Richard Branson៖ សហគ្រិនឆ្លាត គេចាត់ទុកបុគ្គលិកជាបុគ្គលត្រូវវិនិយោគ មុននឹងគិតដល់អតិថិជន

0
7409

បើនិយាយពីការដឹកនាំអាជីវកម្ម ឬក្រុមហ៊ុនមួយ អ្នកដឹកនាំភាគច្រើនតែងតែផ្តោតខ្លាំងតែទៅលើការធ្វើយុទ្ធសាស្រ្តទីផ្សារ ដើម្បីចង់បានតែអតិថិជនតែមួយមុខ ព្រោះពួកគេគិតថា កាលណាអាជីវកម្មមួយ មានអតិថិជនច្រើន គឺជាជោគជ័យរបស់អាជីវកម្មនោះ។ តែផ្ទុយទៅវិញ ក្នុងនាមជាអ្នកដឹកនាំគួរយល់ឃើញថា បុគ្គលដែលគួរយកចិត្តទុកដាក់ និងគួរវិនិយោគដំបូងគេនោះ គឺមិនមែនជាអតិថិជន ទេ គឺនយោជិក ឬបុគ្គលិក ដែលយើងអាចហៅ បានថាជា ក្រុមការងារ។

ហេតុអ្វីបានជាចាំបាច់ត្រូវ វិនិយោគលើបុគ្គលិកជាចម្បង មុននឹងគិតដល់ការស្វែងរកអតិជន?

ជាទូទៅអ្នកដឹកនាំក្រុមហ៊ុន ឬអាជីវកម្មមួយចំនួន មិនបានពង្រឹងខ្លាំងទៅលើការទំនាក់ទំនងរវាងក្រុមហ៊ុន និងក្រុមការងារនោះទេ ព្រោះបើតាមការសិក្សាស្រាវជ្រាវទៅលើក្រុមហ៊ុនធំៗជាង ៤០០ក្រុមហ៊ុនបានបង្ហាញឲ្យឃើញថា ភាពទន់ខ្សោយនៃការទំនាក់ទំនងជាមួយបុគ្គលិក ជាបញ្ហាចម្បងធំមួយ ដែលអាចធ្វើក្រុមហ៊ុន ឬអាជីកម្មមិនមានការរីកចម្រើន។

អ្នកដឹកនាំទាំងនោះ មិនបានយកចិត្តទុកដាក់បង្ហាត់បង្រៀនបុគ្គលិក ក៏ដូចជាការលើកទឹកចិត្ត ពន្យល់ណែនាំឲ្យពួកគេបានយល់ច្បាស់ពីគោលដៅរបស់ក្រុមហ៊ុន និងគោលដៅនៃការងារដែលពួកគេកំពុងតែធ្វើ ដើម្បីសម្រេចបានភាពជោគជ័យទាំងអស់គ្នា។ តែពួកគេ គ្រាន់តែប្រាប់តែការងារដែលបុគ្គលិកត្រូវបំពេញឲ្យត្រូវតាមតួនាទី ហើយធ្វើវាដដែលៗរាល់ថ្ងៃ ដែលធ្វើឲ្យទាំងក្រុមហ៊ុន និងបុគ្គលិក មិនទទួលបានការអភិវឌ្ឍខ្លួនអ្វីទាំងអស់ ហើយនេះក៏ជាមូលហេតុធ្វើឲ្យអាជីវកម្មឈរជើងមិនបានយូរផងដែរ។

ក្នុងន័យនេះដែរ ស្ថាបនិក Virgin Group លោក Richard Branson បានលើកឡើងថា ចង់ឲ្យក្រុមហ៊ុនមួយ មានការរីកចម្រើនលឿនត្រូវគិតលើបុគ្គលិក ឬនយោជិកមុន ហើយអតិថិជននឹងមកតាមក្រោយ ព្រោះកាលណាបុគ្គលិកសប្បាយចិត្ត នឹងធ្វើឲ្យអតិថិជនសប្បាយចិត្តដូចគ្នា។

នៅពេលដែលអ្នកដឹកនាំក្រុមហ៊ុន មានទំនាក់ទំនងយ៉ាងល្អជាមួយ បុគ្គលិក ដែលយើងអាចហៅបានថា ក្រុមការងារ វានឹងធ្វើឲ្យពួកគេមានអារម្មណ៍ថា ក្រុមហ៊ុនកំពុងតែយកចិត្តទុកដាក់បង្ហាត់បង្រៀនពួកគេ ចង់ឲ្យពួកគេមានការអភិវឌ្ឍន៍ខ្លួន ហេតុផលទាំងនេះ នឹងធ្វើឲ្យក្រុមការងារមានទំនាក់ទំនងយ៉ាងល្អ ជាមួយអតិថិជន ក្នុងនាមជាអ្នកតំណាងឲ្យក្រុមហ៊ុនទាំងមូល។ ដូចដែរអ្នកដឹងហើយថា បើបុគ្គលិកណាម្នាក់បញ្ចេញសកម្មភាពណាមួយ ធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អតិថិជន នោះអតិថិជនប្រាកដជាវាយតម្លៃមកលើក្រុមហ៊ុនទាំងមូលមិនខាន។

ការស្តាប់ និងទទួលយកមតិយោបល់របស់បុគ្គលិក គឺជាអ្វីដែលក្រុមហ៊ុន Virgin Group កំពុងតែធ្វើ។ នៅពេលដែលសយើងឲ្យតម្លៃទៅលើក្រុមការងារ ផ្តល់សិទ្ធ ឬឱកាសដល់ពួកគេក្នុងការបញ្ចេញនូវសមត្ថភាពដែលពួកគេមាន ព្រោះពេលខ្លះគំនិតយោបល់របស់ពួកគេ អាចនឹងល្អជាងអ្វីដែលយើងគិត។

លោក Richard Branson គិតថាមនុស្សគ្រប់គ្នានៅលើភពផែនដី សុទ្ធតែមានគំនិតក្នុងការបង្កើតលុយពាន់លានដុល្លារ ឱ្យតែយើងចេះផ្តល់ឱកាស និងឲ្យតម្លៃចំពោះការសមត្ថភាពពួកគេ។

ជាមេរៀននៅទីនេះ បុគ្គលិកគឺថាបុគ្គលិករបស់អ្នកមានការយល់ដឹងទូលំទូលាយជាច្រើនដែលអាចប្រើដើម្បីកែលម្អគុណភាពសេវាកម្ម។ ផ្តល់ឱកាសដល់ពួកគេ នោះពួកគេអាចជួយអ្នកបង្កើតនូវផលិតផល ឬសេវាកម្មកាន់តែល្អជាងនេះ៕

អត្ថបទដោយ៖ វ៉ាត វឌ្ឍនា, Leadership Writer

សូមចុចលើរូប កណ្តឹង  រួចចុច Subscribe ដើម្បីទទួលបានដំណឹងមុនគេ

LEAVE A REPLY

Please enter your comment!
Please enter your name here