ចង់ដឹងទេ ហេតុអ្វី Roll Royce លក់ថ្លៃកប់ពពកហើយនៅមានអ្នកទិញជិះទៀត?

0
4299

Rolls-Royce គឺជាយីហោឡានបែបប្រណិតមួយមកពីប្រទេសអង់គ្លេស និងជាឡានដែលពេញនិយមសម្រាប់អ្នកមានៗនៅស្រុកខ្មែរ ដែលចូលចិត្តរបស់ហឺរហារបែប Classic ក្នុងនោះ Rolls-Royce បានបង្កប់មកជាមួយលក្ខណៈពិសេសជាងគេនោះគឺ គ្រប់ផ្នែក និងចំណុចពិសេសរបស់ Rolls Royce ធ្វើឡើងដោយហត្ថកម្ម ផ្ចិតផ្ចង់ និងដុសខាត់ដោយការប្រុងប្រយ័ត្ន ព្រមទាំងប្រើបេះដូងឬទឹកចិត្តផលិតពីមនុស្សរាប់សិបនាក់ ចំណាយពេល ៣ ទៅ ៤ សប្តាហ៍ដើម្បីបង្កើតមួយផ្នែកៗនៃរថយន្ត ។

ក្រៅពីនេះវាជាឡានល្បឿនលឿនមួយផងដែរ វាប្រើម៉ាស៊ីនទំនើបប្រភេទ ១២ ស៊ីឡាំង (V12) ចំណែកឯងស្បែកពូកកៅអីវិញធ្វើមកពីវត្ថុធាតុដើមដែលមានតម្លៃដូចជា ស្បែកគោដែលល្អបំផុតមួយប្រភេទមានឈ្មោះថា ស្កាឌីណាវៀន ។

ជាមួយនឹងលក្ខណៈពិសេសនេះ Rolls-Royce អមមកជាមួយយុទ្ធសាស្ត្រធំៗ ៣ ដើម្បីទាក់ទាញអតិថិជនអ្នកមានឲ្យជះលុយទិញឡានរបស់ខ្លួន នេះបើតាមការស្រាវជ្រាវរបស់ភ្នាក់ងារទីផ្សារបរទេស 8Ways។

១-ផ្តោតលើយីហោដែលយូរអង្វែង

Rolls-Royce គឺជាយីហោឡានចាស់វស្សាមួយរបស់ចក្រភពអង់គ្លេស យីហោមួយនេះមិនផ្តោតទៅលើការលក់រថយន្តឲ្យបានច្រើនទេ ប៉ុន្តែវាផ្តោតទៅលើភាពថ្លៃថ្នូរ ហឺរហារ ហាយក្លាស សម្រាប់អតិថិជនអ្នកមាន ។ តាំងពី Rolls-Royce ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនអាឡឺម៉ង់ BMW យីហោឡាននេះកាន់តែខិតខំរក្សាកេរ្តិ៍ដំណែលរបស់ខ្លួនខ្លាំងជាងមុន គឺរចនាសម្រាប់អតិថិជនលំដាប់កាន់តែខ្ពស់ ដូចច្នោះហើយបានជាតម្លៃវាកាន់តែថ្លៃ ចាប់ពី ៣០០ ០០០ ដុល្លារ រហូតម៉ូឌែលខ្ពស់បំផុតគឺ Rolls Royce Sweptail ដែលមានតម្លៃរហូតដល់ ១៣ លានដុល្លារ ។

២-ផ្តល់អ្វីដែលខុសគេដល់អតិថិជន

ដូចដែលបានលើកឡើងខាងលើថា តួខ្លួនឡាន Rolls-Royce រចនាឡើងដោយដៃសុទ្ធសាធ ដូចនេះអតិថិជនរបស់ Rolls-Royce សុទ្ធតែទទួលបានអារម្មណ៍ថាខ្លួនទទួលបានរបស់ពិសេសខុសពីអ្នកបើកឡានដទៃ ។ សូម្បីតែយុទ្ធសាស្ត្រទីផ្សារក៏ដោយ ក៏យីហោឡាននេះមិនសូវធ្វើតាមគេដែរ ឧទាហរណ៍ថា ក្រុមហ៊ុនឡានផ្សេងនាំគ្នាផ្សាយតាមបណ្តាញសង្គម ប៉ុន្តែ Rolls-Royce បែរជាធ្វើទីផ្សារតាមបែបបុរាណទៅវិញ ដូចជាបង្កើតកម្មវិធីធំ ហើយផ្ញើលិខិតអញ្ចើញអតិថិជនដោយផ្ទាល់ឲ្យមកចូលរួម ដើម្បីឲ្យពួកគេបើកបរឡានសាកល្បងតែម្តង ព្រមទាំងផ្តល់ឱកាសឲ្យអតិថិជនបានជួយជាមួយអ្នករចនាម៉ូឌឡាននីមួយៗផងដែរ ។

៣-លក់អារម្មណ៍

Rolls-Royce មានតិចនិកដ៏អាថិ៍កំបាំងមួយគឺធ្វើឲ្យមនុស្សទូទៅមើលមកឡានរបស់ខ្លួនជាមួយអារម្មណ៍កោតសរសើរ ដូចច្នោះអ្នកទិញឡាន Rolls-Royce យកទៅជិះតែងតែរំពឹងថា នៅពេលពួកគេធ្វើដំណើរជាមួយ Rolls-Royce មនុស្សគ្រប់គ្នាច្បាស់ជាចោលភ្នែកមកមើលឡានរបស់ខ្លួន អមមកជាមួយនឹងបទពិសោធណ៍និងអារម្មណ៍ ថាខ្លួនឯងទទួលបានភាពថ្លៃថ្នូរ ជាមួយរបស់ដែលសម្រិតសម្រាំងដោយហត្ថកម្ម ។ និយាយឲ្យខ្លីទៅត្រង់ចំណុចនេះគេហៅថា ផ្តល់រង្វាន់ផ្នែកអារម្មណ៍ដល់អតិថិជន (Provides Emotional Rewards)វាមិនខុសអីពី Apple លក់អារម្មណ៍ឲ្យអតិថិជនចង់ទិញ iPhone ព្រោះមើលទៅហឺរហារទេ ដែលតិចនិកនេះកម្រនឹងមានអាជីវកម្មទូទៅធ្វើបានណាស់ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here