មើលមហាសេដ្ឋីទាំងនេះជាគម្រូ អ្នកនឹងដឹងថា បើរៀន IT ឲ្យបានច្រើន អ្នកនឹងក្លាយជាមេដឹកនាំពូកែ

0
2634

មើលទៅមហាសេដ្ឋីបច្ចេកវិទ្យាដូចជា Mark Zuckerberg មេ Facebook, Bill Gates មេ Mircrosoft, Drew Houston ស្ថាបនិក Dropbox, Elon Musk មេ Space X, Larry Page និង Sergin Brin ស្ថាបនិក Google និងមហាសេដ្ឋីផ្សេងទៀត សុទ្ធតែជាអតីតអ្នកសរសេរកូដ ទោះបីជាចេះតិចឬច្រើនក្តី ។

បើតាមកាសែត INC ចុះផ្សាយថា បើអ្នករៀនកូដឬ IT ឲ្យបានច្រើនអ្នកនឹងមានឱកាសក្លាយជាមេដឹកនាំឈានមុខគេ ពូកែមានគំនិតច្នៃប្រឌិត ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះមកវិញ ចំពេលការងារជាច្រើនកំពុងដំណើរការដោយម៉ាស៊ីនស្វ័យប្រវត្តិផងនោះ ។

១-មានអំណាចក្នុងការគ្រប់គ្រង

សាកគិតមើលថាបើអ្នកហៅជាងមកសាងសង់ផ្ទះ ប៉ុន្តែអ្នកមិនដែលទាំងធ្លាប់សាកសង់ផ្ទះខ្លួនឯងឬដឹងរបៀបរបបសង់ផ្ទះផង តើធ្វើម៉េចទើបនិយាយជាមួយជាងបានស្រួល ធ្វើម៉េចទើបតថ្លៃឈ្នួលដែលសមរមជាមួយគេកើត? ក្នុងការងារក៏ដូចគ្នា សូម្បីតែផ្នែកទីផ្សារ គណនេយ្យ ឬហិរញ្ញវត្ថុ ឥឡូវនេះសុទ្ធតែគ្រប់គ្រងដោយប្រព័ន្ធព័ត៌មានវិទ្យា (IT) ហើយបើអ្នកជាមេដឹកនាំមិនដែលដឹងរឿង IT បន្តិចផង ធ្វើម៉េចនិយាយការងារជាមួយកូនចៅបានស៊ីជម្រៅ? ទោះបីជាអ្នកមិនរៀនឬដឹងរឿង IT ច្រើន តែអ្នកគួរចំណាយពេលស្វែងយល់ពីវាត្រួសៗក៏បានដែរ ។

២-ចំណេញលុយចំណេញពេល

បើអ្នកអាចសរសេរកូដដោយខ្លួនឯង បង្កើត Program  ឬប្រព័ន្ធគ្រប់គ្រងក្នុងគម្រោងតូចមួយដើម្បីបម្រើការងារប្រចាំថ្ងៃដោយខ្លួនឯង អ្នកនឹងចំណេពេលវេលានិងលុយជាច្រើន ។ ជាពិសេសអ្នកចាប់ផ្តើមអាជីវកម្មសម័យនេះ បើអ្នកចេះបង្កើតប្រព័ន្ធគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង អ្នកក៏មិនបាច់ចាយលុយទិញកម្មវិធីពីគេដែរ ឬមួយអ្នកអាចរកដៃគូដែលចេះ IT មកចាប់ផ្តើមអាជីវកម្មជាមួយគ្នាក៏បាន ។

៣-ស្វែងយល់ពីទីផ្សារបច្ចេកវិទ្យា

សម័យបច្ចេកវិទ្យាឬឧស្សាហកម្ម 4.0 អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងបច្ចេកវិទ្យាសុទ្ធតែជារបស់ដែលមានតម្លៃលើទីផ្សារ ។ ដូចច្នោះរៀន IT ឲ្យបានច្រើន នឹងជួយឲ្យអ្នកស្វែងយល់ពីទីផ្សារបានច្រើន ព្រោះខួរក្បាលដ៏ឆ្លាតវៃរបស់ AI ដែលលក់លើទីផ្សារសព្វថ្ងៃសុទ្ធតែចេញពីកូដ ដូចនេះបើអ្នកដឹងរឿង IT ច្រើនអ្នកនឹងដឹងពីអាថិ៍កំបាំង និងដំណើរការពីក្រោយបច្ចេកវិទ្យាទាំងនេះ ។

៤-ចង់មិនចង់អ្នកនឹងដឹងរឿងថ្មីៗ

ខួរក្បាលប្រៀបដូចសាច់ដុំដែរ កាន់តែប្រើកាន់តែរីកចម្រើន កាន់តែមានអ្វីថ្មី ស្រដៀងគ្នានឹងការសិក្សាពីកូដដែរ កាលណាតែរៀនកូដច្រើនខួរក្បាលអ្នកនឹងគិតពីរឿងតក្កវិទ្យាច្រើន ហើយរៀនពីកូដយូរៗទៅអ្នកនឹងបែកគំនិតចង់ដឹងបច្ចេកវិទ្យាថ្មីៗដែលកូដអាចធ្វើបាន ដូចច្នោះអ្នកនឹងមានគំនិតថ្មីជាច្រើន ។

៥-រកឃើញពីទេព្យកោសល្យឬចំណង់ចំណូលចិត្តថ្មី

ពីមុនមកចេះតែគិតថាខ្លួនឯងដូចជាគ្មាននិស្ស័យជាមួយ IT ទេ តែចៃដន្យបន្ទាប់ពីរៀនកូដរួចអ្នកស្រាប់តែមានទឹកចិត្តចង់បង្កើតអ្វីដែលថ្មីដើម្បីដោះស្រាយបញ្ហា នោះអ្នកប្រហែលជារកឃើញថាខ្លួនឯងក៏មានចំណង់ចំណូលចិត្តថ្មីក៏ថាបាន ព្រោះគ្រប់យ៉ាងដែលបង្កើតពីកូដមិនទាមទារឲ្យអ្នកចាយលុយច្រើនទេ អ្នកអាចចាប់ផ្តើមអ្វីដែលថ្មីពីចំណុចសូន្យបាន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here