថាបនិក Mazda ៖ ពីកូនអ្នកនេសាទ មិនដែលចូលសាលា ក្លាយជាម្ចាស់ក្រុមហ៊ុនលំដាប់ពិភពលោក

0
3440

Mazda Motor ជាក្រុមហ៊ុនរថយន្តជប៉ុនមួយដែលមានឈ្មោះបោះសម្លេងក្នុងចំណោមក្រុមហ៊ុនដទៃ និងត្រូវបានធ្វើចរាចរណ៍ទីផ្សាររថយន្តនៅប្រទេសកម្ពុជាផងដែរ ប៉ុន្តែស្ថាបនិកក្រុមហ៊ុននេះកើតចេញពីគ្រួសារក្រីក្រប៉ុណ្ណោះ តែគាត់តស៊ូរហូតក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ធំដូចសព្វថ្ងៃនេះ ។

លោក Jujiro Matsuda ស្ថាបនិកក្រុមហ៊ុន Mazda កើតនៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៨៧៥ ហើយក៏ទទួលមរណភាពវិញនៅថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ១៩៥២ ដែល ដែលកើតចេញពីគ្រួសារអ្នកនេសាទ ហើយ គាត់មិនចូលចិត្តរៀននៅសាលាទេ រួមទាំងគ្រួសារក្រទៀតផង ជាហេតុធ្វើឲ្យគាត់មិនបានចូលរៀននៅសាលាណាមួយឡើយ ។

កាលនៅក្មេងបំណងប្រាថ្នាគាត់មិនខ្ពស់ប៉ុន្មានទេ គាត់គ្រាន់តែចង់ធ្វើជាជាងដុំដែកប៉ុណ្ណោះ ដូចច្នោះគាត់បានទៅសុំគេធ្វើការនៅរោងស្លដែកមួយកន្លែង ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ។

នៅអាយុ ១៤ ឆ្នាំជាពេលដែលគាត់កំពុងធ្វើការ គាត់បានបង្កើត ស្នប់សប់ខ្យល់ ហើយបានដាក់ឈ្មោះថា Matsuda type pump ។

លោក Matsuda ជាមនុស្សដែលខិតខំធ្វើការបំផុត ដូច្នោះរាល់ប្រតិបត្តិការក្នុងរោងជាងទាំងអស់គាត់ជាអ្នកមើលការខុសត្រូវ ។

តែជាអកុសល គាត់ត្រូវគេបង្ខំឲ្យចេញពីរោងចក្រស្លដែក ទើបគាត់សម្រេចចិត្តបើកក្រុមហ៊ុនថ្មីមួយឈ្មោះ Matsuda Works ។ ដោយសារក្រុមហ៊ុនកាន់តែល្បី គាត់ទទួលបានឱកាសមាស ក្លាយជាដៃគូផ្គត់ផ្គង់ផលិតផលរ៉ូស្ស៊ី និងក្លាយជាអ្នកផលិតកាំភ្លើងឲ្យទាហានជប៉ុន ។

ឆ្លងកាត់ការតស៊ូពីបាទដៃទទេ រហូតមានការងារ ពីមានការងារត្រូវគេដេញចេញពីក្រុមហ៊ុន រហូតដល់បើកក្រុមហ៊ុនខ្លួនឯង វាជាបទពិសោធន៍ធ្វើឲ្យលោក Matsuda ក្លាយជាអ្នកមាន និងបើកបានក្រុមហ៊ុនកាន់តែធំថែមទៀត ។

ពេលគាត់បានត្រឡប់ទៅទីក្រុង Hiroshima ដែលជាទឹកដីកំណើតវិញ គាត់បានបើកក្រុមហ៊ុនមួយទៀតឈ្មោះ Toyo Cork Kogyo Co., Ltd ដែលសព្វថ្ងៃមានឈ្មោះថា Mazda Motor នេះតែម្តង ។ លោក​ Matsuda មិនដែលគិតរឿងលក់ផលិតផលឲ្យបានច្រើនទេ តែអ្វីដែលធ្វើឲ្យក្រុមហ៊ុនគាត់ជោគជ័យដោយសារស្ថាបនិករូបនេះយកចិត្តទុកដាក់លើ គុណភាព និងការបង្កើតឧបករណ៍ថ្មី ។

ហើយក្នុងនោះគាត់បានបង្កើតម៉ូតូកង់បីលើកដំបូងនៅឆ្នាំ ១៩៣១ ឈ្មោះថា Mazdago និងបានអភិវឌ្ឍន៍ទៅជារថយន្តបន្តិចម្តងៗ តែនៅក្នុងកំឡុងសង្គ្រាមលោកលើកទីពីរក្រុមហ៊ុនលោក ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ។ តែលោក Matsuda មិនមែនជាមនុស្សបោះបង់ទៀតនោះ គាត់បានស្តារក្រុមហ៊ុនឡើងវិញ រហូតដល់រីកចម្រើនដូចសព្វថ្ងៃនេះ ។

គួរបញ្ជាក់ដែរថា មកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុនផលិតរថយន្ដ Mazda មានអាយុកាលជាង ៩៨ ឆ្នាំហើយ ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសជប៉ុនក្នុងទីក្រុង ហ៊ីរ៉ូស៊ីម៉ា ។

ឆ្លងកាត់ប្រវត្តិខ្លីៗរបស់លោក Matsuda សរបញ្ជាក់ឲ្យឃើញថា ដរាបណាអ្នកមិនបោះបង់ ឱកាសនៅតែមាន ទោះជាអ្នកមិនមានចំណេះដឹងខ្ពង់ខ្ពស់ដូចគេ តែអ្នកមានការតស៊ូ ដូចច្នោះគ្រប់វិថីដែលអ្នកតស៊ូដើរ សុទ្ធតែជាផ្លូវជោគជ័យ ៕

អត្ថបទដោយ ៖ ឆាំ មករា

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here