យុទ្ធសាស្រ្តងើបពីជាងកាត់សក់រកអង្ករច្រកឆ្នាំងសឹងមិនបាន ក្លាយជាថៅកែជួលឡានល្បីល្បាញនៅឥណ្ឌា

0
4106

ធ្លាប់ជាជាងកាត់សក់ដែលមានជីវភាពខ្វះខាតពិបាកសូម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បុរសជនជាតិឥណ្ឌា​ម្នាក់​បែក​គំនិត​ខ្ចី​លុយពីគេមកទិញឡានកញ្ចាស់មួយគ្រឿងយកទៅជួលឲ្យគេរត់ដើម្បីបង្កើនចំណូល នេះហើយជា​យុទ្ធ​សាស្រ្ត​​ងើបចេញពីភាពក្រីក្ររបស់Ramesh បុរសក្លាហានហានខ្ចីលុយគេទិញឡាន​យកជួលរហូតសាងភាពមានបាន ទៅកាត់សក់ឲ្យគេជិះសុទ្ធតែឡាន Rolls Royce។

និយាយពីជីវិតទើបតែបន្តអាជីពពីឪពុកដំបូងៗ ស្នងអាជីពកាត់សក់ដែលជារបរស៊ីមិនចេះអស់ក៏ដោយ  ទោះបីគាត់ប្រឹងណាស់​ដែរតែជៀសមិនផុតពីការខ្វះខាតដែរ ព្រោះអាជីពនេះមានគេធ្វើច្រើន​ហើយ​នៅតំបន់ដែលគាត់រស់នៅ។ គាត់គិតហើយគិតទៀត ដើម្បីរកច្រកចេញពីជីវភាពទីទាល់នេះ ព្រោះ​មើល​​មិ​នឃើញ​សោះ​ឡើយ​ចំណូលពីរបរកាត់សក់​ដែលមិនអាចផ្តល់ប្រាក់សូម្បីទុកសន្សំ ក្រោយពី​ទូទាត់​ការ​ចំណាយប្រចាំខែ។

ចាប់ផ្តើមពីប្រាក់កម្ចីពីល្មមទិញបានឡានសេរ៊ីចាស់មួយជួលឲ្យគេដឹកអ្នកដំណើរ បានធ្វើឲ្យគាត់​មាន​ចំណូលរាល់ខែមួយផ្នែកដែរ ប៉ុន្តែគាត់ក៏ត្រូវរ៉ាប់រងរកប្រាក់ទ្វេរដង​ដើម្បីសងត្រឡប់​ទៅម្ចាស់​បំណុលវិញ ដែលការនេះរុញច្រានឲ្យគាត់កាត់សក់ទល់ទាបភ្លឺថ្ងៃខ្លះរហូតដល់ម៉ោង១អាធ្រាតផងក៏មាន ហើយស្អែក​ព្រឹកងើបពីព្រលឹមមកកាត់សក់បន្ត។

ដោយសារតែប្រភពចំណូលមានច្រើនជាងមុនបំណុលក៏សងអស់ គាត់បានបន្ថែមជួល​ឲ្យគេមួយគ្រឿង​ទៀត​នៅ​ឆ្នាំ​បន្ទាប់ដោយខ្ចីលុយគេដដែល ហើយក្រោយៗមកឡាន​គាត់កាន់តែច្រើនឡើងៗ​រហូតជួយ​ឲ្យគាត់​ក្លាយជាសេដ្ឋី និងមានក្រុមហ៊ុន២ក្នុងដៃ ហើយបច្ចុប្បន្នគាត់ក៏នៅតែកាត់សក់ដដែល​តែគាត់ចេញ​កាត់តែចុងសប្តាហ៍ប៉ុណ្ណោះ ពេលដែលបុគ្គលិកគាត់ភាគច្រើនសម្រាក។

បច្ចុប្បន្នសេដ្ឋីឡានឥណ្ឌារូបនេះមានឡានជួលជាង២០០គ្រឿងសម្រាប់ដាក់ជួល ក្នុងនោះមានឡាន​ប្រណិត៧៥គ្រឿងជាម៉ាកល្បីៗរួមមាន Rolls Royce Mercedes និង BMWជាដើម និងក្រុមហ៊ុនដឹក​អ្នកដំណើរមួយមានទីស្នាក់ការ២កន្លែងឯណោះ។

Ramesh Babu “ឲ្យតែអ្នកហ៊ានដាក់សម្ពាធខ្លួនឯងឲ្យធ្ងន់ជាងមុន នោះអ្នកនឹងព្យាយាមខ្លាំងជាងមុន ហើយជីវភាពអ្នកក៏លែងលំបាកដូចមុនទៀតដែរ”៕

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here