បើគិតថាការងាររាល់ថ្ងៃចាយមិនគ្រប់ មុខរបរ ៣ នេះអាចរកចំណូលឲ្យអ្នកបន្ថែម ទោះបីធ្វើការពេញម៉ោងក៏ដោយ

0
2231

ដោយសារស្ថានភាពក្នុងការរស់នៅត្រូវការចាយវាយច្រើន ជាពិសេសអ្នកមានគ្រួសារ បើអ្នកមិនចេះច្នៃពេលវេលាឲ្យទៅជាលុយទេ ប្រហែលជាប្រាក់ខែល្មមៗមិនអាចទប់ទល់ជាមួយចំណាយបានទេ ចំណែកអ្នកដែលមានតួនាទីតូចៗនៅក្នុងស្ថាប័ន អ្នកប្រហែលមានពេលធ្វើរកស៊ីក្រៅខ្លះដើម្បីផ្គត់ផ្គងជីវភាព ដូចច្នោះមុខរបរបីនេះប្រហែលអាចជួយអ្នកបាន ។

១-រត់ម៉ូតូ ឬកង់បីឲ្យ Grab ឬ PassApp

បើអ្នកគិតថា អ្នកមិនសូវខ្វាយខ្វល់ពីមុខមាត់ក្នុងតួនាទីនៅក្រុមហ៊ុនទេ អ្នកគួរតែចាប់មុខរបរនេះ លក្ខណៈពិសេសគឺ អ្នកចង់ធ្វើពេលណាក៏បាន ចាំចេញពីធ្វើការចាំឆ្លៀតពេលរត់ម៉ូតូ ឬកង់បីបន្ថែម ខណៈដែលនិន្នាការជិះកង់បីឬម៉ូតូឌុបតាម App កំពុងផ្ទុះខ្លាំងនៅកម្ពុជាយើង ។ បើតាមអ្នករត់កង់បីតាម App ឲ្យដឹងថា សេវាកម្ម App ហៅកង់បីដូចជា Grab ឬ PassApp ជាធម្មតា គេកាត់លុយថ្លៃសេវាកម្មពីអ្នកពី ១០ ទៅ ១៥% ប៉ុន្តែអ្នកអង្គុយចាំតែដឹកភ្ញៀវទៅបានហើយ ពេលណាដែលមិនចង់ធ្វើក៏បិទអ៊ីនធឺណេតចោលជាការស្រេច ។ មានអ្នកខ្លះមិនត្រឹមតែឆ្លៀតពេលទេ តែគាត់ចាប់មុខរបរនេះយូរៗទៅក៏រត់ចោលការងារមកធ្វើវាពេញម៉ោងតែម្តង ខណៈដែលអ្នករត់កង់បីមួយចំនួនលើកឡើងថា គាត់អាចរកចំណូលមធ្យមមួយថ្ងៃ ២០ ដុល្លារដែរ ។

២-លក់យកកម្រៃជើងសារ

មួយរយៈក្រោយនេះមានក្រុមហ៊ុនផលិតផលមួយចំនួន បានប្រកាសរកតំណាងចែកចាយដោយគ្រាន់តែបង់ថ្លៃ ១០ ដុល្លារ អ្នកក៏អាចលក់ផលិតតាមអនឡាញបានដែរ ដោយមិនបាច់ទិញផលិតផលមកស្តុកទុកទេ ពេលណាអ្នកទំនេរ អ្នកអាចរកផលិតផលបាន ចាំទៅយកផលិតផលពីក្រុមហ៊ុនមកឲ្យអតិថិជនក៏បាន ហើយអត្រាចំណេញក៏គួរសមដែរ ។ កាលពីឆ្នាំមុននេះ មុខរបរដែលពេញនិយមនោះគឺលក់អចលនទ្រព្យ យកកម្រៃជើងសារ ប៉ុន្តែបើគិតមកដល់ឥឡូវនេះវាដូចជាហួសពេលបន្តិចហើយ ប៉ុន្តែអ្នកនៅតែអាចធ្វើវាបានឲ្យតែអ្នកតស៊ូ ហើយមុខរបរលក់យកកម្រៃជើងសារនេះភាគច្រើន គេធ្វើជោគជ័យដោយសារគេមានបណ្តាញទំនាក់ទំនងច្រើន ឬនិយាយថាស្គាល់គេច្រើនក៏ថាបាន ដូចច្នោះអ្នកចាប់មុខរបរនេះក៏លក់ផលិតផលឲ្យអ្នកស្គាល់តែម្តង ។

៣-លក់ចំណីអាហារវេចខ្ចប់

មុខរបរនេះមិនជាថ្មីពេក ហើយក៏មិនចាស់ពេកដែរ ឲ្យតែអ្នកមានអ្វីដែលថ្មី ជាពិសេសពិសេសចំណីរដែលអាចទុកបានលើសពីមួយសប្តាហ៍ ហើយមុខរបរនេះពេញនិយមបំផុតសម្រាប់នារីៗ សូម្បីតែតារាល្បីក៏នៅឆ្លៀតពេល លក់ចំណីអាហារតាមអនឡាញដែរ ចុះបើអ្នកចូលចិត្តធ្វើម្ហូបដែរ ហេតុអ្វីមិនចំណាយពេលទំនេររៀបចំវាទុក បើគិតពីចំណូលក៏មិនអន់ប៉ុន្មានដែរ បានជាអ្នកខ្លះសុខចិត្តចំណាយពេលលើវា ១០០% តែម្តង ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here