ឃាង ពុទ្ធី៖ ខ្ញុំចង់ឃើញកម្ពុជារីកចម្រើនដូចប្រទេសជិតខាង ទើបចេញរកស៊ីវិស័យអចលនទ្រព្យ

0
5036

លោកឃាង ពុទ្ធី សហគ្រិនវ័យក្មេងកម្ពុជា បានសម្រេចចិត្តចេញរកស៊ីវិស័យអចលនទ្រព្យ ដោយសារតែចង់ឃើញកម្ពុជាមានការរីកចម្រើនដូចប្រទេសក្បែរខាងយើង តាមរយៈការរីកលូតលាស់សំណង់អគារ ពាណិជ្ជកម្មទំនើបៗ។ ការចេញរកស៊ីជោគជ័យលើវិស័យណាមួយនោះ ពិតជាបានធ្វើឱ្យសហគ្រិនខ្លួនឯង សង្គមជាតិ មានការរីកច្រើនទៅតាមនោះដែល មិនមែនចេញរកស៊ីដោយសារតែលុយនោះទេ។

លោកឃាង ពុទ្ធី CEO ក្រុមហ៊ុនអចលនទ្រព្យ SLEUKRITH បានថ្លែងប្រាប់ Business Cambodia ថា មូលហេតុសំខាន់ដែលលោកសម្រេចចិត្តចេញរកស៊ីវិស័យអចលនទ្រព្យ ព្រោះតែចង់ឃើញប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងដូចប្រទេសជិតខាងយើង។ តាមរយៈការធ្វើទេសចរណ៍នៅបណ្តាប្រទេសជិតខាង សង្កេតឃើញមានការរីកចម្រើនខ្លាំង លើវិស័យសំណង់អគារខ្ពស់ៗ ហើយក៏មានក្តីស្រមៃចង់ឃើញកម្ពុជារីកចម្រើនដូចគេដែល។ ដូច្នេះការចូលរួអភិវឌ្ឍន៍សំណង់អគារ តាមរយៈការចេញរកស៊ីវិស័យអចលនទ្រព្យពិតជាមានសារៈសំខាន់។

បើចង់រកស៊ីវិស័យអចលនទ្រព្យ បើមានដើមទុនច្រើនយើងអាចចាប់យកផ្នែកអភិវឌ្ឍន៍ បើអត់អាចយកផ្នែកណាមួយនៃវិស័យអចលនទ្រព្យទាក់ទងសេវាកម្មជាដើម អាចទិញលក់ ជួល វាយតម្លៃ គ្រប់គ្រង ប្រឹក្សាយោបល់ជាដើម ក៏អាចចូលរួមចំណែកកសាងសង្គមជាតិយើងឱ្យរីកចម្រើនបានដែរ។

សហគ្រិនរូបនេះបន្តថា មុនចេញរកស៊ីវិស័យអចលនទ្រព្យដោយខ្លួនឯង លោកបានចំណាយពេលធ្វើការងារឱ្យគេជិត១០ឆ្នាំ ក្នុងនាមជាអ្នកជំនាញIT និងបានវិនិយោគលើអចលនទ្រព្យផ្ទាល់ខ្លួនឯងខ្លះ ទិញទុក លក់យកផលចំណេញ។ ពេលចាប់ផ្តើមដំបូងបានសហការជាមួយមិត្តភក្ត ដែលមានក្តីស្រមៃរកស៊ីលើវិស័យអចលនទ្រព្យដូចគ្នា។

ការចេញរកស៊ីដោយខ្លួនឯង មិនមែនជារឿងងាយស្រួលនោះទេ ទាមទារការខិតខំប្រឹងប្រែងខ្លាំងណាស់។ ហើយកត្តាធ្វើការក្រុមហ៊ុនអចលនទ្រព្យជោគជ័យមានច្រើន ចំណុចសំខាន់មិនអាចខ្វះបាន គឺភាពស្មោះត្រង់ និងទំនាក់ទំងល្អជាមួយមហាជនទូទៅក្នុងសង្គមយើង។ នេះបើតាមការបញ្ជាក់របស់លោកឃាង ពុទ្ធី។

លោកបន្ថែមថា ដើម្បីឱ្យប្រទេសកម្ពុជាយើងមានការរីកចម្រើនទៅមុខបាន លុះត្រាតែពលរដ្ឋយើងជាមនុស្សពូកែៗ ជាពិសេសសម្បូរទៅដោយសហគ្រិនពូកែ ចេញរកស៊ីចំគោលដៅ និងទទួលបានជោគជ័យរួមចំណែកអភិវឌ្ឍន៍សង្គមទាំងអស់គ្នា មិនអាចពឹងផ្អែកលើតែបុគ្គលតែម្នាក់បាននោះទេ។ ជាពិសេសយុវជនខ្មែរត្រូវខិតខំរៀនសូត្រ ខំសន្សំ ចេះចែករំលែកគ្នា និងធ្វើប្រឹងប្រែងធ្វើការឱ្យអស់ពីសមត្ថភាពរបស់ខ្លួន មិនអាចខ្ជិលបាននោះទេ។

សម្រាប់យុវជនដែលចង់ចេញរកស៊ីវិស័យអចលនទ្រព្យដំបូងត្រូវរៀនសិន បន្ទាប់មកចូលធ្វើការក្រុមហ៊ុនអចលនទ្រព្យណាមួយ ដើម្បីយកពិសោធន៍យ៉ាងហោចណាស់៣ ឬ៥ឆ្នាំ ទើបអាចចេញរកស៊ីខ្លួនឯងបាន អាស្រ័យលើភាពឆ្លាតវៃ ឬការខិតខំរបស់យុវជនខ្លួនឯងផ្ទាល់។

សម្រាប់យុវជនខ្មែរ ដើម្បីចេញរកស៊ីវិស័យអចលនទ្រព្យជោគជ័យទៅបាន ត្រូវតែរៀន ប្រឡូកការងារឱ្យបានខ្លាំង គួបផ្សំនិងឆន្ទៈ និងក្តីស្រឡាញ់ពិតប្រាកដ ហើយលុយកាក់មិនសូវសំខាន់ក្នុងការរកស៊ីពេកនោះទេ ព្រោះជាប្រភេទក្រុមហ៊ុនសេវាកម្ម។ កម្ពុជាបច្ចុប្បន្ននេះ មានការរីកច្រើនខ្លាំង តែធនធានមនុស្សចេះផ្នែកអចលនទ្រព្យនៅមានតិច ដូច្នេះយុវជនខ្មែរត្រូវតែខិតខំរៀនសូត្រឱ្យបានច្រើន។ ស្ថិតនៅក្នុងវ័យជាយុវជន ជាពេលរៀនសូត្រ ជាពេលអនុវត្តការងារជាក់ស្តែង រៀនហើយធ្វើ ធ្វើហើយរៀនទៀត រហូតក្លាយជាអ្នកជំនាញអចលនទ្រព្យយ៉ាងពិតប្រាកដ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

 

LEAVE A REPLY

Please enter your comment!
Please enter your name here